ព័ត៌មានអាប់ដេត (វគ្គ ២)៖ ករណីឃ្លាំងស្តុកទំនិញគ្មានផ្លាកយីហោ សាងសង់រំលោភយកបង្គោលភ្លើងរដ្ឋធ្វើជាកម្មសិទ្ធិក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ

រាជធានីភ្នំពេញ៖ បន្ទាប់ពីអង្គភាពព័ត៌មាន អាស៊ានដេលី បានធ្វើការផ្សព្វផ្សាយនូវអត្ថបទ និងរូបភាពជាក់ស្តែងក្នុងវគ្គទី ១ រួចមក ភាពអនាធិបតេយ្យ និងសកម្មភាពសាងសង់រំលោភបំពានយកបង្គោលភ្លើងរបស់រដ្ឋមកធ្វើជាសសរផ្ទះ និងដាក់ចំកណ្តាលតូបលក់ដូរ ហាក់បីដូចជាគ្មានការអើពើ ឬចុះអន្តរាគមន៍ណាមួយពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៅឡើយទេ។
ភាពស្ងៀមស្ងាត់ និងភាពយឺតយ៉ាវហាក់បីដូចជាបិទភ្នែកបិទត្រារបស់អាជ្ញាធរមូលដ្ឋានមួយចំនួន ធ្វើឱ្យមហាជនតាំងសួរសំណួរថា តើត្រូវរង់ចាំរហូតដល់មានអគ្គិភ័យឆាបឆេះស្លាប់មនុស្ស និងខូចខាតទ្រព្យសម្បត្តិវិនាសអន្តរាយ ទើបអាជ្ញាធរក្រោកឈរឡើងអនុវត្តច្បាប់ឬ? គួររំលឹកផងដែរថា ករណីរំលោភបំពានទ្រព្យសម្បត្តិរដ្ឋបែបនេះ បានកើតឡើងជាច្រើនដងមកហើយ ប៉ុន្តែភាពធូររលុង និងការខ្វះការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យពីសំណាក់មន្ត្រីជំនាញ បានបើកដៃឱ្យម្ចាស់ទីតាំងខិលខូចទាំងនោះ កាន់តែបានចិត្ត និងបន្តប្រព្រឹត្តអំពើអនាធិបតេយ្យដោយមិនខ្លាចញញើតនឹងផ្លូវច្បាប់សូម្បីបន្តិចឡើយ។
ភាពយឺតយ៉ាវ និងភាពស្ងៀមស្ងាត់នេះ កាន់តែធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុ មានការភ័យខ្លាច និងបារម្ភកាន់តែខ្លាំងឡើងៗ ចំពោះសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពួកគាត់។
ក្តីកង្វល់ និងបញ្ហាចម្បងៗដែលត្រូវបានលើកឡើងបន្ថែម៖
- គ្មានផ្លាកយីហោ ឬប៉ាន់ណូអាជីវកម្មច្បាស់លាស់៖ ទីតាំងឃ្លាំងដ៏ធំនេះដំណើរការលក់ដូរលក្ខណៈជាឃ្លាំងស្តុកសម្ភារៈគ្រប់មុខ និងបើកជាហាងលក់ដូរផ្សេងៗយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែគ្មានការដាក់បង្ហាញផ្លាកយីហោ ឬប៉ាន់ណូអាជីវកម្មស្របច្បាប់ឱ្យបានត្រឹមត្រូវនោះឡើយ។
- យកបង្គោលភ្លើងរដ្ឋធ្វើជាកម្មសិទ្ធិ៖ ម្ចាស់ទីតាំងបានយកបង្គោលអគ្គិសនីរបស់រដ្ឋមកញាត់ចូលក្នុងផ្ទះ ក្នុងតូបលក់ដូរ និងបើកជាហាង ដោយធ្វើការប៉័តបង្គោលភ្លើងនៅក្នុងតូប និងទុកក្នុងផ្ទះយ៉ាងរំភើយ ខុសបច្ចេកទេសធ្ងន់ធ្ងរ។
- ហានិភ័យខ្ពស់នៃគ្រោះអគ្គិភ័យ៖ ប្រសិនបើមានករណីផ្ទុះខ្សែភ្លើង ឬឆ្លងចរន្តអគ្គិសនីកើតឡើង តើ “ពេលដែលផ្ទុះខ្សែភ្លើងទៅ អ្នកណាជាអ្នកទទួលខុសត្រូវ?” ចំពោះមហន្តរាយដែលកើតមានលើអាយុជីវិតអ្នកជិតខាង និងទ្រព្យសម្បត្តិសាធារណៈ?
- ឃ្លាំងស្តុកទំនិញងាយឆេះ៖ ការស្តុកទុកសម្ភារៈ និងទំនិញចម្រុះគ្រប់មុខក្នុងបរិមាណដ៏ច្រើន ស្ថិតក្នុងស្ថានភាពដែលយកបង្គោលភ្លើងរដ្ឋធ្វើជាសសរផ្ទះ គឺប្រៀបបីដូចជាការដាក់ “គ្រាប់បែកពេលកំណត់” នៅក្បែរផ្ទះប្រជាពលរដ្ឋ ដែលអាចឆាបឆេះរាលដាលគ្រប់ពេលវេលា។
សំណូមពរ និងការអំពាវនាវបន្ទាន់ (វគ្គ ២)
ទោះបីជាករណីនេះត្រូវបានលើកយកមកផ្សព្វផ្សាយម្តងរួចមកហើយក្តី ប៉ុន្តែភាពអសកម្មរបស់ម្ចាស់ទីតាំងក្នុងការគោរពច្បាប់ ព្រមទាំងការខកខានមិនទាន់ឃើញមានកម្លាំងសមត្ថកិច្ច ឬអាជ្ញាធរចុះមកអន្តរាគមន៍រុះរើ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្បែរនោះមានភាពទល្ហីភាព និងអស់ជំនឿ ទើបពួកគាត់ត្រូវបង្ខំចិត្ត “សុំមួយពរហើយសុំមួយពរទៀតទៅកាន់លោកស្រី គឹម ញឹប ព្រមទាំងប្រធានការិយាល័យ ឬមន្ត្រីពាក់ព័ន្ធ សូមមេត្តាជួយដាក់បទបញ្ជាម៉ឺងម៉ាត់ដើម្បីរស់នៅដោយសុខសាន្ត”។
ក្នុងនាមជាអាជ្ញាធរដែនដី និងជាអ្នកថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ មិនគួររក្សាភាពស្ងៀមស្ងាត់ ឬទុកឱ្យមន្ត្រីក្រោមឱវាទធ្វើកិច្ចការយឺតយ៉ាវបែបនេះបន្តទៀតឡើយ។ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុ សូមគោរពស្នើសុំយ៉ាងទទូចម្តងទៀតទៅកាន់ លោកស្រី គឹម ញឹប សូមមេត្តាជួយចុះពិនិត្យផ្ទាល់ និងចាត់វិធានការរុះរើជាបន្ទាន់ចំពោះផ្ទះនិងឃ្លាំងដែលសាងសង់រំលោភបង្គោលភ្លើងរដ្ឋធ្វើជាកម្មសិទ្ធិ ដោយមិនខ្លាចការផ្ទុះខ្សែភ្លើងប៉ះពាល់ដល់អ្នកជិតខាងនេះ ដើម្បីសង្គ្រោះ និងធានាដល់សុវត្ថិភាពសហគមន៍មូលដ្ឋានទាំងមូល មុនពេលមានមហន្តរាយអគ្គិភ័យធំដុះដាលកើតឡើងជាយថាហេតុ។
ចំណាំពីអង្គភាព៖ អង្គភាពព័ត៌មាន អាស៊ានដេលី ធ្វើសកម្មភាពយ៉ាងខ្ជាប់ខ្ជួនក្រោមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដោយឈរលើគោលការណ៍អព្យាក្រឹត្យ ជាកញ្ចក់ឆ្លុះបញ្ចាំងការពិត និងជាស្ពាននាំសារពីប្រជាពលរដ្ឋដែលរងគ្រោះទៅកាន់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំមូលដ្ឋាន។ អង្គភាពយើងខ្ញុំគ្មានចេតនាញុះញង់ ឬបង្កផលប៉ះពាល់ដល់បុគ្គលណាមួយឡើយ ប៉ុន្តែគ្រាន់តែចង់ឃើញការអនុវត្តច្បាប់ឱ្យបានតឹងរឹង និងមានតម្លាភាព។ ទន្ទឹមនឹងនេះ អង្គភាពយើងខ្ញុំរង់ចាំជានិច្ចនូវការបកស្រាយបំភ្លឺពីសំណាក់អាជ្ញាធរ និងម្ចាស់ទីតាំងពាក់ព័ន្ធទាំងអស់។
ផ្សាយ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
