កម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះជួយអន្តរាគមន៍សង្គ្រោះបាញ់ទឹកពន្លត់​ ករណីអគ្គីភ័យឆាបឆេះឃ្លាំងផ្ទុកទំនិញរបស់ចិនមួយកន្លែង ​ក្នុងក្រុងព្រះសីហនុ​។ 

(ខេត្តព្រះសីហនុ)​៖ នៅវេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ មានករណីគ្រោះអគ្គីភ័យឆាបឆេះឃ្លាំងផ្ទុកទំនិញមួយកន្លែង ស្ថិតក្នុងក្រុមទី១២ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់បទបញ្ជាភ្លាមៗដល់កម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឆឹម ផល្លី នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចេញជួយអន្តរាគមន៍សង្គ្រោះបាញ់ទឹកពន្លត់ភ្លើងនៅទីតាំងកើតហេតុ។

ក្នុងប្រតិបត្តិការសង្គ្រោះនេះ មានការចូលរួមពីអាជ្ញាធរមូលដ្ឋានក្រុងព្រះសីហនុ​ដឹកនាំដោយ​លោក​ សរ​ កក្កដា​ អភិបាល​ក្រុង​ព្រះសីហនុ​ រួមនឹងកម្លាំងសមត្ថកិច្ចចម្រុះពាក់ព័ន្ធក្នុងខេត្ត ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន០៦គ្រឿង ទឹកអស់ ចំនួន១០ឡាន ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យនៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន០១គ្រឿង ទឹកអស់ ០១ឡាន រថយន្តពន្លត់អគ្គីភ័យនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន០១គ្រឿង ទឹកអស់ ០២ឡាន រថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន០៣គ្រឿង ទឹកអស់ ០៥ឡាន និងរថយន្តពន្លត់អគ្គីភ័យ អង្គភាព៧១១ ចំនួន០១គ្រឿង ទឹកអស់ ០២ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាញ់ទឹកពន្លត់ភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង១៥:៥០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ហើយចំពោះករណីខាងលើ មិនបង្កឱ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

 

ផ្សាយ​:ថ្ងៃទី​៧ ខែកក្កដា​ ឆ្នាំ២០២៦​

កែសម្រួលដោយ:សៅ​ វាសនា​(Harry​VS)​

ប្រភព​: បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុ

 

ព័ត៌មានដែលជាប់ទាក់ទង