ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ចេញសេចក្តីប្រកាស​ព័ត៌មាន​ ពាក់ព័ន្ធការបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់ករណី ៖ ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។​

សេចក្តីប្រកាសព័ត៌មាន!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធការបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់ករណី ៖ ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញពាក់ព័ន្ធស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណី៖ ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់)

-កើតហេតុ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទី

-នៅចំណុច៖ ផ្ទះរបស់ឈ្មោះ គីម វណ្ណា ស្ថិតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

**ជនរងគ្រោះ ០១នាក់ (ស្លាប់)

-ឈ្មោះ រតនា ម៉េងស៊ីម ភេទស្រី អាយុ០៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុក មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

-ឪពុកឈ្មោះ ទេព រតនា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។

-ម្ដាយឈ្មោះ ជឿន សុីនួន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ ។

-អ្នកទាំងពីរ មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (គ្រួសារជនរងគ្រោះរាល់ថ្ងៃសៅរ៍ អាទិត្យ តែងតែនាំគ្នាទៅលេស្រុកកំណើតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល) ។

**ជនសង្ស័យ ០១នាក់ (ឃាត់ខ្លួន)

-ឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ (ត្រូវជាពូសាច់ថ្លៃ)

-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)

**វត្ថុតាងចាប់យក៖

១.ទូរសព្ទដៃ ០១គ្រឿងម៉ាក Nokia (អិនចុចពិល) ពណ៌ខៀវ។

២.ទូរសព្ទដៃ ០១គ្រឿងម៉ាក OPPO ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ)។

នៅចំពោះមុខសមត្ថកិច្ចជនសង្យ័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯង ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) ពិតប្រាកដមែន។

មូលហេតុ : ជនសង្ស័យឆ្លើយថា ដោយសារម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះមិនបាន។

បញ្ជាក់ ៖ ឳពុក ម្តាយជនរងគ្រោះ មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរាងរាល់ថ្ងៃសោរ៍ ឬថ្ងៃអាទិត្យ តែងតែនាំជនរងគ្រោះទៅលេងជីដូន ជីតា នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដែលទល់មុខគ្នាជាមួយផ្ទះជនសង្ស័យ ទើបជនសង្ស័យមានឱកាសធ្វើសកម្មភាពទៅលើជនរងគ្រោះតែម្តង។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបតាមការគួរ។

 

ផ្សាយ​:ថ្ងៃទី​១១ ខែឧសភា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​ប្រតិកម្ម​រហ័ស​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល

 

ព័ត៌មានដែលជាប់ទាក់ទង