ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ»។

(រាជធានីភ្នំពេញ): រសៀលថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការប្រើប្រាស់ ការគ្រប់គ្រង និងការការពារគេហទំព័រ ឱ្យមានប្រសិទ្ធភាព សុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់ ស្របតាមបរិបទនៃការអភិវឌ្ឍឌីជីថល។
ក្នុងរយៈពេលបណ្តុះបណ្តាល សិក្ខាកាមបានសិក្សា និងអនុវត្តលើខ្លឹមសារសំខាន់ៗជាច្រើន រួមមានការណែនាំអំពីថ្នាលគ្រប់គ្រងព័ត៌មាន មូលដ្ឋានសុវត្ថិភាពឌីជីថលក្នុងការប្រើប្រាស់អ៊ីនធឺណិត របៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មាន ព្រមទាំងការអនុវត្តជាក់ស្តែងលើការគ្រប់គ្រងគេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី ខេត្ត។
វគ្គនេះសិក្ខាកាមទទួលបានចំណេះដឹង និងជំនាញសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងគេហទំព័រ ការរក្សាសុវត្ថិភាពទិន្នន័យ ការការពារហានិភ័យតាមប្រព័ន្ធអ៊ីនធឺណិត ការប្រើប្រាស់ពាក្យសម្ងាត់ឱ្យមានសុវត្ថិភាព ការបម្រុងទុកទិន្នន័យ និងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធជាប្រចាំ។
វគ្គបណ្តុះបណ្តាលនេះផងដែរ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពមន្ត្រីជំនាញក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងរួមចំណែកពង្រឹងសុវត្ថិភាពប្រព័ន្ធព័ត៌មាននៅតាមអង្គភាពនានា។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១១៣នាក់ ដែលជាមន្ត្រីមកពីអង្គភាពចំណុះក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានរាជធានី ខេត្ត ហើយក្នុងនោះសិក្ខាកាមចំនួន ១១២នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។
ផ្សាយ:ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷រតនា














