ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញជួបសំណេះសំណាលជាមួយភរិយារបស់វិរ:កងទ័ពជួរមុខ ក្នុងស្រុកកោះធំ ដែលបានទៅការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃ តាមបណ្ដាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

(ខេត្តកណ្តាល)៖ ដោយទទួលបានការផ្តាំផ្ញើ និងណែនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅរៀងរាល់កម្មវិធី កិច្ចប្រជុំ ឱ្យអាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ពីជីវភាព មនោសញ្ចេតនា ការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ក្រុមគ្រួសារ ពិសេសភរិយា និងកូនៗរបស់កងទ័ពនៅជួរមុខ បន្ទាប់ពីបញ្ចប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកកោះធំ រួចមក នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្ដម វ៉ា ស៉ីមសូរិយា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជេីញជួបសំណេះសំណាលជាមួយភរិយារបស់វិរ:កងទ័ពជួរមុខ ក្នុងស្រុកកោះធំ ចំនួន ៩គ្រួសារ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានបញ្ជាក់ថាភរិយា និងកូនៗរបស់កងទ័ព ជាអ្នកទទួលរងនូវផលប៉ះពាល់ ទុក្ខលំបាកដោយផ្ទាល់ពីការឃ្លាតឆ្ងាយពីប្តី ពីឪពុក ជាកងទ័ពនៅជួរមុខនេះគឺជាការលះបង់មួយដ៏ធំធេង ហើយការលំបាករបស់កងទ័ពជួរមុខរបស់យើង គឺមានតែក្រុមគ្រួសារផ្ទាល់ទេ ដែលដឹងច្បាស់អំពីសុខទុក្ខរបស់ពួកគាត់។ តែសម្រាប់ប្រជាពលរដ្ឋដែលមិនមានសាច់ញាតិជាកងទ័ពជួរជួរមុខ បានត្រឹមដឹងសុខទុក្ខតាមរយៈការបង្ហាញដោយសារព័ត៌មាន ឬវីដេអូសកម្មភាពផ្សេងៗ ដូចនេះមានតែក្រុមគ្រួសារវីរៈកងទ័ពជួរមុខនោះទេ ដែលមានការឈឺចាប់ខ្លាំងជាងបងប្អូនរបស់យើងផ្សេងទៀត ព្រោះថាការរំលោភបំពានទឹកដីពីសំណាក់យោធាថៃ និងការធ្វើឱ្យវីរៈកងទ័ពរបស់យើងទទួលរងគ្រោះថ្នាក់ផ្សេងៗ ដែលធ្វើឱ្យយើងជាក្រុមគ្រួសារវីរៈកងទ័ពជួបមុខ មានការឈឺចាប់បំផុត។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា យល់ពីការលំបាកដូច្នេះហើយ ទើបរាជរដ្ឋាភិបាលតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តរក្សាវប្បធម៌សួរសុខទុក្ខក្រុមគ្រួសារ ភរិយា របស់កងទ័ពជួរមុខដែលមករស់នៅមូលដ្ឋាន ដើម្បីក្តាប់បាន និងដោះស្រាយនូវបញ្ហាប្រឈម សំណូមពររបស់ពួកគាត់ និងត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនគ្រួសារកងទ័ពជួរមុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យវីរៈកងទ័ពរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនមានអារម្មណ៍ស្ងប់ ព្រោះថាក្រុមគ្រួសាររបស់គាត់ត្រូវបានយកចិត្តទុកដាក់ មើលការខុសត្រូវ និងមិនបោះបង់ពួកគាត់ចោលឡើយ នោះធ្វើអោយស្មារតីក្នុងការការពារបូរណភាពទឹកដីរបស់យើង កាន់តែអង់អាចក្លាហាន មោះមុត ក្នុងការការពារបូរណភាពទឹកដី។
ជាមួយគ្នានេះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បាននាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដោយក្ដីនឹករលឹកបំផុត។
ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានជម្រាបជូនដល់ក្រុមគ្រួសារវីរៈកងទ័ពជួរមុខ នៅពេលជួបបញ្ហាប្រឈម សំណូមពរ សូមរាយការណ៍ជូនអាជ្ញាធរដែលនៅជិតបំផុត ដើម្បីពួកគាត់ជួយសម្របសម្រួល និងដោះស្រាយបានទាន់ពេលវេលា ហើយក៏សូមឱ្យបងប្អូន មានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែលនៅជិតខ្លួន ដើម្បីមានភាពងាយស្រួលក្នុងការផ្ដល់ព័ត៌មាន ឬតម្រូវការចាំបាច់ណាមួយដែលបងប្អូនត្រូវការ ដើម្បីឱ្យពួកគាត់បានជួយផ្ដល់សេវាឱ្យបានលឿន រហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បាន ឧបត្ថម្ភដល់ភរិយារបស់វិរ:កងទ័ពជួរមុខទាំង ៩ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ២០ម៉ឺនរៀល អង្គរ ៥០ គីឡូ មី១កេស ទឹកផ្លែឈើ ១កេស ទឹកស៊ីអ៉ីវ១យួរ និងទឹកត្រី ១យួរ ។
ផ្សាយ:ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷រដ្ឋបាលខេត្តកណ្តាល(FB)









