រដ្ឋមន្ត្រីវៀតណាម គាំទ្រឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តួចផ្តើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្តូរ ព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការ បង្ក្រាបបទល្មើស រួមទាំង Online Scams

(រាជធានី​ភ្នំពេញ)​: គំនិតផ្តួចផ្តើមរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើតយន្តការឱ្យមានមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ប្រចាំការ ផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការ បង្ក្រាបបទល្មើស រួមទាំងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្របសម្រួល នីតិវិធីអន្តោប្រវេសន៍ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង រដ្ឋមន្ត្រី ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ផ្តល់ការគាំទ្រប្រកបដោយទំនុកចិត្ត ខ្ពស់។

គំនិតផ្តួចផ្តើម និងការបញ្ជាក់គាំទ្រនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង ដឹកនាំ គណៈប្រតិភូ ជួបពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅទីស្តីការ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ច ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ កម្ពុជា-ឡាវ-វៀតណាម ដែលក្រសួងមហាផ្ទៃនៃ ព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅ ថ្ងៃទី៣០ ខែមិថុនានេះ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយក រដ្ឋមន្ត្រី យន្តការមន្ត្រីប្រចាំការត្រីភាគីនេះ មាន គោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិ ការផ្លាស់ប្តូរព័ត៌មានដល់គ្នាទៅវិញទៅមក ឱ្យបានលឿនរហ័ស និងប្រកបដោយ ប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលា ទៅ នឹងសភាពការណ៍នៃការប្រឈមបទល្មើស ជាអាទិ៍ ការផ្លាស់ប្តូរទិន្នន័យជនបរទេសធ្លាប់ ប្រព្រឹត្ត ឬពាក់ព័ន្ធនឹងបទល្មើសដែលត្រូវបាន ដាក់ក្នុងបញ្ជីខ្មៅហាមចូលប្រទេសនីមួយៗ និង ការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បី បញ្ជូនពលរដ្ឋ ឱ្យគ្នាទៅវិញទៅមក ក្រោយការរក ឃើញពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សេងៗ ជាដើម។

ស្របគ្នានឹងការផ្លាស់ប្តូរយោបល់ក្នុងជំនួបជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ឡាវដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានឯកភាពគ្នាបង្កលក្ខណៈ ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ឆ្លៀតពិភាក្សា និងផ្លាស់ប្តូរ យោបល់គ្នាបន្ថែមទៀត ក្នុងឱកាសក្រៅកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីលើកទី២នេះ ដោយមានជំនឿយ៉ាង មុតមាំថា យន្តការនេះនឹងលេចចេញជារូបរាង ហើយចាប់ផ្តើមធ្វើការជាមួយគ្នាក្នុងស្មារតី សហប្រតិបត្តិការប្រកបដោយមិត្តភាព សំដៅ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។

ក្រៅពីនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និង ក្រសួងនគរបាលវៀតណាម ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីបទពិសោធ និង លទ្ធផល នៃការអនុវត្តយន្តការសហប្រតិបត្តិ ការប្រចាំឆ្នាំ ដោយបានបង្ហាញការប្តេជ្ញាចិត្ត ខ្ពស់ អនុវត្តឱ្យបានសម្រេចជោគជ័យ តាម ស្មារតីនៃជំនួបពិភាក្សា និងការឯកភាពគ្នា របស់ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ៕

 

ផ្សាយ​:ថ្ងៃទី​៣០ ខែមិថុនា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា(Harry​VS)

ប្រភព​:ឯ.ឧ​អភិសន្តិ​បណ្ឌិត​ ស​ សុខា

 

ព័ត៌មានដែលជាប់ទាក់ទង