ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជេីញជាអធិបតី អបអរសាទរ “ពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ ក្នុងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ។

(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញជាអធិបតី អបអរសាទរ “ពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ ២០២៥ ដោយមានការអញ្ជេីញរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ គ្រប់ស្ថាបន័ចំំណុះ រដ្ឋបាលខេត្ត ព្រមទាំងសិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ ពិធីនេះប្រារព្ធធ្វេីឡេីង នៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បេីតាមរបាយការណ៍របស់លោក នេន ចំរេីន ប្រធានមន្ទីរកសិកម្មបានអោយដឹងថា: យោងតាមស្ថិតិព្រៃឈើកម្ពុជាក្នុង ឆ្នាំ២០០២ ខេត្តព្រះសីហនុ មានផ្ទៃដីសរុប
២៦៣.៣៨៦ហិកតា ក្នុងនោះដីព្រៃឈើមាន ១៦៣.២៥៩ហត និងដីមិនមែនព្រៃឈើមាន ១០០.១២៧ ហត ប៉ុន្តែផ្ទៃដីព្រៃឈើបាននឹងកំពុងបាត់បង់ជាបណ្តើរៗ។
ដូច្នេះក្នុងទិសដៅបន្តវេនដ៏ប្រពៃនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរដ្ឋបាល ព្រៃឈើជាសេនាធិការ បានរួមសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ និងអង្គការ ក្រៅរដ្ឋាភិបាលនានា លើកកំពស់ស្មារតីជំរុញ និងអនុវត្តន៍ការងារដាំឈើឡើងវិញ នៅលើដីទំនេរ និង ដីព្រៃរិចរិល ព្រមទាំងចលនាដល់វិស័យឯកជន និងប្រជាពលរដ្ឋដាំដើមឈើនៅគ្រប់ទីកន្លែង។ សម្រាប់ ឆ្នាំនេះ មន្ទីរកសិកម្មបាន បណ្តុះកូនឈើចំរុះគ្រប់ប្រភេទ ចំនួន៣៥.០០០ ដើមដូចជា (គគីរ ឈើទាល ក្រញូង នាងនួន សំរាប់ធ្វើការចែកចាយ ជូនប្រជាពលរដ្ឋ ព្រះសង្ឃ និងស្ថាប័នអង្គភាពផ្សេងៗទៀត យកទៅដាំតាមកន្លែងរៀងៗខ្លួន។
ក្នុងឱកាសបុណ្យរុក្ខទិវាឆ្នាំនេះ ក្រោមកិច្ចសហការយ៉ាងជិតស្និត និងការគាំទ្រពីរដ្ឋបាលខេត្ត បានកំណត់យកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នេះ សំរាប់ប្រារព្ធពិធីដាំដើមឈើ មានជាអាទិ៍ គគីរ ក្រញូង ឈើទាល សរុបចំនួន ២២០០ដើម លើផ្ទៃដីប្រមាណជាង ២ហិកតា ស្ថិតនៅ ថ្នាលបណ្តុះកូនឈើថ្មី ក្នុងភូមិទួលទទឹង ឃុំទូលទទឹង ស្រុកព្រៃនប់ ព្រមទាំងមានការចែកកូនឈើ ប្រមាណជាង ៥០០ដើមផ្សេងទៀត។
ឆ្លៀតក្នុងឨកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា: រុក្ខទិវា ៩ កក្កដា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបណ្តុះនូវស្មារតីដល់ប្រជាជនគ្រប់រូបឱ្យយល់ដឹងអំពីបរិស្ថាន អត្ថប្រយោជន៍នៃព្រៃឈើ ព្រមទាំង ចូលរួមយ៉ាងសកម្មក្នុងការដាំដុះ ថែរក្សាការពារព្រៃឈើ សំដៅប្រែក្លាយ បរិស្ថាន ឱ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍធនធានព្រៃឈើ ឱ្យកាន់តែ សំបូរឡើងថែមទៀត សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ហើយការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយ ករណីយកិច្ចនេះ គឺតកូនតចៅ និងបានបង្កឱ្យអាកាសធាតុមានប្រក្រតីភាព ជាវិជ្ជមាន ចំពោះវិស័យកសិកម្ម និងមនុស្សជាតិ។
ឯកឧត្តម បន្តថា: រុក្ខទិវា ៩ កក្កដា កើតឡើងពីព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីឆ្នាំ១៩៥២ ដើម្បីបំផុស និងលើកទឹកចិត្តឱ្យកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារ ព្រៃឈើ និងដាំដើមឈើនៅទូទាំងប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើមបំផុត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានបន្តរៀបចំជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២មក ហើយបច្ចុប្បន្នបានបន្តដោយ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មហាសាល សម្រាប់ជីវិតមនុស្ស និង សត្វរស់នៅលើភពផែនដីយើងនេះ។ ព្រៃឈើ និងប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើ ចូលរួមចំណែកយ៉ាងសំខាន់ដល់គ្រប់ទិដ្ឋភាព នៃគោលដៅអភិវឌ្ឍដោយ ចីរភាពរបស់អង្គការសហប្រជាជាតិ ធានាសន្តិសុខស្បៀង និងបណ្តាញ សុវត្ថិភាព លើកកម្ពស់ជីវភាព ផ្តល់មុខរបរ និងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់អាហារូបត្ថម្ភ និងសុខភាព រក្សានិរន្តរភាពផលិតកម្ម កំណើន សេដ្ឋកិច្ច សមភាព បរិយាបន្ន និងភាពជាដៃគូធនធានទឹក ការពារធនធាន ជលផល សន្តិសុខថាមពល ថែរក្សាជីវចម្រុះ និងប្រព័ន្ធមជ្ឈដ្ឋានដីគោក ជួយគាំទ្រនិរន្តរភាពទីក្រុង ទប់ស្កាត់ និងបន្សំទៅនឹងការប្រែប្រួល អាកាសធាតុ។ដូចនេះការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្តាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ និងការរាំងស្ងួត ដែលបានធ្វើឱ្យទី តម្កល់ទឹកសម្រាប់តម្រូវការរបស់មនុស្ស សត្វ ត្រូវរីងស្ងួត ដែលនឹង ឈានទៅរកការបាត់បង់សត្វព្រៃ ធនធានមច្ឆាជាតិគ្រប់ប្រភេទ និងអាច បង្កឱ្យមានភាពរហោស្ថាន និងការធ្លាក់ចុះគុណភាពដីផងដែរ។
ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធនានា ដែលកន្លងមក បានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេស សម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម សំដៅធានា សន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ។
ជាចុងក្រោយ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានអំពាវនាវសូមបញ្ឈប់ការកាប់ទន្ទ្រាន ឬនៅពី ក្រោយការកាប់ទន្ទ្រាន់ដីព្រៃឈើរបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ព្រោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាល និងមិនធ្វើការកាត់ឆ្កៀលដីរដ្ឋឱ្យជនខិលខូចជាដាច់ខាត់។ ម្យ៉ាង ទៀតសូមបងប្អូន ជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូសឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយ ខុសច្បាប់ ហើយចូលរួមថែរក្សាការពារព្រៃឈើ ការពារភ្លើងឆេះព្រៃ នៅ តាមតំបន់ដែលបងប្អូនរស់នៅ ដើម្បីរក្សាការពារឱ្យបាននូវធនធានព្រៃ ឈើ សម្រាប់កូនចៅរបស់យើងជំនាន់នេះ និងជំនាន់ក្រោយៗទៀត ឱ្យ ស្របតាមពាក្យស្លោក «ព្រៃឈើដុះ យើងរស់ ព្រៃឈើល្អ យើងមានបាន បើកាប់ព្រៃឈើ នឹងក្ររហេមរហាម»។
ផ្សាយ:ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)
































