រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើក ទី២៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីពង្រឹង ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈ

(ខេត្តព្រះសីហនុ)​៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំ កិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោម អធិបតីភាពរួមគ្នាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្ស ផា ណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ី ណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាព ជំនាញជុំវិញខេត្តអភិបាល-អភិបាលរងនៃគណៈ អភិបាលក្រុង-ស្រុក ព្រមទាំងមន្ត្រីរាជការ និងអ្នក ពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម វង្ស ផាណាត ប្រធាន ក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំសាមញ្ញនេះ គឺជាយន្តការការងារដ៏សំខាន់ ក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារ ដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក។ គោលបំណងធំគឺដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងរួមគ្នា ដោះស្រាយបញ្ហាប្រឈមនានា សំដៅជំរុញការអភិវឌ្ឍ ខេត្តព្រះសីហនុឱ្យកាន់តែមានវឌ្ឍនភាព និងរីកចម្រើន ជាបន្តបន្ទាប់។

ទន្ទឹមនឹងនោះ អង្គប្រជុំក៏បានផ្តោតលើការពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកមុន។

ការវាយតម្លៃរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែ ឧសភារបស់រដ្ឋបាលខេត្ត ដែលរាយការណ៍សង្ខេប ដោយ លោក ហួត ហ៊ុយ នាយករដ្ឋបាលសាលាខេត្ត។ ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្រុង-ស្រុក និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម​ ការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សង្គមកិច្ច និង សុខាភិបាល។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ អង្គភាព ជាពិសេសលើកិច្ចការការពារសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ។ ជាមួយគ្នានេះ ឯកឧត្តមបាន សម្តែងនូវក្តីបារម្ភចំពោះ បញ្ហាជំងឺអេដស៍ ដែលបាន

រំលេចឡើងវិញនៅក្នុងខេត្ត ក៏ដូចជាជំងឺផ្សេងៗនាពេល បច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានសំណូមពរដល់ អាជ្ញាធរឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ និង អនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យចំគោលដៅ ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើស នានាដូចជា គ្រឿងញៀន, គ្រឿងញៀន, ក្មេងទំនើង (បងតូចបងធំ), គ្រោះថ្នាក់ចរាចរណ៍, នឹងករណីលួចឆក់ប្លន់ ដើម្បីធានា សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាការឆ្លើយតប ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះមតិដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញ និងសំណូមពរដល់មន្ត្រី ជំនាញតាមអង្គភាពនីមួយៗ បន្តខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារ ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូន អង្គប្រជុំនូវសមិទ្ធផល និងគម្រោងសំខាន់ៗ រួមមាន គម្រោងអភិវឌ្ឍន៍ឆ្នាំនេះ រួមមានគម្រោងមូលនិធិ ឃុំ-សង្កាត់ ចំនួន ៣៧គម្រោង, គម្រោងថ្នាក់ក្រុង-ស្រុក ចំនួន ១១គម្រោង, និងគម្រោងអភិវឌ្ឍន៍ថ្នាក់ខេត្តចំនួន ១៩គម្រោង។ រដ្ឋបាលខេត្តបានចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋនៅឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ បានជាង ២,០០០ប័ណ្ណ ព្រមទាំងកំពុងជម្រុញការដោះស្រាយការ កកស្ទះសេវានៅច្រកចេញចូលតែមួយ។

ក្នុងនោះរដ្ឋបាលខេត្តក៏កំពុងរៀបចំកែលម្អ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីត្រៀមលក្ខណៈធ្វើជា ម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រនាពេលចុងឆ្នាំនេះ។ ការងារសន្តិសុខ គណៈបញ្ជាការឯកភាពខេត្ត បាន ចុះត្រួតពិនិត្យតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងបាន បង្ក្រាប ក៏ដូចជាដកហូតសម្ភារបម្រើឱ្យការងារល្បែងអន ឡាញខុសច្បាប់ (Scam Online) បានជាច្រើន។ ឯកឧត្តមក៏បានសំណូមពរដល់សមាជិកអង្គប្រជុំ ទាំងអស់ ចូលរួមផ្តល់ព័ត៌មានជុំវិញបទល្មើសផ្សេងៗ ដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់។ ជាទីបញ្ចប់ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរជាថ្មីចំពោះ កិច្ចសហការយ៉ាងល្អរវាងមន្ទីរ-អង្គភាព និងអាជ្ញាធរ មូលដ្ឋាននាពេលកន្លងមក ព្រមទាំងបានដាស់តឿន ឱ្យបន្តស្មារតីទទួលខុសត្រូវខ្ពស់នេះ ដើម្បីរួមគ្នាបម្រើ ផលប្រយោជន៍ប្រជាពលរដ្ឋ និងអភិវឌ្ឍខេត្តតំបន់ឆ្នេរ មួយនេះឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕

 

ផ្សាយ​:ថ្ងៃទី​៤ ខែមិថុនា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

📷​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ

 

ព័ត៌មានដែលជាប់ទាក់ទង