ទីតាំងល្បែងជល់មាន់អនឡាញនៅឃុំទំរីង ខេត្តកំពង់ធំ កំពុងបើកលេងយ៉ាងរលូន ខណៈ ពលរដ្ឋរិះគន់ថា សមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់

ខេត្តកំពង់ធំ៖ ទីតាំងល្បែងស៊ីសងជល់មាន់តាម ប្រព័ន្ធអនឡាញ បាននិងកំពុងបើកដំណើរការយ៉ាង រលូន នៅក្នុងភូមិសាស្ត្រឃុំទំរីង ដោយពុំទាន់ឃើញ មានការចុះបង្ក្រាបពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយទេ។ ការឱ្យមានការបើកល្បែងស៊ីសងបែបនេះធ្វើឱ្យប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះ វាជាទង្វើល្មើសច្បាប់ និងច្រើនទៅនឹងបទបញ្ជារបស់ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងលុបបំបាត់ ល្បែងស៊ីសងគ្រប់ប្រភេទ។
សេចក្តីរាយការណ៍ពីប្រភពមូលដ្ឋានបានឱ្យដឹងថា ទីតាំងជល់មាន់អនឡាញចំនួន ២ កន្លែង ស្ថិតនៅ ភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ កំពុងតែបើកលេងយ៉ាងអាណាធិបតេយ្យ។ ការអសកម្មរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុង ការបង្ក្រាបបនល្បែងទាំងនេះ ត្រូវបានគេមើលឃើញថា ជារបាំងរារាំងដល់ការអនុវត្ត «គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ទាំង៧ ចំនុចរបស់រាជរដ្ឋាភិបាល ដែលអាចបង្កឱ្យមានបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងអសន្តិសុខ សង្គម។
យោងតាមមាត្រា១០ ជំពូកទី១ បទបញ្ញត្តិទូទៅច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ចុះថ្ងៃទី៩ ខែមករា ឆ្នាំ១៩៩៦ នាសម័យប្រជុំរដ្ឋសភាលេីកទី៥ នីតិកាលទី១ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ។
ការបើកលេងល្បែងស៊ីសងខុសច្បាប់ គឺជាបទល្មើសដែល មានចែងនៅក្នុងច្បាប់ជាធរមាន។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល់តែងតែដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការដាច់ខាត ចំពោះល្បែងស៊ីសងគ្រប់រូបភាព។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សម្តែងក្តីសង្ឃឹមយ៉ាង មុតមាំថា លោកអភិបាលខេត្ត និងស្នងការនគរបាលខេត្តកំពង់ធំ នឹងចាត់កម្លាំងជំនាញចុះពិនិត្យ និងបង្ក្រាបទីតាំងល្បែងជល់មាន់អនឡាញខាងលើនេះឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ភាពកក់ក្តៅ និងរក្សាសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ៕
ផ្សាយ:ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)



