ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចអនុម័តលើសំណើសុំបង្កើតរោងចក្រចំនួន ០២គម្រោង ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ): នៅព្រឹកថ្ងៃទី១៩ ខែឧសភា ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចអនុម័តលើសំណើសុំបង្កើតរោងចក្រចំនួន ០២គម្រោង៖
១-រោងចក្រផលិតសម្ភារឧបករណ៍ប្រើប្រាស់គ្រឿងសំណង់ (ប៉ែល ចបជីក ចបកាប់ ផ្លែរនាស់ ដង្កៀប ធ្វើអំពីដែក) របស់ក្រុមហ៊ុន BEST CHOICE TOOLS CO., LTD. មានទីតាំងស្ថិតនៅអគារលេខ២ និងអគារលេខ៣ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ទុនក្នុងការចុះបញ្ជី ប្រមាណជា ៤លាន ដុល្លារអាមេរិក ក្នុងទុនវិនិយោគ ជាង ២,៧លានដុល្លារអាមេរិក លើផ្ទៃអគារ៖ ១០,០០០ម៉ែត្រការ៉េ ដែល មានទីផ្សារ នាំចេញទៅសហរដ្ឋអាមេរិក និងលក់ក្នុងស្រុក ដែលមានតម្រូវការកម្លាំងពលកម្មដំបូងចំនួន ១៣៤នាក់ ។
២-រោងចក្រផលិតសម្ភារប្រើប្រាស់ធ្វើពីផ្លាស្ទិក (ដងប៉ែល ដងចបកាប់ និងដងរនាស់) របស់ក្រុមហ៊ុន SOARING COMFORT TOOLS CO.,LTD. មានទីតាំងស្ថិតនៅអគារលេខ១ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ទុនក្នុងការចុះបញ្ជី ប្រមាណជា ២លាន ដុល្លារអាមេរិក និងទុនវិនិយោគ ជាង ៣,៣ លានដុល្លារអាមេរិក លើផ្ទៃអគារ ៣,០០០ម៉ែត្រការ៉េ មានទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក និងលក់ក្នុងស្រុក ។
ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា គម្រោងទាំងពីរនេះមានសក្តានុពលផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ ស្របតាមផែនការអភិវឌ្ឍខេត្តព្រះសីហនុ និងអាចចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយះការបង្កើតឱកាសការងារជាច្រេីនបន្ថែមក្នុងមូលដ្ឋាន៕ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារ និង ម្ចាស់រោងចក្រ ឱ្យអនុវត្តតាមច្បាប់គតិយុត្តិស្តីពីការបង្កើតសួនឧស្សាហកម្ម និងបទប្បញ្ញត្តិនានាស្របតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។
ផ្សាយ:ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷រដ្ឋបាលខេត្តព្រះសីហនុ




















