ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតគុយបា បន្តរួមគ្នាពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគី រួមទាំងវិស័យសន្តិសុខ!

(រាជធានី​ភ្នំពេញ)​: ជំនួបនៅទីស្តីការក្រសួងមហាផ្ទៃ រវាងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូត សាធារណរដ្ឋគុយបា ប្រចាំកម្ពុជា នារសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្តល់ ឱកាសភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរ យោបល់គ្នា អំពីសាវតានៃទំនាក់ទំនងទ្វេភាគី លទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និង ការឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុង វិស័យសន្តិសុខ។

រំលឹកប្រវត្តិទំនាក់ទំនងប្រទេសទាំងពីរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានសំដែងការ ដឹងគុណ ចំពោះមរតកចំណងការទូត ក្រោមស្នា ព្រះហស្ថព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង ឯកឧត្តម ហ៊ីដេ កាស្ត្រ អតីតមេដឹកនាំកំពូល គុយបា ជាពិសេសនៅក្រោយការដួលរលំនៃ របបខ្មែរក្រហម គុយបា បានរួមចំណែកជួយ ជ្រោមជ្រែងការស្តារ និងកសាងប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាកនោះ ហើយដែលថ្នាក់ដឹកនាំ បន្តវេនជំនាន់នេះ ប្តេជ្ញាពូនជ្រុំឱ្យបានរឹងមាំ និង ប្រកបដោយផ្លែផ្កា។

ភ្ជាប់ការរំលឹកពីចំណងការទូត លោកជំទាវ ឯកអគ្គរដ្ឋទូតគុយបា បានបង្ហាញក្តីរីករាយ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ និយាយជារួម និង ដោយឡែកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងមហាផ្ទៃកម្ពុជា។ លោកជំទាវ ក៏បានថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិ បណ្ឌិត ដែលតាមរយៈអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានផ្តល់ការសម្របសម្រួលជូន ប្រជាពលរដ្ឋគុយបា ដែលជួបបញ្ហាពាក់ព័ន្ធនឹង លិខិតឆ្លងដែន។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានមានប្រសាសន៍ កោតសរសើរអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានកំពុងដំណើរការកិច្ចប្រជុំ Hotline ជា ទៀងទាត់ ជាមួយបណ្តាស្ថានទូតនៅកម្ពុជា រួម ទាំងស្ថានឯកអគ្គរដ្ឋទូតគុយបា។ លោកជំទាវ ចាត់ទុកកិច្ចប្រជុំនេះ ថាជាការផ្តល់ឱកាសឱ្យ គ្រប់ភាគីទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈម និង បង្កលក្ខណៈងាយស្រួលផ្សេងៗទៀតពាក់ព័ន្ធ នឹងការងារអន្តោប្រវេសន៍ ដែលលោកជំទាវ ចាត់ទុកជាគំរូ និងសូមផ្តល់ការលើកទឹកចិត្ត ខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះ កម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណអតីត ឯកអគ្គរដ្ឋទូតគុយបា ក្រុមគ្រូបង្វឹក និងកីឡាករ គុយបា ដែលបានចូលរួមចំណែកជ្រោមជ្រែង ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ឱ្យទទួល បានលទ្ធផលល្អ គឺទទួលបានមេដាយប្រាក់ ក្នុង ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឆ្លើយតបសំណូមពរឯកឧត្តមអភិសន្តិបណ្ឌិត លោកជំទាវឯកអគ្គរដ្ឋទូតគុយបាថ្មី បានសន្យា បន្តជួយជ្រោមជ្រែងវិស័យកីឡានេះ ទន្ទឹមគ្នានិង ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទៀតឱ្យកាន់តែរីកចម្រើន៕

 

ផ្សាយ​:ថ្ងៃទី​២៦ ខែមិថុនា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

ប្រភព​:H.E​ Abhisantibindit Sar Sokha

 

 

 

ព័ត៌មានដែលជាប់ទាក់ទង