កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវ និងឈានទៅបំបែកសំណុំរឿងករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ជួញដូរមនុស្ស ជំរិតទារប្រាក់ និងករណីគ្រឿងញៀន ដោយសង្គ្រោះស្ត្រីជនជាតិចិនម្នាក់ ​និងចាប់ខ្លួនជនល្មើសជាជនជាតិចិន ចំនួន០៦នាក់។

(ខេត្ត​ព្រះសីហនុ)​៖ បន្ទាប់ពីទទួលបានព័ត៌មានករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ (ជំរិតទារប្រាក់), រំលោភសេពសន្ថវៈ​ លក់-ដូរមនុស្ស និងករណីគ្រឿងញៀន ដែលប្រព្រឹត្ដកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រុងព្រះសីហនុ និងក្រុងកំពង់សោម​ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ទៀបភ្លឺ កងកម្លាំងការិយាល័យព្រហ្មទណ្ឌបានទទួលបណ្ដឹងពីឈ្មោះ YANG RUI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកខារ៉ាអូខេ ដោយប្រាប់ថា មិត្តភក្កិរបស់គេឈ្មោះ CHEN JINYAN ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិចិន ត្រូវបានគេចាប់បង្ខាំងជំរិតទារប្រាក់ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយពីទទួលបានបណ្ដឹងនៅវេលាម៉ោង ០៨:៣០នាទីថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន១០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅដល់ចំណុចផ្ទះវីឡាខាងលើ តែជនសង្ស័យបានយកជនរងគ្រោះចេញពីផ្ទះនោះបាត់ហើយ រួចកម្លាំងជំនាញបន្ដស្រាវជ្រាវ រហូតដល់ចំណុចខុនដូរ «ស្ដាបេ» ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ បានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន០៣នាក់ (ស្រី ០២នាក់)​ រួមមាន៖

*ទី១៖ ឈ្មោះ Liu Zhong ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនសំណង់ ស្នាក់នៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ
*ទី២៖ ឈ្មោះ Xu Jia Yan ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ
*ទី៣៖ ឈ្មោះ Wu Shan Gui ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កម្លាំងជំនាញ បានដកហូតវត្ថុតាងមាន៖ រថយន្ដចំនួន ០១គ្រឿង ម៉ាក MAYBACH SG50 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2AZ-6866 និងទូរស័ព្ទដៃ ចំនួន ០២គ្រឿង។

លុះដល់វេលាម៉ោង១១:១០នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញ បានបន្តធ្វើការស្រាវជ្រាវដល់ចំណុចបុរី «លន់ស៊ីធី» ស្ថិតក្នុងភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ទើបជួយសង្គ្រោះជនរងគ្រោះ បានឈ្មោះ CHEN JINYAN ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកខារ៉ាអូខេ ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ (ប្រុស) ជនជាតិចិន ស្នាក់នៅភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង ០៣រូបនេះរួមមាន៖

*ទី១៖ ឈ្មោះ He Zhong Hui អាយុ៣៣ឆ្នាំ
*ទី២៖ ឈ្មោះ Chen Por Wen អាយុ ៣១ឆ្នាំ
*ទី៣៖ ឈ្មោះ Wang Bor Wen អាយុ ៣៧ឆ្នាំ។

កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន ០៣គ្រឿង, រថយន្ដចំនួន ០១គ្រឿង ម៉ាក PRLUS ពណ៌ស ផ្លាកលេខ 2BX-3076, ក្រណាត់បូពណ៌ទឹកមាស រុំថង់ខ្មៅបិទស្គុត (សម្រាប់រុំភ្នែក) ចំនួន០១ និងគ្រឿងញៀនមួយចំនួន។

តាមការស្រាវជ្រាវរបស់កម្លាំងជំនាញ, ជនរងគ្រោះត្រូវបានជនសង្ស័យបោកប្រាស់ឱ្យមកប្រទេសកម្ពុជា ដែលក្រុមជនល្មើសមានអង្គការចាត់តាំង ដោយឱ្យស្ដ្រីដែលបម្រើការងារជានារីកំដរ ធ្វើការទាក់ទងជាមួយស្ដ្រីៗកំដរដូចគ្នា តាមរយៈកុហកថា ជួយរកការងារឱ្យ (មានថៅកែចិញ្ចឹម)។

បន្ទាប់ពីចាញ់បោកការលួងលោម ស្រ្តីរងគ្រោះបានចាកចេញពីប្រទេសម៉ាឡេស៊ី ចូលមកប្រទេសកម្ពុជា ហើយក្រុមឧក្រិដ្ឋជន ក៏បានរៀបចំរថយន្ដទៅទទួលជនរងគ្រោះពីព្រលានយន្ដហោះថ្មី រួចដឹកមកខេត្ដព្រះសីហនុ និងយកមកឃុំឃាំងនៅក្នុងខុនដូរមួយកន្លែងចំកណ្ដាលទីក្រុង ព្រមទាំងជំរិតយកប្រាក់ពីជនរងគ្រោះ ដោយផ្ទេរប្រាក់ពីគណនីធនាគារចិន អស់ចំនួនជិត ៣០ម៉ឺនយ័ន និងបង្ខំជនរងគ្រោះរួមភេទ ប្រើប្រាស់គ្រឿងញៀន ប៉ុន្ដែមិនប្រើហិង្សា ប៉ុន្ដែពួកគេបានបង្ខំឱ្យជនរងគ្រោះទាក់ទងទៅមិត្ដភក្ដិដែលជានារី ដើម្បីបោកបញ្ឆោតពួកគេ នឹងដោះលែងជនរងគ្រោះឱ្យមានសេរីភាពវិញ។ បន្ទាប់ពីជនរងគ្រោះអស់ប្រាក់ឱ្យពួកគេ គឺពួកគេបានលក់ជនរងគ្រោះ ឱ្យទៅក្រុមជនជាតិចិនផ្សេងទៀត ក្នុងតម្លៃ ៥ម៉ឺនដុល្លារ (USTD) បន្ដទៀត។

ចំពោះក្រុមឧក្រិដ្ឋខាងលើនោះ គឺបោកតែស្ដ្រីភាគច្រើនជានារីកំដរភ្ញៀវ បន្ទាប់ពីជំរិតអស់ប្រាក់ហើយ គោលបំណងរបស់ពួកគេ គឺលក់ជនរងគ្រោះឱ្យទៅក្រុមជួញដូរមនុស្ស មិនមានបំណងដោះលែងនោះទេ ប៉ុន្ដែបើជនរងគ្រោះស្ម័គ្រចិត្ដធ្វើតាមពួកគេ ដោយបោកនារីណាម្នាក់មកជំនួសនោះ ទើបក្រុមឧក្រិដ្ឋដោះលែងជនរងគ្រោះអាចមានសេរីភាពវិញ៕

សូមជម្រាប​ថា​ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនិតីវិធីរបស់តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

 

ផ្សាយ​:ថ្ងៃទី​៨ ខែឧសភា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

📷​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុ


 

 

 

ព័ត៌មានដែលជាប់ទាក់ទង