ពលរដ្ឋស្នើឯកឧត្តម ឃួង ស្រេង ចាត់វិធានការលើក្រុមហ៊ុន Container ចាក់ដីលុបប្រឡាយ និងសង់របងបិទផ្លូវសាធារណៈក្រោមផ្លូវល្បឿនលឿន នៅខណ្ឌពោធិ៍សែនជ័យ


ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦
​[ភ្នំពេញ]: ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានសម្តែងការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះក្រុមហ៊ុនដេប៉ូ Container មួយកន្លែង ដែលបានចាក់ដីរំលោភបំពានលុបលើប្រឡាយទឹកសាធារណៈ ថែមទាំងសង់របងបេតុងបិទផ្លូវធ្វើដំណើរដែលពលរដ្ឋធ្លាប់អាស្រ័យផលឆ្លងកាត់ជាច្រើនឆ្នាំមកហើយ។ ករណីនេះ ត្រូវបានប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក និងប្រជាពលរដ្ឋមូលដ្ឋានរាយការណ៍ និងដកស្រង់មកបញ្ជាក់ជាបន្តបន្ទាប់។
​យោងតាមរូបភាពជាក់ស្តែងពីកន្លែងកើតហេតុ ទីតាំងរំលោភបំពាននេះស្ថិតនៅត្រង់ចំណុចក្រោមផ្លូវល្បឿនលឿន ក្នុងសង្កាត់ត្រពាំងក្រសាំង My ក្រុមហ៊ុនបានធ្វើការចាក់ដីពង្រីកទីធ្លារបស់ខ្លួន និងសង់របងបេតុងយ៉ាងរឹងមាំ បិទផ្លូវធ្វើដំណើរដែលពលរដ្ឋធ្លាប់អាស្រ័យផល ខណៈដែលប្រឡាយទឹកសាធារណៈត្រូវបានកាត់ផ្តាច់ និងបង្រួមតូចបំផុត បណ្តាលឱ្យកកស្ទះទឹកស្អុយ និងសំរាមយ៉ាងធ្ងន់ធ្ងរ។
​ករណីនេះបើពិនិត្យលើទិដ្ឋភាពផ្លូវច្បាប់៖
​សកម្មភាពនៃការចាក់ដីលុបប្រឡាយ និងសង់របងបិទផ្លូវសាធារណៈដើម្បីធ្វើជាកម្មសិទ្ធិឯកជននេះ គឺល្មើសនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ៖
​ផ្អែកតាមច្បាប់ភូមិបាលឆ្នាំ២០០១ មាត្រា ១៥៖ បានចែងយ៉ាងច្បាស់ថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន «ផ្លូវថ្នល់ ផ្លូវរទេះភ្លើង ផ្លូវដើរ» និង «ទន្លេ ព្រែក ស្ទឹង បឹង បឹងធម្មជាតិ ប្រឡាយ… ដែលប្រើប្រាស់សម្រាប់ជាប្រយោជន៍សាធារណៈ»។ ទ្រព្យសម្បត្តិទាំងនេះជាដីសាធារណៈរបស់រដ្ឋ ដែលមិនអាចមានបុគ្គលណាម្នាក់យកធ្វើជាកម្មសិទ្ធិឯកជន ឬលក់ដូរបានឡើយ។
​មាត្រា ២៥៩ នៃច្បាប់ភូមិបាល៖ ការប៉ះពាល់ ឬការកាន់កាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចាប់ពី ២,០០០,០០០ រៀល ដល់ ១០,០០០,០០០ រៀល និង/ឬ ផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ១ ខែ ដល់ ១ ឆ្នាំ។ លើសពីនេះ អ្នករំលោភបំពានត្រូវបង្ខំឱ្យរុះរើសំណង់ និងប្រគល់ដីនោះមកឱ្យរដ្ឋវិញក្នុងស្ថានភាពដើម ដោយការចំណាយជាបន្ទុករបស់អ្នកប្រព្រឹត្តល្មើស។
​សម្រែកអំពាវនាវ និងសំណូមពរពីប្រជាពលរដ្ឋ៖
​តាមរយៈរូបភាពភស្តុតាង និងប្រភពព័ត៌មានដែលបានដកស្រង់ ប្រជាពលរដ្ឋ បានដាក់ក្តីសង្ឃឹម និងគោរពស្នើសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ដូចខាងក្រោម៖
​គោរពស្នើសុំ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធមេត្តាជួយពិនិត្យ និងចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ចុះពិនិត្យលើទីតាំងក្រុមហ៊ុន Container នេះ និងបញ្ជាឱ្យមានការបើកផ្លូវទឹក ក៏ដូចជាផ្លូវធ្វើដំណើរឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រយោជន៍រួម។
​ស្នើសុំ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធ មេត្តាកុំអល់អែក ឬមើលរំលងទុក្ខកង្វល់របស់រាស្ត្រ។ ពលរដ្ឋស្នើឱ្យអាជ្ញាធរខណ្ឌចុះវាស់វែង កំណត់ព្រំប្រឡាយ និងផ្លូវសាធារណៈឱ្យបានច្បាស់លាស់ ដើម្បីដកហូតយកដី និងផ្លូវដែលរងការរំលោភបំពានមកវិញ។
​ប្រជាពលរដ្ឋបានបញ្ជាក់ថា បញ្ហានេះបានអូសបន្លាយពេលរាប់ឆ្នាំមកហើយ បង្កការលំបាកទាំងការធ្វើដំណើរ និងការលិចលង់នៅរដូវវស្សា។ ពួកគាត់សង្ឃឹមថា ក្រោយពីមានការចុះផ្សាយនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងមិនបណ្តែតបណ្តោយឱ្យពាណិជ្ជករណាម្នាក់យកច្បាប់មកទ្រាប់អង្គុយ ដោយរំលោភលើប្រយោជណៈសាធារណៈបែបនេះទៀតឡើយ។
​អង្គភាពសារព័ត៌មានយើងខ្ញុំ មិនទាន់អាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុន Container ឬអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបាននៅឡើយទេជុំវិញករណីខាងលើនេះ។ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយ និងបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ ដើម្បីឱ្យស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

ព័ត៌មានដែលជាប់ទាក់ទង