ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីពង្រឹងកិច្ចសហការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams នៅក្នុងភូមិ​សាស្រ្ត​ខេត្តមណ្ឌលគិរី​

(ខេត្ត​មណ្ឌលគិរី)​: កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦​ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីពង្រឹងកិច្ចសហការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams នៅក្នុងភូមិ​សាស្រ្ត​ខេត្តមណ្ឌលគិរី​ ដោយមានការចូលរួមពីសំណាក់លោក អនុប្រធានសាលាដំបូងខេត្ត លោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការ បញ្ជាការរងកងកម្លាំងទាំងបី​ ប្រធាន​មន្ទីរ​ អង្គភាព​ជុំវិញខេត្ត​ អភិបាលក្រុង-ស្រុក អធិការក្រុង-ស្រុក និងមន្រ្តីពាក់ព័ន្ធ​ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ​ គ​សាលាខេត្តមណ្ឌលគិរី។

នាឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យ វាយតម្លៃ និងដាក់ចេញវិធានការបន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងបទល្មើសបច្ចេកវិទ្យាផ្សេងៗ។ ដូច្នេះ ការពង្រឹងកិច្ចសហការរវាងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ក្នុងការស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញគ្រប់ទម្រង់ ព្រមទាំង ជំរុញការផ្សព្វផ្សាយ អប់រំ និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីហានិភ័យ និងវិធីការពារខ្លួន ពីការឆបោកតាមប្រព័ន្ធអនឡាញ ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក និងកងម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវសហការគ្នា និងបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជាពិសេស ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព៕

 

ផ្សាយ​:ថ្ងៃទី​៣១ ខែឧសភា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី

 

ព័ត៌មានដែលជាប់ទាក់ទង