ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញ​ចុះពិនិត្យការដ្ឋានតភ្ជាប់បណ្តាញអគ្គីសនី និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកោះរ៉ុងសន្លឹម ដើម្បីជំរុញសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ.

(ខេត្តព្រះសីហនុ)​: នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ វឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុង កោះរ៉ុង ដើម្បីប្រែក្លាយតំបន់កោះមួយនេះ ឱ្យទៅជាគោលដៅទេសចរណ៍កម្រិតខ្ពស់។

១. ការពន្លឿនការតភ្ជាប់បណ្តាញអគ្គសនី និងផ្លូវថ្នល់ នៅក្នុងបេសកកម្មនេះ ឯកឧត្តម អភិបាលខេត្ត បានពិនិត្យដោយផ្ទាល់លើសកម្មភាពដំឡើងបង្គោលភ្លើង និងការរៀបចំ បណ្តាញចែកចាយអគ្គសនីឱ្យបាន គ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានោះ គម្រោង ស្ថាបនាផ្លូវខ្វាត់ខ្វែងជុំវិញកោះ ក៏កំពុងត្រូវ បានពន្លឿន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងការ

ដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។ “ការមានអគ្គសនីប្រើប្រាស់គ្រប់គ្រាន់ និង ប្រព័ន្ធផ្លូវថ្នល់ដែលមានគុណភាព គឺជា ឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅលើ កោះរុងសន្លឹម”។

២. ការយកចិត្តទុកដាក់លើជីវភាព ប្រជាពលរដ្ឋ និងអាជីវករ ក្រៅពីការងារ បច្ចេកទេស ឯកឧត្តម ម៉ោង ស៊ីណេត ក៏បានចំណាយពេលចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែល កំពុងប្រកបរបរទទួលទានក្នុងតំបន់នោះ។ ឯកឧត្តមបានស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ និងបានលើកទឹកចិត្តឱ្យបងប្អូន ចូលរួមថែរក្សាបរិស្ថាន អនាម័យ ដើម្បី ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែ ច្រើន ដែលជាប្រភពចំណូលផ្ទាល់របស់ សហគមន៍។

៣. ចក្ខុវិស័យ និងសមិទ្ធផលថ្មីៗនាពេល អនាគត

អ្វីដែលជាចំណុចដៅសំខាន់ គឺការចុះ សិក្សាភូមិសាស្ត្រជាក់ស្តែង ដើម្បីត្រៀម រៀបចំ “គម្រោងសាងសង់សមិទ្ធផល ថ្មីៗ” បន្ថែមទៀត។ គម្រោងទាំងនោះ រួមមាន ការរៀបចំតំបន់ឆ្នេរឱ្យមានសណ្តាប់ ធ្នាប់ ការសាងសង់មណ្ឌលសេវាកម្ម សាធារណៈ ការបង្កើតចំណុចឆែកឆេរ សម្រាប់សុវត្ថិភាពទេសចរ និងការរៀបចំ ប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយ និរន្តរភាព។

សកម្មភាពចុះជម្រុញការងារដោយផ្ទាល់ របស់រដ្ឋបាលខេត្តព្រះសីហនុនាពេលនេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រែក្លាយក្រុងកោះរុង ជាពិសេស កោះរុងសន្លឹម ឱ្យទៅជា “ត្បូងពេជ្រ នៃទេសចរណ៍សមុទ្រ” ដែលមាន ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងសេវាកម្ម ប្រកបដោយស្តង់ដារ៕

 

ផ្សាយ​:ថ្ងៃទី​២៥ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

ប្រភព​:មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​(ស្រីមុំ)

 

ព័ត៌មានដែលជាប់ទាក់ទង