ឯកឧត្តម ម៉ាង ស៊ីណេត បញ្ជាក់ជំហរយ៉ាងមុតមាំថា ដំណើរបំពេញទស្សនកិច្ចរបស់ សហព័ន្ធ នារីឡាវនៅលេីទឹកដីខេត្តព្រះសីហនុ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រំទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ

(ខេត្តព្រះសីហនុ): នៅល្ងាចថ្ងៃសុក្រទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ គីម សុភ័ក្ត្រ ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងពិសាអាហារសាមគ្គី ជាមួយគណៈប្រតិភូសហព័ន្ធនារី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានរំលឹកនូវការចងចាំអំពីទំនាក់ ទំនងការទូតកម្ពុជា-ឡាវ ដែលត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៥៦ រហូតមកបច្ចុប្បន្ននេះមានរយៈពេល៧០ឆ្នាំ ក៏ពិតមែន ប៉ុន្តែប្រជាជន នៃប្រទេសយើងទាំងពីរ មានការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធរាប់រយឆ្នាំកន្លងមកហើយ និងបាន
ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើគ្រប់វិស័យ ដើម្បី ជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ កម្ពុជា និងឡាវ ជាប្រទេសជិតខាង មានទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណីធ្លាប់ ឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក តាំងពីបុរាណកាលជាយូរលង់មកហើយ។ ថ្នាក់ដឹកនាំប្រទេសទាំង២ជាច្រើនជំនាន់ បានបង្កើតមិត្តភាពដ៏ជ្រាលជ្រៅ រហូតមកដល់បច្ចុប្បន្ន និងកំពុងបន្តរួមគ្នាថែរក្សា និងលើកកម្ពស់ឱ្យកាន់តែ រីកចម្រើនរឹងមាំទៅមុខជាលំដាប់ដោយ តាំងពី ព្រះវររាជបិតា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រហូតមកដល់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងតាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា។
ឯកឧត្តម បញ្ជាក់ថាតាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសូមសម្តែងនូវគារវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅចំពោះ វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកជំទាវ អាលី វង្សណរប៊ុនថាំ លោកជំទាវ មាន សំអាន ឯកឧត្តម សនសៃ វ៉ាន់ណាសៃ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានឆ្លៀតពេលវេលាដ៏តម្លៃ ចូលរួមក្នុង ពិធីជប់លៀងពិសាអាហារសាមគ្គី ទទួលគណៈប្រតិភូសហព័ន្ធនារីឡាវ នៅ លើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រង ដែលត្រូវបាន ប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនារាត្រី ដ៏មហានក្ខត្តឫក្សនេះ។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ដំណើរបំពេញទស្សនកិច្ចរបស់ សហព័ន្ធ នារីឡាវ នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រំទំនាក់ទំនង មិត្តភាពជាប្រពៃណី សាមគ្គីភាព ដ៏រឹងមាំ ភាពជាអ្នកជិតខាងល្អ និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេស ទាំងពីរជារួម និងដោយឡែករវាង សមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍និងសហព័ន្ធនារីឡាវ ជាពិសេសនឹងបង្កើតឱកាសថ្មីៗសម្រាប់អ្នក វិនិយោគឡាវ មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុដ៏ស្រស់បំព្រង ដែលត្រូវ បានកំណត់ថាជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ផ្សាយ:ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)













