អ្នកនាំពាក្យក្រសួងយុត្តិធម៌|ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៥ ក្នុងចំណោមសំណុំរឿងរដ្ឋប្បវេណីសរុបចំនួន ៦៣ ៤៤៤ តុលាការគ្រប់ជាន់ថ្នាក់ចាត់ការបានចំនួន ៣៨ ៩៧១ ស្មើនឹង ៦១,៤៣%.
(ភ្នំពេញ): កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការទាំង ២ ដោយកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។
ក្នុងរយៈពេល ៦ខែ កន្លងមកនេះ, តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿង ទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី បានចំនួន ៨១ ០៣៥ ស្មើនឹង ៦៣,៥៥% នៃសំណុំរឿងសរុប ចំនួន ១២៧ ៥១៣។ ក្នុងចំណោមសំណុំរឿងព្រហ្មទណ្ឌសរុបចំនួន ៦៤ ០៦៩ តុលាការគ្រប់ជាន់ថ្នាក់ចាត់ការបានចំនួន ៤២ ០៦៤ ស្មើនឹង ៦៥,៦៥% ហើយក្នុងចំណោមសំណុំរឿងរដ្ឋប្បវេណីសរុបចំនួន ៦៣ ៤៤៤ តុលាការគ្រប់ជាន់ថ្នាក់ចាត់ការបានចំនួន ៣៨ ៩៧១ ស្មើនឹង ៦១,៤៣%។
គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181។
ផ្សាយ:ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥
ប្រភព:អ្នកនាំពាក្យក្រសួងយុត្តិធម៌
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)
