ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អញ្ជើញដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា នេត សុគន្ធ

​ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានធនធានមនុស្ស អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា នេត សុគន្ធ ដែលត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ។

​ក្នុងបរិយាកាសដ៏សោកសង្រេង និងក្តុកក្តួលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ អគ្គនាយក និងគណៈប្រតិភូ បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ឧបាសិកា នេត សុគន្ធ ដែលជាការបាត់បង់មាតា មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់របស់កូនចៅ។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ឧបាសិកា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

​សូមជម្រាបថា ឧបាសិកា នេត សុគន្ធ បានទទួលមរណភាពនៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៥៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

​ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។

ព័ត៌មានដែលជាប់ទាក់ទង