ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុស ឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋ គ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធ គ្រឿងញៀន

(ខេត្តកណ្តាល): ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន មានប្រសាសន៍ក្រើនរម្លឹក និងបំផុសស្មារតីដល់ យុវជន មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋ គ្រប់រូប ត្រូវរួមគ្នាថែរក្សាសមាជិកគ្រួសាររបស់ ខ្លួន កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។ សារនេះ មានគោលដៅរួមចំណែកទប់ស្កាត់បទល្មើស ជួយសង្គ្រោះពិសេសយុវជន និងជំរុញឱ្យ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទទួលបានជោគជ័យ ចាប់ពីកម្រិតគ្រួសារ និង មូលដ្ឋានតទៅ។
ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងការដុតបំផ្លាញ គ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតប បញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយ ភាពច្នៃប្រឌិត” នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកណ្តាល ឯកឧត្តមអភិសន្តិ បណ្ឌិត បានគូសបញ្ជាក់ថា ពិធីផ្សព្វផ្សាយនូវ ស្មារតីនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៦ និងការដុតបំផ្លាញគ្រឿងញៀនមនា ឱកាសនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកសម្រេចទស្សនវិស័យរបស់ រាជរដ្ឋាភិបាល ក្នុងការកសាងកម្ពុជា ទៅជា ប្រទេសមួយ ដែលគ្រឿងញៀន លែងជាឧបសគ្គ និងជាបញ្ហារបស់សង្គមជាតិ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាន បង្ហាញនូវក្តីព្រួយបារម្ភពីស្ថានភាពបទល្មើស គ្រឿងញៀន មានការប្រែប្រួលខុសប្លែកពីអតី តកាល នឹងមិនមែនជាបទល្មើសធម្មតាទៀត នោះឡើយ ប៉ុន្តែវាបានភ្ជាប់ខ្លួនយ៉ាងស្អិតរមួត ជាមួយឧក្រិដ្ឋកម្មឆ្លងដែន ការសម្អាតប្រាក់ ការ ជួញដូរមនុស្ស ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ក្នុងបណ្តាញឧក្រិដ្ឋកម្ម ដែលមានការ រៀបចំជាប្រព័ន្ធយ៉ាងស្មុគស្មាញ។ ក្នុងនោះក្រុម ឧក្រិដ្ឋជន តែងតែផ្លាស់ប្តូរមធ្យោបាយ និង ឧបាយកលជានិច្ច ក្នុងការលបលួចធ្វើសកម្មភាព ទុច្ចរិត ដើម្បីគេចផុតពីសំណាញ់ច្បាប់។
ទន្ទឹមនឹងការព្រួយបារម្ភ ប្រមុខក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ដែរថា សមត្ថកិច្ចកម្ពុជា ក៏បាន នឹងកំពុងបំពេញប្រតិបត្តិការយ៉ាងសកម្ម ក្នុង ការទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀននេះ ជាបន្តបន្ទាប់ ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០២៥ កន្លងមក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបង្ក្រាប និងរឹបអូស បានគ្រឿងញៀនសរុបប្រមាណជាង ៥តោន ដែលនឹងត្រូវដុតបំផ្លាញចោលចំពោះមុខ ប្រជាពលរដ្ឋ នាឱកាសនេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា បើពិនិត្យមើលនាពេល បច្ចុប្បន្ន ស្ទើរតែគ្មានគ្រួសារណាមួយដែលមិន រងផលប៉ះពាល់ ឬគ្មានសមាជិកពាក់ព័ន្ធនឹង បញ្ហាគ្រឿងញៀននោះឡើយ។ ដូច្នេះ ដើម្បី ចូលរួមទប់ស្កាត់ និងលុបបំបាត់បញ្ហានេះឱ្យ កាន់មានប្រសិទ្ធភាព មានតែការចូលរួមជា កម្លាំងសរុបពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការ ផ្តើមចេញពីគ្រួសារនីមួយៗ ក្នុងការតាមដាន អប់រំ និងណែនាំកូនចៅ ឱ្យជៀសឆ្ងាយពី គ្រឿងញៀន។
ក្នុងនាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមសន្តិបណ្ឌិត ស សុខា បានអំពាវនាវ យ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ សូមបន្ត ប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ដោយ រួមគ្នាជំរុញ និងអនុវត្តនូវរាល់វិធានការ និង ទិសដៅការងារដែលបានដាក់ចេញ ឱ្យទទួល បានលទ្ធផលជាផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់ បំផុត។
សូមបញ្ជាក់ថា សារធាតុញៀន និងសារធាតុគីមី ដែលសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាន ត្រូវដុតបំផ្លាញចោលនាឱកាសនោះ មាន ទម្ងន់សរុបចំនួន ៥តោន ៦២២គីឡូក្រាម ១២៩,៣០ក្រាម។ ក្នុងនោះ រួមមាន៖ សារធាតុ ញៀន ទម្ងន់ ៤តោន ៦១១គីឡូក្រាម ៨២១,៦៦ក្រាម និងសារធាតុគីមី ទម្ងន់ ១តោន ១០គីឡូក្រាម ៣០៧,៦៤ក្រាម៕
ផ្សាយ:ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:ឯកឧត្តមអភិសន្តិបណ្ឌិត(ឆាណែល)







