ពលរដ្ឋក្នុងខណ្ឌឫស្សីកែវ អំពាវនាវឲ្យអាជ្ញាធរពិនិត្យ ទីតាំងអាជីវកម្មមួយកន្លែង ដែលសង្ស័យថាមានភាព មិនប្រក្រតី
(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ បានសម្តែងការព្រួយបារម្ភចំពោះ សកម្មភាពមិនប្រក្រតីនៅទីតាំងអាជីវកម្មមួយកន្លែង និងបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ឲ្យចុះពិនិត្យ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងដែលរងការសង្ស័យនេះ គឺជាហាងកាហ្វេមួយ កន្លែងយីហោ «រ៉ានី» ស្ថិតនៅតាមផ្លូវលំ ក្បែរផ្សារឆេ កូ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦។ ប្រភពដដែលបាន កត់សម្គាល់ឃើញថា ទីតាំងនេះមានមនុស្សចេញចូល ច្រើន និងមានការបង្កសំឡេងរំខាន ដែលធ្វើឲ្យប៉ះពាល់ ដល់ការរស់នៅរបស់ អ្នកជិតខាង និងបង្កជាក្តីបារម្ភលើ បញ្ហាសន្តិសុខក្នុងមូលដ្ឋាន។
ពលរដ្ឋបានលើកឡើងថា សកម្មភាពនេះបានកើតឡើង ជាបន្តបន្ទាប់ ដោយពុំទាន់ឃើញមានការចុះពិនិត្យ ឬ ចំណាត់ការណាមួយពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយនោះ ទេ។
យោងតាមស្ថានភាពនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរខណ្ឌឫស្សីកែវ ក៏ដូចជានគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ មេត្តាចុះស្រាវជ្រាវ និងពិនិត្យលើករណីនេះ ដើម្បី ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជា ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាព» ឲ្យមានប្រសិទ្ធភាពខ្ពស់៕
ផ្សាយ:ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦