លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ា ថោង សារ៉ាត់ និងលោកអភិបាលក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ក្នុងករណីដោះស្រាយដីធ្លីជូនវីរកងទ័ពជួរមុខ ៣ រូប

(រាជ​ភ្នំពេញ)​៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ក្នុងនាមតំណាងឲ្យសមាគម និងក្នុងនាមលោកផ្ទាល់ បានចេញសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកឧកញ៉ា ថោង សារ៉ាត់ ដែលបានសម្រេចចិត្តប្រកបដោយទឹកចិត្តមនុស្សធម៌ខ្ពង់ខ្ពស់ ក្នុងការបែងចែក និងប្រគល់ដីធ្លីជូនទៅដល់វីរកងទ័ពជួរមុខចំនួន ៣ រូប យកមកធ្វើជាកម្មសិទ្ធិស្របច្បាប់វិញ។ សកម្មភាពដ៏ប្រពៃរបស់លោកឧកញ៉ា បានបង្ហាញពីទឹកចិត្តស្រឡាញ់ គាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ចំពោះយុទ្ធជនជួរមុខដែលបានលះបង់ដើម្បីជាតិមាតុភូមិ។

​ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក មីន ចាន់ធី ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ជូនចំពោះ លោកអភិបាលក្រុងតាខ្មៅ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលយកសំណើ ជួយសម្រុះសម្រួល និងរៀបចំចាត់ចែងបញ្ជូនឯកសារករណីដីធ្លីនេះ ទៅកាន់រដ្ឋបាលខេត្តកណ្តាល ដើម្បីស្វែងរកដំណោះស្រាយជូនដល់បងប្អូនវីរកងទ័ពទាំង ៣ រូប ទទួលបានដីធ្លីយកមកគ្រប់គ្រងវិញ។ កិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលក្រុង និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានផ្តល់នូវភាពកក់ក្តៅ និងយុត្តិធម៌យ៉ាងពិតប្រាកដដល់កងកម្លាំងប្រដាប់អាវុធ ឱ្យរស់នៅយ៉ាងសុខសាន្តក្រោមម្លប់នៃសន្តិភាព។

​ទន្ទឹមនឹងនេះ លោកប្រធានសមាគម ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រទៅកាន់បងប្អូនអ្នកសារព័ត៌មានទាំងនៅក្នុងស្រុក និងក្រៅស្រុក ព្រមទាំងអ្នកល្បីៗនៅក្នុងបណ្តាញសង្គមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាននេះយ៉ាងទូលំទូលាយ រហូតដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឲ្យបញ្ហាមួយនេះទទួលបានការដោះស្រាយជាវិជ្ជមាន។

​ជាពិសេសជាងនេះទៅទៀត លោក មីន ចាន់ធី ក៏សូមលំឱនកាយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងរស់នៅក្នុងស្រុក និងនៅក្រៅស្រុក ដែលបានចូលរួមសម្តែងការគាំទ្រ និងផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងក្លាជូនដល់វីរកងទ័ពទាំង ៣ រូប នាពេលកន្លងមក។

​ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ លោកប្រធានសមាគម សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល ជូនចំពោះ៖

១. វីរកងទ័ពជួរមុខទាំង ៣ រូប ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមមានសុខភាពមាំមួន និងស្មារតីខ្លាំងក្លា។

២. លោកអភិបាលក្រុងតាខ្មៅ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធររដ្ឋបាលខេត្តកណ្តាលគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីបន្តបម្រើជាតិនិងប្រជាជនជានិរន្តរ៍។

៣. លោកឧកញ៉ា ថោង សារ៉ាត់ ព្រមទាំងក្រុមគ្រួសារ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានចិត្តធម៌សង្គ្រោះបែបនេះជារៀងរហូត។

៤. បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅស្រុក និងអ្នកសារព័ត៌មានទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

ផ្សាយ​:ថ្ងៃទី​២៤ ខែមិថុនា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង