ប្រតិភូស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តតាកែវ និងខេត្តកណ្តាល បានអញ្ជើញដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន ឆ្នាំ២០២៥ និងឆមាសទី១​ ឆ្នាំ ២០២៦ នៅខេត្តគៀងយ៉ាង ប្រទេសវៀតណាម​

ខេត្តអានយ៉ាង (ប្រទេសវៀតណាម) ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ប្រតិភូស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តតាកែវ និងខេត្តកណ្តាល បានអញ្ជើញដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន ឆ្នាំ២០២៥ និងឆមាសទី១ ឆ្នាំ២០២៦ រវាងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពត កែប តាកែវ និងខេត្តកណ្ដាល នៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរនគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្រុងភូហ្វឹក ខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

អង្គប្រជុំបានស្តាប់របាយការណ៍ បូកសរុបលទ្ធផល នៃកិច្ចប្រតិបត្តិការ ការពារសន្តិសុខព្រំដែន បង្ការទប់ស្កាត់ បង្ក្រាបបទបទល្មើសនានា តាមតំបន់ព្រំដែនគោក និងតាមតំបន់ទឹកប្រវត្តិសាស្ត្រ នៃប្រទេសទាំង២ រួមមាន៖ បទល្មើសឆ្លងដែន បទល្មើសនេសាទ ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ ការជួញដូរអាវុធ ការជួញដូរគ្រឿងញៀន បទល្មើសសេដ្ឋកិច្ច បទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗទៀត។

ក្នុងឱកាសនោះដែរ លោកនាយកមន្ទីរនគរបាលខេត្តគៀងយ៉ាង វៀតណាម និង លោកស្នងការនគរបាលទាំង៦ខេត្ត ខាងកម្ពុជា បានមានប្រសាសន៍ ដោយបានឯកភាពលេីរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំកន្លងមក និងរបាយការណ៍៦ខែដើមឆ្នាំ២០២៦ ព្រមទាំងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំលើ កិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ព្រំដែន រវាងប្រទេសទាំងពីរ ប្រែក្លាយជាព្រំដែនប្រកបដោយ សុខសន្តិភាព និងការអភិវឌ្ឍន៍ និងបន្តរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំបន្ថែមទៀត អង្គប្រជុំក៏បានបញ្ចប់ដោយភាគីទាំងសងខាងបានចុះហត្ថលេខា និងជូនវត្ថុអនុស្សាវរីយ៍ឱ្យគ្នាទៅវិញទៅមក៕

 

ផ្សាយ​:ថ្ងៃទី​៣០ ខែឧសភា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​អគ្គ​ស្នងការ​នគរបាលជាតិ​(FB)

ព័ត៌មានដែលជាប់ទាក់ទង