តើមានអ្វីនៅពីក្រោយភាពស្ងៀមស្ងាត់នេះ? ជិតមួយសប្ដាហ៍កន្លងផុតទៅ ក្រោយការផ្សព្វផ្សាយ និងការដាក់សំណួរជាផ្លូវការរបស់អង្គភាពសារព័ត៌មានជុំវិញករណី «ឃ្លាំងស្តុក និងផ្ទេរដែកអេតចាយខ្នាតធំគ្មានស្លាកយីហោ» ស្ថិតក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល មកទល់ពេលនេះនៅពុំទាន់មានចំណាត់ការ ឬការបំភ្លឺណាមួយពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។ សកម្មភាពដឹកជញ្ជូននិងផ្ទេរចេញតាមផ្លូវទឹកទៅកាន់ប្រទេសជិតខាងយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ដោយគ្មានការបញ្ជាក់ពីភាពស្របច្បាប់ បាននិងកំពុងបង្កជាចម្ងល់យ៉ាងខ្លាំងក្នុងស្រទាប់មហាជន។ ប្រជាពលរដ្ឋនៅតែទទូចស្នើសុំអាជ្ញាធរមានសមត្ថកិច្ច មេត្តាចុះពិនិត្យ និងមានចំណាត់ការស្របតាមច្បាប់ ដើម្បីធានាតម្លាភាព និងភាពត្រឹមត្រូវក្នុងសង្គម!
(Update)]
(ខេត្តកណ្ដាល)៖ ករណីទីតាំងឃ្លាំងស្តុក និងផ្ទេរដែកអេតចាយខ្នាតធំចំនួនពីរទីតាំង ដែលពុំមានបំពាក់ស្លាកយីហោសម្គាល់អាជីវកម្មច្បាស់លាស់ ស្ថិតក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល នៅតែជាប្រធានបទក្ដៅ និងជាកង្វល់ដ៏ធំធេងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈរហូតមកទល់ពេលនេះ មិនទាន់មានសញ្ញាណនៃការចុះត្រួតពិនិត្យ ឬការបំភ្លឺជាផ្លូវការណាមួយពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៅឡើយ។
ជាការកត់សម្គាល់ បន្ទាប់ពីអង្គភាពសារព័ត៌មាន អាស៊ាន ដេលី បានចុះផ្សាយព័ត៌មាន និងបានដាក់សំណួរស្នើសុំការបំភ្លឺជាផ្លូវការទៅកាន់រដ្ឋបាលស្រុកលើកដែក ក៏ដូចជារដ្ឋបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ជុំវិញភាពស្របច្បាប់នៃអាជីវកម្មដ៏ធំសម្បើមនេះ គឺមានរយៈពេលមួយសប្ដាហ៍កន្លងផុតទៅហើយ ប៉ុន្តែអ្វីៗហាក់ដូចជាកំពុងស្ថិតក្នុងភាពស្ងប់ស្ងាត់ទាំងស្រុង។
ភាពស្ងប់ស្ងាត់នេះបានធ្វើឱ្យមហាជន និងប្រជាពលរដ្ឋជាច្រើនមានការងឿងឆ្ងល់ ព្រមទាំងដាក់ជាសញ្ញាសួរថា តើទីតាំងឃ្លាំងស័ង្កសីពណ៌ខៀវដ៏ធំមហិមាទាំងពីរនេះ មានអ្វីពិសេសនៅពីក្រោយ ឬយ៉ាងណា? ហេតុអ្វីបានជាសកម្មភាពប្រមូលទិញ ស្តុកទុក និងផ្ទេរចេញនូវដែកអេតចាយយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃតាមផ្លូវទឹកឆ្ពោះទៅកាន់ប្រទេសជិតខាង អាចដំណើរការបានយ៉ាងរលូន ដោយគ្មានស្លាកយីហោសម្គាល់ត្រឹមត្រូវតាមច្បាប់បែបនេះ?
ប្រជាពលរដ្ឋនៅតែបន្តទទូចស្នើសុំយ៉ាងទទូចដល់អាជ្ញាធរខេត្តកណ្ដាល និងស្ថាប័នជំនាញពាក់ព័ន្ធ មេត្តាជួយចាត់កម្លាំងចុះអធិការកិច្ច ស្រាវជ្រាវ និងផ្ទៀងផ្ទាត់លើលិខិតអនុញ្ញាតអាជីវកម្ម បទដ្ឋានបរិស្ថាន និងច្បាប់ពន្ធដារនានាឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវតម្លាភាព ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងឆ្លើយតបទៅនឹងក្ដីបារម្ភរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
អង្គភាពសារព័ត៌មានយើងខ្ញុំនៅតែបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយបើកចំហរង់ចាំការបកស្រាយ បំភ្លឺ និងទទួលព័ត៌មានបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ រាល់ការបំភ្លឺ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០១២ ៧៣០ ១១៨ និង ០៧១ ៦០០០ ២២៩ រៀងរាល់ម៉ោងធ្វើការ៕
