អបអរសាទរ! ពិធីសម្ពោធ​កាត់ខ្សែបូដាក់អោយដំណេីរការសាខាលិខិតធ្លងដែនខេត្តព្រះសីហនុ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧប​នាយករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​លោកជំទាវ​

(ខេត្ត​ព្រះសីហនុ)​: ខេត្តព្រះសីហនុ​ត្រូវបានគេចាត់ទុកថាជា ខេត្តមួយស្ថិតនៅទិសនិរតីដែលមានឆ្នេរខ្សាច់សក្បោះលាតសន្ធឹងដាច់កន្ទុយភ្នែក សំបូរទៅដោយប្រជុំកោះ​ រមណីយដ្ឋាន​ធម្មជាតិនានា និងជីវចម្រុះក្រោមបាតសមុទ្ទយ៉ាងសំបូរបែប ហេីយក៏ជាទិសដៅទេសចរណ៍ទាក់ទាញដ៏សំខាន់ក្នុងស្រុកសំរាប់ភ្ញៀវជាតិ-អន្តរជាតិមកសំរាកលេងកម្សាន្តនាចុងសបា្តហ៍ ឫក៏ថ្ងៃបុណ្យទានផ្សេងៗ​ ហេីយក៏ជាទីកន្លែងប្រមូលផ្តុំទៅដោយមជ្ឍមណ្ឌលពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ និងឧស្សាហកម្ម​ ផ្អែកលេីកក្តាទាំងនេះ​ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ទេីបនៅព្រឹក​ថ្ងៃទី១ ខែសីហា​ ឆ្នាំ២០២៦ ឆ្នាំ​ នេះ​ រដ្ឋបាលខេត្តព្រះសីហនុ​ បានរៀបចំពិធី សម្ពោធ​ដាក់អោយដំណេីរការជាផ្លូវការសាខាលិខិតឆ្លងដែនប្រចាំខេត្តព្រះសីហនុ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧប​នាយករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ និងលោកជំទាវ​ កែ​ សួន​សភី​ ស សុខា។

នៅ​ក្នុងពិធី​នោះដែរ​ ក៏មាន​វត្តមានឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកឧកញ៉ា​ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការចំណុះរដ្ឋបាលខេត្តគ្រប់មន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ថ្លែង​ក្នុងពិធី​នោះ​ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ បានគូសបញ្ជាក់ថា ការសម្រេចចិត្តបង្កើត និងដាក់ឱ្យដំណើរការសាខាផ្តល់លិខិតឆ្លងដែន នៅក្នុងខេត្តព្រះសីហនុ នាពេលនេះ គឺជាយន្តការមួយដ៏សំខាន់របស់ក្រសួងមហាផ្ទៃ ក្នុងការបញ្ជ្រៀបសេវាសាធារណៈ ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក្នុងមូលដា្ឋនស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល​ ការបើកសាខានេះ នឹងជួយសម្រួលក៏ដូចជាកាត់បន្ថយពេលវេលា ធ្វេីដំណេីររបស់ប្រជាពលរដ្ឋ ទៅកាន់រាជធានី ភ្នំពេញ ព្រមទាំងលើកកម្ពស់គុណភាព និង ភាពងាយស្រួលក្នុងការទទួលសេវាកម្ម។ មិនតែប៉ុណ្ណោះសាខាលិខិតឆ្លងដែនថ្មីក្នុងខេត្តព្រះសីហនុ ក៏អាចចូលរួមជួយដល់ប្រជាពលរដ្ឋដែលមានទីលំនៅជាប់ព្រំប្រទល់ខេត្តមួយនេះមួយចំនួនរឹតតែមានភាពងាយស្រួលក្នុងការធ្វេីដំណេីរមកកាន់ខេត្តព្រះសីហនុ​ ជំនួសរាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះ​ ឯកឧត្ដម​អភិសន្តិ​បណ្ឌិត​ ក៏បាន​បញ្ជាក់​បន្ថែមថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ នៃ​ក្រសួង​មហាផ្ទៃ​ ក៏មានផែនការបន្តពង្រីកសាខាផ្តល់លិខិតឆ្លងដែន ទៅកាន់ខេត្តផ្សេងៗទៀតជាបន្តបន្ទាប់នាពេលខាងមុខ៕

សូម​ជម្រាបជូន​ថាសាខាលិខិតឆ្លងដែនខេត្ត​ព្រះសីហនុ​ មានទីតាំងក្នុងផ្សារទំនើប ឌាយមិន ផ្លាហ៊្សា (Diamond Plaza KPS) ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។

 

ផ្សាយ​:ថ្ងៃទី​១ ខែសីហា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

📷​ម៉ាង​ស៊ីណេត​/Mang​Sineth​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង