អបអរសាទរ! ពិធីសម្ពោធកាត់ខ្សែបូដាក់អោយដំណេីរការសាខាលិខិតធ្លងដែនខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ

(ខេត្តព្រះសីហនុ): ខេត្តព្រះសីហនុត្រូវបានគេចាត់ទុកថាជា ខេត្តមួយស្ថិតនៅទិសនិរតីដែលមានឆ្នេរខ្សាច់សក្បោះលាតសន្ធឹងដាច់កន្ទុយភ្នែក សំបូរទៅដោយប្រជុំកោះ រមណីយដ្ឋានធម្មជាតិនានា និងជីវចម្រុះក្រោមបាតសមុទ្ទយ៉ាងសំបូរបែប ហេីយក៏ជាទិសដៅទេសចរណ៍ទាក់ទាញដ៏សំខាន់ក្នុងស្រុកសំរាប់ភ្ញៀវជាតិ-អន្តរជាតិមកសំរាកលេងកម្សាន្តនាចុងសបា្តហ៍ ឫក៏ថ្ងៃបុណ្យទានផ្សេងៗ ហេីយក៏ជាទីកន្លែងប្រមូលផ្តុំទៅដោយមជ្ឍមណ្ឌលពាណិជ្ជកម្ម សេដ្ឋកិច្ច និងឧស្សាហកម្ម ផ្អែកលេីកក្តាទាំងនេះ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទេីបនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ឆ្នាំ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធី សម្ពោធដាក់អោយដំណេីរការជាផ្លូវការសាខាលិខិតឆ្លងដែនប្រចាំខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសភី ស សុខា។
នៅក្នុងពិធីនោះដែរ ក៏មានវត្តមានឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការចំណុះរដ្ឋបាលខេត្តគ្រប់មន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ការសម្រេចចិត្តបង្កើត និងដាក់ឱ្យដំណើរការសាខាផ្តល់លិខិតឆ្លងដែន នៅក្នុងខេត្តព្រះសីហនុ នាពេលនេះ គឺជាយន្តការមួយដ៏សំខាន់របស់ក្រសួងមហាផ្ទៃ ក្នុងការបញ្ជ្រៀបសេវាសាធារណៈ ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក្នុងមូលដា្ឋនស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ការបើកសាខានេះ នឹងជួយសម្រួលក៏ដូចជាកាត់បន្ថយពេលវេលា ធ្វេីដំណេីររបស់ប្រជាពលរដ្ឋ ទៅកាន់រាជធានី ភ្នំពេញ ព្រមទាំងលើកកម្ពស់គុណភាព និង ភាពងាយស្រួលក្នុងការទទួលសេវាកម្ម។ មិនតែប៉ុណ្ណោះសាខាលិខិតឆ្លងដែនថ្មីក្នុងខេត្តព្រះសីហនុ ក៏អាចចូលរួមជួយដល់ប្រជាពលរដ្ឋដែលមានទីលំនៅជាប់ព្រំប្រទល់ខេត្តមួយនេះមួយចំនួនរឹតតែមានភាពងាយស្រួលក្នុងការធ្វេីដំណេីរមកកាន់ខេត្តព្រះសីហនុ ជំនួសរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ក៏មានផែនការបន្តពង្រីកសាខាផ្តល់លិខិតឆ្លងដែន ទៅកាន់ខេត្តផ្សេងៗទៀតជាបន្តបន្ទាប់នាពេលខាងមុខ៕
សូមជម្រាបជូនថាសាខាលិខិតឆ្លងដែនខេត្តព្រះសីហនុ មានទីតាំងក្នុងផ្សារទំនើប ឌាយមិន ផ្លាហ៊្សា (Diamond Plaza KPS) ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។
ផ្សាយ:ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាងស៊ីណេត/MangSineth










