ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ អញ្ជើញ​ជា​អធិបតី​ ​ពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩»


(រាជធានី​ភ្នំពេញ)​: នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវ:សារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

វគ្គបណ្តុះ​បណ្តាល​នេះរៀបចំឡើងក្រោមកិច្ចសហការពីសមាគមសារព័ត៌មានចំនួន៣ រួមមាន៖
– សមាគមសម្ព័ន្ធយុវជនកម្ពុជាសារព័ត៌មានដើម្បីសន្តិភាព
– សមាគមអ្នកសារព័ត៌មានសកលសន្តិភាព និង
– សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព
ដោយមានសិក្ខាកាមសរុប ១៨០នាក់ មកពីជាង ៥០អង្គភាព។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសរសេរព័ត៌មានប្រកបដោយគុណភាព ទាមទារនូវចំណេះដឹងទូលំទូលាយ សមត្ថភាពផ្ទៀងផ្ទាត់ ក្រមសីលធម៌វិជ្ជាជីវៈ និងការបន្តរៀនសូត្រ។ ឯកឧត្តមចាត់ទុកវគ្គបណ្តុះបណ្តាលនេះជា «ការវិនិយោគលើមូលធនមនុស្ស» ដើម្បីកសាងប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែមានវិជ្ជាជីវៈ គួរឱ្យទុកចិត្ត និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ក្នុងយុគសម័យឌីជីថល។ ឯកឧត្តមបន្ថែមថា ការវិនិយោគនៅថ្ងៃនេះ គឺជាការវិនិយោគលើគុណភាពព័ត៌មាន និងទំនុកចិត្តសាធារណៈនៅថ្ងៃអនាគត ព្រោះអ្នកសារព័ត៌មានគឺជាស្ពានដ៏សំខាន់ផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលនិងប្រជាជន។
ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ឯកឧត្តមបានលើកឡើងថា អ្នកសារព័ត៌មានត្រូវចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ឱ្យមានប្រសិទ្ធភាព ប៉ុន្តែមិនត្រូវពឹងផ្អែកទាំងស្រុងនោះទេ ព្រោះ AI អាចមានភាពលម្អៀង និងខ្វះបរិបទ។

អ្នកសារព័ត៌មាន និងអង្គភាព គឺជាអ្នកទទួលខុសត្រូវដោយផ្ទាល់ចំពោះសុក្រឹតភាពនៃខ្លឹមសារ មិនមែន AI ឡើយ។ ដូច្នេះ ក្នុងករណីប្រើប្រាស់ AI ត្រូវបញ្ជាក់ឱ្យច្បាស់ថា «ខ្លឹមសារនេះបង្កើតដោយ AI» ដើម្បីធានាតម្លាភាព។
ជាពិសេស ចំពោះព័ត៌មានរសើបដូចជាបញ្ហាព្រំដែនកម្ពុជា-ថៃ អ្នកសារព័ត៌មានត្រូវតែពិនិត្យ និងផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ជាដាច់ខាត។ ទោះជាព័ត៌មានពិតចេញផ្សាយយឺតជាងព័ត៌មានមិនបានផ្ទៀងផ្ទាត់ក្តី ប៉ុន្តែវាជួយពង្រឹងភាពរឹងមាំ និងរក្សាទំនុកចិត្តពីសាធារណជន។
ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរសមាគមទាំង៣ និងបានលើកទឹកចិត្តអ្នកសារព័ត៌មានឱ្យបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ដើម្បីលើកកម្ពស់កិត្តិយសវិជ្ជាជីវៈ។

ជាចុងក្រោយ ឯកឧត្តមបានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ឱ្យរួបរួមសាមគ្គីគ្នា និងប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតី៖ «កុំជឿលើប្រភពតែមួយ ត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ មុនពេលបង្ហោះ មុនពេលផ្សាយ និងមុនពេលចែករំលែក»៕

ផ្សាយ​:ថ្ងៃទី​៣១ ខែកក្កដា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​មណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការ វិជ្ជាជីវៈសារព័ត៌មាន

 

 

ព័ត៌មានដែលជាប់ទាក់ទង