ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចេញសេចក្តីថ្លែងការណ៍ដែល មានអត្ថន័យសង្ខេបដូចខាងក្រោម៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូម ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និង សម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវ បានសាងសង់ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។ ជណ្តើរនេះ មានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ ប្រាសាទ ដោយត្រូវបានកសាងឡើងក្នុងគោលបំណងគាំទ្រដល់ ការអភិរក្ស និងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រមទាំងសម្រួល ដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ និងសហគមន៍ មូលដ្ឋាន។
(រាជធានីភ្នំពេញ): ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូម ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និង សម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវ បានសាងសង់ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។ ជណ្តើរនេះ មានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ ប្រាសាទ ដោយត្រូវបានកសាងឡើងក្នុងគោលបំណងគាំទ្រដល់ ការអភិរក្ស និងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រមទាំងសម្រួល ដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ និងសហគមន៍ មូលដ្ឋាន។
ការបំផ្លិចបំផ្លាញដោយចេតនាទៅលើហេដ្ឋារចនាសម្ព័ន្ធនេះ គឺជា ទង្វើបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌវប្បធម៌ និងដល់ កិច្ចខិតខំប្រឹងប្រែងអភិរក្សដែលកម្ពុជាបានអនុវត្តអស់រយៈពេល ជាច្រើនឆ្នាំមកហើយ។ ទង្វើនេះគឺជាផ្នែកមួយនៃការប៉ុនប៉ងកាន់តែ ច្បាស់ក្នុងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី បង្កើត ស្ថានភាព Fait accompli និងជាការប៉ុនប៉ងលុបបំបាត់ភស្តុតាងជាក់ស្តែងដែលបង្ហាញពីការគ្រប់គ្រង ការអភិរក្ស និងការ ថែរក្សាទីតាំងប្រាសាទ និងទេសភាពវប្បធម៌ជុំវិញ ដោយកម្ពុជាជា យូរលង់មកហើយ។ សកម្មភាពបែបនេះផ្ទុយនឹងគោលការណ៍ មូលដ្ឋានស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងមិនស្របតាម កាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការការពារសម្បត្តិវប្បធម៌សម្រាប់ មនុស្សជំនាន់បច្ចុប្បន្ន និងជនជំនាន់ក្រោយនោះទេ។
ជាមួយគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមធ្វើការតវ៉ាយ៉ាង ម៉ឹងម៉ាត់បំផុត និងបដិសេធទាំងស្រុងចំពោះផែនការរបស់ភាគីថៃ ក្នុងការរៀបចំព្រឹត្តិការណ៍សាធារណៈ ពិធីសាសនា សកម្មភាព ទេសចរណ៍ និងការបើកប្រាសាទតាក្របីឱ្យសាធារណជនចូល ទស្សនា ព្រមទាំងការលក់សំបុត្រចូលទស្សនា ដែលគ្រោងអនុវត្ត នៅថ្ងៃទី៦ និងទី៧ ខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមគូសបញ្ជាក់ជាថ្មីថា ប្រាសាទ តាក្របី និងប្រាសាទខ្នារ ជាទីតាំងបេតិកភណ្ឌវប្បធម៌ និង ប្រវត្តិសាស្ត្រដែលស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រ កម្ពុជា ដូចមានបញ្ជាក់ច្បាស់តាមសន្ធិសញ្ញានិងអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងលិខិតូបករណ៍ ច្បាប់ពាក់ព័ន្ធដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។
ការរៀបចំសកម្មភាពសាធារណៈ ការទទួលភ្ញៀវទេសចរ និងការ ប្រមូលថ្លៃចូលទស្សនាដោយអាជ្ញាធរថៃនៅប្រាសាទតាក្របី គឺជា ការអនុវត្តអំណាចដោយខុសច្បាប់លើទឹកដីកម្ពុជា និងជា ការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដី របស់កម្ពុជា។ សកម្មភាពទាំងនេះមិនអាចទទួលយកបានឡើយ ហើយជាគោលបំណងបង្កើតការយល់ច្រឡំថាមានការគ្រប់គ្រង រដ្ឋបាលរបស់ភាគីថៃលើទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បដិសេធយ៉ាងដាច់ខាតចំពោះ ការប៉ុនប៉ងណាមួយក្នុងការធ្វើឱ្យមានភាពស្របច្បាប់ ឬធ្វើឱ្យ ក្លាយជារឿងប្រក្រតីលើការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ នេះ តាមរយៈសកម្មភាពទេសចរណ៍ វប្បធម៌ សាសនា ឬ រដ្ឋបាល។ សកម្មភាពទាំងនេះគ្មានអានុភាពផ្លូវច្បាប់ និងមិនអាច កែប្រែអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាលើប្រាសាទតាក្របី បានឡើយ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អំពាវនាវដល់រាជរដ្ឋាភិបាលថៃឱ្យ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ រួមទាំងប្រតិបត្តិ ការទេសចរណ៍ ការលក់សំបុត្រចូលទស្សនា និងរាល់សកម្មភាព ដែលបង្កការខូចខាត កែប្រែ ឬរំខានដល់ទីតាំងបេតិកភណ្ឌវប្បធម៌ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។ ក្រសួងក៏ជំរុញឱ្យភាគីថៃគោរព កាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ចៀសវាងសកម្មភាព ដែលអាចបង្កើនភាពតានតឹង និងចៀសវាងវិធានការណាមួយ ដែលអាចប៉ះពាល់ដល់ការដោះស្រាយបញ្ហានេះដោយសន្តិវិធី។
ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារ អធិបតេយ្យភាពរបស់ខ្លួន អភិរក្សបេតិកភណ្ឌវប្បធម៌ និងបន្ត ស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ និងការទូតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងមរតក វប្បធម៌របស់ជាតិ។


ផ្សាយ:ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ