អភិបាលខេត្តព្រះសីហនុ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ គឺជាកិច្ចការអាទិភាពដែលត្រូវ អនុវត្តឱ្យបានម៉ឺងម៉ាត់ ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

(ខេត្តព្រះសីហនុ): មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុប និង ដាក់ទិសដៅការងារបន្តរបស់ក្រុមការងារទី២ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិកានៃអគ្គលេខាធិ ការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានសង្កត់ចំៗយ៉ាងដូចនេះថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ គឺជាកិច្ចការអាទិភាពដែលត្រូវ អនុវត្តឱ្យបានម៉ឺងម៉ាត់ ស្របតាមបទបញ្ជារបស់ប្រមុខរាជ រដ្ឋាភិបាល។
ឯកឧត្តមអភិបាលខេត្តក៏បានណែនាំឱ្យបន្តត្រួតពិនិត្យ និងវាយតម្លៃទីតាំងដែលស្នើសុំភ្ជាប់សេវាអ៊ីនធឺណិតក្នុងកម្រិតខ្ពស់ ជាពិសេសចាប់ពី ១០០GB ឡើងទៅ ព្រមទាំងការតភ្ជាប់បណ្តាញ អគ្គិសនី ទឹកស្អាត និងសេវាសាធារណៈផ្សេងៗ ដើម្បីទប់ស្កាត់ការប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានវាយតម្លៃ ខ្ពស់ចំពោះលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុ ដែលសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការ បង្ក្រាបបទល្មើស Online Scam។ ក្រុមការងារបានចុះត្រួតពិនិត្យ និងបិទទីតាំងពាក់ព័ន្ធជាច្រើន ដើម្បីធានាថាមិនមានការប្រព្រឹត្តបទ ល្មើសឡើងវិញ។
ឯកឧត្តមបណ្ឌិត យ៉េត វីណែល ក៏បានវាយតំលៃខ្ពស់ និងធ្វេីការថ្លែងអំណរគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ តំណាងអយ្យការ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការ យ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើស Online Scam ប្រកបដោយ ប្រសិទ្ធភាព និងទទួលបានលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់៕
លេីសពីនេះឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិកានៃអគ្គលេខាធិ ការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិ ការដ្ឋាន គ.ប.ឆ.ប បានបញ្ជាក់ថា ចំពោះទីតាំងការស៊ីណូ ណាដែលរក ឃើញថាមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការចាប់បង្ខាំង ឬជំរិតទារប្រាក់ ក្រុមការងារនឹងចាត់វិធានការតឹងរ៉ឹង រួមទាំងការដកហូតអាជ្ញាប័ណ្ណ បង្កកគណនីធនាគារ និងផ្តន្ទាទោស តាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ការកើតមានឡើងវិញនៃបទល្មើសទាំងនេះ។
ផ្សាយ:ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាងស៊ីណេត/MangSineth











