លោក ឧត្តសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ​ និង​នាំ​យក​អំណោយ​ជូនដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកោះធំ

(ខេត្ត​កណ្តាល)​: នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦​ ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្តសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកោះធំ នៅសាលប្រជុំសាលាស្រុកកោះធំ។

នា​ឱកាស​ដ៏​ថ្លៃថ្លា​នោះ​ លោក​ ឧត្តមសេនីយ៍ទោ​ បានបង្ហាញពីគោលបំណងអំពីការចុះត្រួតពិនិត្យតាមប៉ុស្តិ៍នេះ​ គឺដើម្បីស្វែងយល់អំពីជីវភាពជាក់ស្តែងនៃរបៀបរបបការងាររបស់ប៉ុស្តិ៍នីមួយៗ ហើយដើម្បីជួយបំពេញបន្ថែមនូវចំណុចខ្វះខាត និងកែលំអឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

លោកឧត្តមសេនីយ៍ទោ​ បានណែនាំដល់លោកអធិការនគរបាលស្រុកកោះធំ និងលោកនាយប៉ុស្តិ៍នគរបាលចំណុះទាំង៦ ត្រូវរៀបចំកន្លែងស្នាក់នៅ​ នៅតាមបុស្តិ៍នីមួយៗឱ្យបានសមរម្យ និងត្រូវដាច់ដោយឡែកពីអគារបំពេញការងារ រួមទាំងដាក់កាំមេរ៉ាសុវត្ថិភាពក្នុងទីតាំងប៉ុស្តិ៍ឱ្យបានគ្រប់ៗប៉ុស្តិ៍។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់គ្រប់ប៉ុស្តិ៍ទាំងអស់ត្រូវតែទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទោះបីជាកើតហេតុនៅក្រៅដែនសមត្ថកិច្ចរបស់ខ្លួនក៏ដោយ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគរួមមានអង្ករ១តោន ទឹកសុទ្ធ២០កេស មី២០កេស ត្រីខ១កេស រួមទាំងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់អធិការដ្ឋាននគរបាលស្រុកកោះធំផងដែរ។

 

ផ្សាយ​:ថ្ងៃទី​៦ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល

 

ព័ត៌មានដែលជាប់ទាក់ទង