អភិបាល​ខេត្ត​កំពង់ចាម​ “កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និង បច្ចេកទេស គឺជាកម្មវិធីគន្លឹះដ៏សំខាន់ ក្នុងចំណោមកម្មវិធី គោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល”​

(ខេត្ត​កំពង់ចាម): អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា៖ កម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស (TVET) ទៅដល់យុវជនមកពីគ្រួសារ ក្រីក្រ និងងាយរងហានិភ័យ គឺជាកម្មវិធីយុទ្ធសាស្រ្តដ៏មាន សារៈសំខាន់បំផុត ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី។ ឯកឧត្តម ថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និង ប្រាក់ចំណូល» នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា ជាក់ស្តែងតាមរយះគោលនយោបាយបណ្តុះបណ្តាលយុវជនចំនួន ១,៥ លាននាក់ គឺជាការគិតគូរយ៉ាងល្អិតល្អន់ និងវែងឆ្ងាយរបស់ រាជរដ្ឋាភិបាល ក្នុងការបំប្លែងកម្លាំងពលកម្មកម្ពុជា ឱ្យទៅជាកម្លាំង ពលកម្មជំនាញដែលមានតម្លៃខ្ពស់ ដើម្បីទាក់ទាញការវិនិយោគ បន្ថែម។ «កម្មវិធីនេះមិនត្រឹមតែបង្រៀនជំនាញដោយមិនគិតថ្លៃ សាលានោះទេ ប៉ុន្តែថែមទាំងមានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់សិស្ស-និស្សិតមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ថែមទៀតផង។

ឯកឧត្តម អភិបាលខេត្ត បន្តថាក្រោយពីបញ្ចប់ការសិក្សា យុវជន នឹងទទួលបានចំណេះដឹង និងជំនាញមួយពិតប្រាកដ ដើម្បីយក ទៅប្រកបរបបចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលក្នុងគ្រួសារ បញ្ចៀសបានការធ្វើចំណាកស្រុកខុសច្បាប់ដោយប្រថុយប្រថាន ព្រមទាំងជំរុញបានការអភិវឌ្ឍកម្លាំងពលកម្មជំនាញមានវិជ្ជាជីវៈ ច្បាស់លាស់ គំនិតច្នៃប្រឌិត ប្រកបដោយ គុណភាព និង ប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និង ក្រៅប្រទេស បង្កើតបានធនធានមនុស្សមានកម្លាំងពលកម្មជំនាញ។

 

ផ្សាយ​:ថ្ងៃទី​១៥ ខែមិថុនា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

ប្រភព​:រដ្ឋបាល​ខេត្ត​កំពង់​ចាម

 

ព័ត៌មានដែលជាប់ទាក់ទង