
ភ្នំពេញ៖ រលកនៃការខឹងសម្បារពីសំណាក់មហាជនកំពុងផ្ទុះឡើងយ៉ាងខ្លាំងជុំវិញករណីអំពើហិង្សាដ៏សាហាវឃោឃៅមួយ ដែលជនសង្ស័យឈ្មោះ Deva Sena បានលួងលោមយកក្មេងស្រីរងគ្រោះទៅប្រព្រឹត្តអំពើហិង្សាដល់ក្នុងផ្ទះរបស់ខ្លួន។ រាល់សកម្មភាពទាំងនេះ ត្រូវបានអង្គភាព «ទេព ប៉ុន ព័ត៌មាន» ជាអ្នកតាមដាន និងរកឃើញភស្តុតាងវីដេអូ ដែលក្រោយមកត្រូវបានអង្គភាព ASEAN DAILY ធ្វើការដកស្រង់ និងចុះផ្សាយបន្តដើម្បីជួយទាមទារយុត្តិធម៌។
គួរឱ្យកត់សម្គាល់ថា គិតចាប់តាំងពីថ្ងៃដែល «ទេព ប៉ុន ព័ត៌មាន» បានចាប់ផ្តើមចុះផ្សាយករណីនេះជាលើកដំបូង រហូតមកដល់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៦ នេះ គឺមានរយៈពេលយូរមកហើយ ប៉ុន្តែអ្វីដែលមហាជន និងក្រុមគ្រួសារជនរងគ្រោះទទួលបាន គឺភាពស្ងប់ស្ងាត់ពីសំណាក់សមត្ថកិច្ច។ គ្មានការកោះហៅ គ្មានការឃាត់ខ្លួន និងគ្មានដំណោះស្រាយផ្លូវច្បាប់ណាមួយជូនជនរងគ្រោះឡើយ។ ការពន្យារពេលនេះ កាន់តែធ្វើឱ្យមហាជនដាក់ការសង្ស័យថា ដោយសារតែជនសង្ស័យមានខ្នងបង្អែកជាមន្ត្រីមានឋានៈ «ផ្កាយពីរ» ទើបសំណុំរឿងហាក់ត្រូវបានគេបំភ្លេចចោល។
ក្នុងនាមជាអង្គភាពសារព័ត៌មានដែលតាមដានករណីនេះ សូមគោរពអំពាវនាវយ៉ាងទទូចដល់៖
១. ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាជួយពិនិត្យ និងចាត់វិធានការលើភាពយឺតយ៉ាវនៃនីតិវិធីនេះ ដើម្បីកុំឱ្យឥទ្ធិពលបុគ្គលមកជាន់ឈ្លីលើច្បាប់។
២. ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយពិនិត្យ និងតាមដានករណីនេះដោយផ្ទាល់ ដើម្បីធានាបាននូវយុត្តិធម៌ជូនជនរងគ្រោះ ដែលរង់ចាំដំណោះស្រាយអស់ជាច្រើនថ្ងៃខែមកនេះ។
៣. សាធារណជន សូមបន្តជួយតាមដាន និងរក្សាសំឡេងទាមទារយុត្តិធម៌ ដើម្បីកុំឱ្យអំពើហិង្សាដ៏ឃោឃៅនេះត្រូវកប់បាត់ទៅវិញដោយសារអំណាច ឬឥទ្ធិពលបុគ្គល។
អង្គភាព «ទេព ប៉ុន ព័ត៌មាន» និង ASEAN DAILY សូមប្តេជ្ញាបន្តតាមដានករណីនេះរហូតទាល់តែឃើញយុត្តិធម៌។ យើងនឹងមិនបោះបង់ការទាមទារឱ្យមានការអនុវត្តច្បាប់ដោយស្មើភាពឡើយ។
យុត្តិធម៌យឺតយ៉ាវ គឺយុត្តិធម៌ដែលត្រូវបានបដិសេធ!
ប្រភពដើម៖ ទេព ប៉ុន ព័ត៌មាន
ការចុះផ្សាយបន្ត៖ ASEAN DAILY
ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៦
