ឯកឧត្តមបណ្ឌិត​ ឆាយ​ សុផល: ក្នុងបរិបទបរិវត្តកម្មឌីជីថល ការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក និងគេហទំព័រផ្លូវការ បានក្លាយជាយន្តការដ៏សំខាន់សម្រាប់ស្ថាប័នរដ្ឋ ក្នុងការផ្តល់ព័ត៌មានជូនសាធារណជន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ទាន់ពេលវេលា និងអាចជឿទុកចិត្តបាន។

(រាជធានី​ភ្នំពេញ)​: នាព្រឹកថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឆាយ សុផល បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានតាមគេហទំព័រ» នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១១២នាក់ មកពីអង្គភាពក្រោមឱវាទក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មាន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឆាយ សុផល បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្ស គឺជាកិច្ចការសំខាន់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា ក្នុងបរិបទបរិវត្តកម្មឌីជីថល ការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក និងគេហទំព័រផ្លូវការ បានក្លាយជាយន្តការដ៏សំខាន់សម្រាប់ស្ថាប័នរដ្ឋ ក្នុងការផ្តល់ព័ត៌មានជូនសាធារណជន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ទាន់ពេលវេលា និងអាចជឿទុកចិត្តបាន។ គេហទំព័រផ្លូវការ មិនត្រឹមតែជាបណ្តាញផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបង្អួចសម្រាប់បង្ហាញសមិទ្ធផល សកម្មភាព និងសេវាសាធារណៈរបស់ស្ថាប័ន ទៅកាន់ប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធផងដែរ។

ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ថា ការមានគេហទំព័រតែមួយមុខ មិនទាន់គ្រប់គ្រាន់នោះទេ។ អ្វីដែលសំខាន់ គឺការធានាឱ្យមានខ្លឹមសារព័ត៌មានថ្មីៗ ទាន់ពេលវេលា ត្រឹមត្រូវ និងមានគុណភាព។ ដូច្នេះ វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ក្នុងការបន្តពង្រឹងសមត្ថភាពមន្ត្រី ឱ្យអាចផលិតខ្លឹមសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងលើកកម្ពស់ប្រសិទ្ធភាពគេហទំព័ររបស់អង្គភាពឱ្យកាន់តែប្រសើរឡើង។

នៅចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានប្រកាសបើកជាផ្លូវការ វគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានតាមគេហទំព័រ» ចាប់ពីពេលនោះតទៅ៕

 

ផ្សាយ​:ថ្ងៃទី​២៣ ខែមិថុនា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)

ប្រភព​:មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ វិ​ក្រឹត​ការ​វិជ្ជាជីវៈ​សារព័ត៌មាន

 

ព័ត៌មានដែលជាប់ទាក់ទង