ឯកឧត្តម ម៉ាង ស៊ីណេត អំពាវនាវដល់ភ្ញៀវអន្តរជាតិគ្រប់ជាតិសាសន៍ ជាពិសេសអ្នកធុរកិច្ចចិន អញ្ជេីញមកទស្សនាកំសាន្ត និងវិនិយោគក្នុងខេត្តព្រះសីហនុ ខណ:ខេត្តមួយនេះមិនត្រឹមតែជាទិសដៅទេសចរណ៍ដ៏សំបូរបែប ប៉ុន្តែជាប៉ូលសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្មយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា

(ខេត្តព្រះសីហនុ):នៅក្នុងកិច្ចសម្ភាសន៍ជាផ្លូវការចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាស្ថាប័ន ក្នុងពិធីបេីកវេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ – ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ – កម្ពុជា” នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសណ្ឋាគារសុខា ក្រុងព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងដូចនេះថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមសូមអំពាវនាវដល់បងប្អូន ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់អញ្ជេីញមកទស្សនាកំសាន្តអោយបានច្រេីនកុះករ ទោះបីខេត្តព្រះសីហនុ បាននឹងកំពុងបន្តបេីកយុទ្ធនាការបង្ក្រាបការឆបោកតាមប្រពន្ធ័អនឡាញអោយអស់ឫសគល់ តែមិនមែនជាបញ្ហាប្រឈមនោះទេ រដ្ឋបាលខេត្តធានាជូននូវ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាព សន្តិភាពគ្រប់កាល:ទេស:ចំពោះភ្ញៀវដែលបានមកខេត្តព្រះសីហនុប្រកបដោយទំនុកចិត្ត។
ឯកឧត្តម បន្ថែមទៀតថាខេត្តព្រះសីហនុ មិនត្រឹមតែជាតំបន់ដែលសំបូរកោះ ឆ្នេរ និងកន្លែងកំសាន្តបែបធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រសិទ្ធនាមថាជា ” តារារះ នៃទីសនិរតី” ហេីយរដ្ឋបាលខេត្តបាននឹងកំពុងអនុវត្តយុទ្ធសាស្ត្រលើកទឹកចិត្តពិសេស ដើម្បីជំរុញការវិនិយោគ និងធុរកិច្ចនៅក្នុងខេត្តព្រះសីហនុផងដែរ។ លេីសពីនេះរបស់រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់ប៉ូល សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានសក្តានុពលខ្ពស់ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា គោលបំណងចម្បងនៃកម្មវេទិកានេះ ដើម្បី ផ្សព្វផ្សាយយុទ្ធនាការរដូវកាល បៃតង (Green Season)៖ បង្ហាញពី ទេសភាពស្រស់ត្រកាល វប្បធម៌ដ៏សម្បូរ បែប និងបរិយាកាសសុខសន្តិភាពនៃខេត្ត ព្រះសីហនុក្នុងការទាក់ទាញវិនិយោគិន និងទេសចរចិន និងការបេីកជើងហោះហើរត្រង់រវាងប្រទេសចិន និង ខេត្តព្រះសីហនុ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំខេត្ត និងមន្ទីរទេសចរណ៍ និង មន្ទីរពាក់ព័ន្ធ ដែលបានបង្កើត ត្រេនឌីង (Trending) ជាច្រើនផ្សព្វផ្សាយទៅកាន់ ពិភពលោក បង្ហាញពីសក្តានុពលខេត្ត ព្រះសីហនុ និងលើកទឹកចិត្តឱ្យមានការ លើកស្លាកបន្ថែមទៀត នៅតំបន់ទេសចរណ៍ ទាំងលើដី និងបង្ហោះលើ (Social Media) ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ដែល មានស្រាប់ឱ្យកាន់តែទូលំទូលាយទៅកាន់ ពិភពលោក។
សូមជម្រាបជូនថាវេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ – ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ – កម្ពុជា” ភ្ញៀវកិត្តិយសសំខាន់ៗ រួមមាន ថ្នាក់ដឹកនាំ និងតំណាងពីតំណាងក្រសួង-ស្ថាប័ន, ការិយាល័យ កុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ, ខេត្ត/ក្រុងសម្ព័ន្ធមេត្រីភាព, នាយកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, អាជ្ញាធរដែនដី, បណ្តាសមាគមមិត្តភាពវិនិយោគកម្ពុជា-ចិន, អ្នកសារព័ត៌មានចិន និងប្រតិបត្តិករទេសចរណ៍ចិន ពីខេត្តហៃណាន ក្វាងតុង ទីក្រុងសៀងហៃ ណានជីង អ៊ូស៊ី ចឹងទូ និងទីក្រុងឆុងឈីង សរុបប្រមាណ ២៥០នាក់ ក្នុង នោះមានក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកប្រមាណ ៤០ ក្រុមហ៊ុន និងក្រុមហ៊ុនទេសចរណ៍ចិនប្រមាណ ៤០ក្រុមហ៊ុន វេទិកានេះមានរយះពេល២ថ្ងៃ គឺចាប់ថ្ងៃទី២៩-៣០ខែកក្កដា នេះ។
ទន្ទឹមនឹងនេះរដ្ឋបាលខេត្តព្រះសីហនុ ក៏មានរៀបចំនូវព្រឹត្តិការណ៍កីឡាទេសចរណ៍រដូវកាលបៃតង ដើម្បីជំរុញការផ្សព្វផ្សាយ ទាក់ទាញទេសចរណ៍ក្នុងរដូវកាលបៃតង ដែលមានការប្រគំតន្ត្រីអមជាមួយការរៀបចំតាំងស្តង់ផលិតផលក្នុងស្រុក មួយចំនួន ជាពិសេសការរៀបចំសកម្មភាពទាក់ទាញសកម្មភាពកីឡាទេសចរណ៍មួយចំនួនដូចជា ប្រដាល់គុនខ្មែរ ប្រកួតបាល់ទះលើឆ្នេរខ្សាច់ ប្រកួតវាយកូនឃ្លីលើតុ និងប្រកួតចំបាប់កាច់ដៃ នេះជាព្រឹត្តិការណ៍មួយសំខាន់ដែល រដ្ឋបាលខេត្ត តែងតែរៀបចំជំរុញការទាក់ទាញទេសចរណ៍ក្នុងរដូវកាលបៃតង តាមគោលការណ៍ណែនាំរបស់ ក្រសួងទេសចរណ៍។
ក្នុងវេទិកាដែលមានរយៈពេល ០២ថ្ងៃនេះ ក៏នឹងមានការបង្ហាញអំពីចំណាប់អារម្មណ៍តាមរយៈការធ្វើសម្ភាស ជាមួយតំណាងមន្ទីរទេសចរណ៍ចិន ក្រុមហ៊ុនទេសចរណ៍ជាតិ និងអន្តរជាតិ អំពីការចូលរួមក្នុងវេទិកាធុរកិច្ច ទេសចរណ៍ ការរៀបចំបង្កើត និងការតភ្ជាប់ទំនាក់ទំនងទេសចរណ៍ចិន និងខេត្តព្រះសីហនុ (កម្ពុជា)។
ផ្សាយ:ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)














