ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងដាក់ចេញទិសដៅការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងគ្រឿងញៀន

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងដាក់ចេញទិសដៅអនុវត្តការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងគ្រឿងញៀន។
កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងនៅទីស្តីការមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ, លោកនាយ-នាយរងការិយាល័យទាំង១១, លោកនាយ-នាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងដាក់ចេញនូវដំណោះស្រាយសមស្រប ដើម្បីបង្កើនប្រសិទ្ធភាពការងារ ស្របតាមផែនការយុទ្ធសាស្ត្រ និងបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឯកឧត្តមនាយកមន្ទីរ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនទាំងអស់ ដែលបានសហការគ្នាអនុវត្តភារកិច្ចយ៉ាងសកម្ម និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន។
ទន្ទឹមនឹងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ដោយជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធបន្តអនុវត្តនូវចំណុចសំខាន់ៗដូចខាងក្រោម៖
- ពង្រឹងការងារជំនាញ៖ បង្កើនសកម្មភាពស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព។
- ពង្រឹងកិច្ចសហប្រតិបត្តិការ៖ បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ។
- លើកកម្ពស់ក្រមសីលធម៌៖ រឹតបន្តឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច។
ការងារទាំងនេះ គឺធ្វើឡើងក្នុងគោលដៅរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
