ឃ្លាំងស្តុកទុកសាច់បង្កក និងទំនិញថៃខុសច្បាប់ សរុបចំនួន ១០៧ទីតាំង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ ចុះធ្វេីការពិនិត្យ និងបង្ក្រាប។

(រាជធានីភ្នំពេញ):តាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានី ភ្នំពេញនាព្រឹកថ្ងៃទី១៤ មិថុនានេះ គិតចាប់ពីថ្ងៃទី១០មកដល់ថ្ងៃទី១៣ ខែមិថុនានេះ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ សហការ ជាមួយកម្លាំងជំនាញពាក់ព័ន្ធ បាន សហការ ចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំក្នុងភូមិសាស្ត្រ រាជធានី ភ្នំពេញ ដែល សង្ស័យបាននាំចូលស្តុកទុកចរាចរនិង ចែកចាយផលិតផលបង្កកនិងទំនិញ នាំចូលពីប្រទេស ថៃខុសច្បាប់បាន សរុបចំនួន១០៧ទីតាំងក្នុងនោះ ក្រុមការងារចម្រុះបានសម្រេចបិទបណ្តោះអាសន្នទីតាំង ចំនួន១២ទីតាំង ។
លោកស្រីបានបន្តថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការ ជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្រប សម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១៨កន្លែង ដែលសង្ស័យមាន នាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កក មានប្រភពពីប្រទេសថៃ។
ក្នុងប្រតិបតិការទាំង១៨ទីតាំងនេះ សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំង ចំនួន២មានជាប់ពាក់ព័ន្ធនឹងទំនិញ នាំចូលខុសច្បាប់ពីប្រទេសថៃ:
១. ទីតាំងឃ្លាំងស្តុកទំនិញនាំចូលស្ថិតនៅ ភូមិត្រពាំង ចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់ ក្រុមហ៊ុន អេសខេអេសខេ ឯក ដោយ ក្រុមការងារ ចម្រុះបាន រកឃើញ ទំនិញនាំចូលមកពីប្រទេសថៃ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៦ ពោលគឺ ក្រោយ ការ បិទ ព្រំដែន គោក ។ ទំនិញ ទាំងនោះ មានចំនួន ៦១មុខ ជា ប្រភេទកាហ្វេ ទឹកសេរ៉ូ ម្សៅទឹកដោះគោ។
២. ទីតាំង ឃ្លាំង ស្ថិតនៅផ្ទះលេខ១០២ ផ្លូវ៧៩BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ក្រុមការងារ ចម្រុះបាន ពិនិត្យរកឃើញផលិតផល ប្រភេទសាច់បង្កករួមមាន ៖ ដៃមឹក និង ជើងទាដែល បាននាំចូលពីប្រទេស ថៃ។
ជាលទ្ធផលសម្រាប់ប្រតិបត្តិការថ្ងៃទី១៣ ខែមិថុនានេះ សមត្ថកិច្ចសម្រេចបិទយ៉ូឃ្លីទីតាំងឃ្លាំងទាំង២ខាងលើនេះ ជាបណ្តោះអាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់និង អ្នកគ្រប់គ្រងឃ្លាំងក្នុងខណ្ឌដង្កោ ចំនួន ២នាក់ និង ឃ្លាំងក្នុងខណ្ឌមានជ័យ ចំនួន១នាក់ទៅធ្វើការសាកសួរ បន្ថែមនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕
ផ្សាយ:ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)







