ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៣០លានរៀលរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ប្រគល់ជូន វីរនគរបាលបង្ក្រាបគ្រឿងញៀន ដែលកំពុងបន្តសម្រាកព្យាលជំងឺ ដល់គេហដ្ឋាន

(រាជធានីភ្នំពេញ)​ ៖ អនុវត្តតាមអនុសាសន៍ណែនាំ ដ៏ដូចជាការយកចិត្តខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំនាយនគរបាល ចុះមកសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៣០លានរៀល និងបាច់ផ្ការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ស ថេត ជូនលោកអនុសេនីយ៍ឯក ធាង ឧត្តម ដល់គេហដ្ឋាន ស្ថិតនៅផ្ទះលេខ២៤៧ ផ្លូវបេតុង ភូមិមិត្ដភាព ឃុំព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលទើបត្រឡប់មកពីសម្រាកព្យាបាល នៅប្រទេសវៀតណាម។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ថា បើទោះបីកងកម្លាំងរបស់យើងរងរបួសនៅពេលចុះប្រតិបត្ដិការណ៍បង្ក្រាបបទល្មើសក្នុងកម្រិតណាក៏ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ របស់យើងគ្រប់លំដាប់ថ្នាក់ មិនទុកមន្ត្រីរូបណាចោលនោះទេ គឺតែងតែយកចិត្តទុកដាក់ ជំរុញ ការមើលថែ ការព្យាបាល និងការសួរសុខទុក្ខជានិច្ច ជាក់ស្ដែងដូចជាករណីនេះជាដើម។

ក្នុងនោះដែរ លោកអនុសេនីយ៍ឯក ធាង ឧត្តម និងក្រុមគ្រួសារ បានសម្ដែងនូវក្ដីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមេត្តាធម៌ របស់ថ្នាក់ដឹកនាំ ដែលបានផ្តល់ភាពកក់ក្តៅដល់រូបលោក និងក្រុមគ្រួសារដោយមិនបោះបង់ឱ្យនៅឯកោ នោះឡើយ និងបានជួយទំនុបបំរ៉ុងរហូតមក។

គូសបញ្ជាក់ថា ៖ វីរនគរបាល លោកអនុសេនីយ៍ឯក ធាង ឧត្តម (អត្តលេខ ៦៨៧៣១) បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបសំបុកឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប្រដាប់អាវុធ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

នៅទីបញ្ចប់ លោកអនុសេនីយ៍ឯក ធាង ឧត្តម បានលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ សូមប្រទានពរជ័យជូនដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងគណៈប្រតិភូទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជនជានិច្ចនិរន្តរ៍៕

 

ផ្សាយ​:ថ្ងៃទី​៣១ ខែឧសភា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​Anti-Drug Department​(FB)

 

ព័ត៌មានដែលជាប់ទាក់ទង