ការអំពាវនាវ ៥ ចំណុច របស់ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការការពារផលប្រយោជន៍ជាតិ និងប្រឆាំងព័ត៌មានបំភ្លៃ

សូមបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ចូលរួមស្វែងយល់ និងអនុវត្តនូវចំណុចសំខាន់ៗទាំង ៥ ដែលបានណែនាំដោយ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របំភ្លៃ មួលបង្កាច់ និងញុះញង់ពីមជ្ឈដ្ឋានខាងក្រៅ៖
១. ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន
អ្នកសារព័ត៌មានត្រូវឈរលើគោលការណ៍ការពិត ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ជានិច្ច។
ចៀសវាងការសរសេរព័ត៌មានដោយប្រើមនោសញ្ចេតនា ឬកំហឹងដែលធ្វើឲ្យបាត់បង់តុល្យភាពព័ត៌មាន។
២. ការប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយ
ត្រូវចូលរួមវែកមុខ និងបន្សាបព័ត៌មានក្លែងក្លាយ ដែលមានចេតនាអាក្រក់ចង់បំផ្លាញកិត្តិយសកម្ពុជា។
ការឆ្លើយតបត្រូវធ្វើឡើងតាមរយៈការបង្ហាញការពិត ឯកសារយោងត្រឹមត្រូវ និងទឡ្ហីករណ៍ច្បាស់លាស់។
៣. ការចៀសវាងការធ្លាក់ចូលក្នុងអន្ទាក់នៃការញុះញង់
មិនត្រូវឆ្លើយតបដោយការជេរប្រមាថ ឬការប្រើប្រាស់ពាក្យសម្ដីអសុរោះឡើយ ព្រោះវាអាចក្លាយជាលេស ឬជាការចាញ់បោកយុទ្ធសាស្ត្របង្កហេតុរបស់គេ។
ត្រូវរក្សាភាពថ្លៃថ្នូរ ឆ្លាតវៃ និងមានភាពចាស់ទុំក្នុងការបញ្ចេញមតិ។
៤. ការចូលរួមយ៉ាងសកម្មពីអ្នកបង្កើតមាតិកា
អ្នកផលិតវីដេអូ ឬមាតិកាផ្សេងៗ គួរងាកមកផ្ដោតលើការផ្សព្វផ្សាយពីសក្ដានុពលជាតិ វប្បធម៌ និងសច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា។
មាតិកាគួរតែចូលរួមលើកកម្ពស់មុខមាត់ប្រទេសជាតិ ជាជាងការធ្វើមាតិកាដែលបង្កការបែកបាក់។
៥. ការពង្រឹងសាមគ្គីភាព និងស្មារតីជាតិនិយមដោយវិចារណញ្ញាណ
ក្នុងកាលៈទេសៈនេះ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋគ្រប់រូបត្រូវរួបរួមគ្នាជាធ្លុងមួយ ការពារផលប្រយោជន៍ជាតិជាធំ។
ការពារជាតិដោយស្មារតីស្នេហាជាតិពិតប្រាកដ តែមិនមែនជាការរើសអើង ឬបង្កជម្លោះដោយគ្មានហេតុផលនោះទេ។
សារក្រើនរំលឹក៖ កាសែត និងបណ្ដាញសង្គមគឺជាអាវុធមុខពីរ។ ការប្រើប្រាស់ដោយមានក្រមសីលធម៌ និងការទទួលខុសត្រូវ គឺជាការចូលរួមចំណែកការពារជាតិដ៏មានប្រសិទ្ធភាពបំផុត!
