វគ្គ១៖ សេចក្ដីរាយការណ៍បឋម! បុគ្គលមានលុយចាក់ដីបុកគ្រឹះសាងសង់សំណង់រឹង រំលោភបំពានចូលចំណីច្រាំងទន្លេយ៉ាងគឃ្លើន ស្ថិតក្នុងក្រុងសំពៅពូន

ផ្សាយចេញថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦
ខេត្តកណ្តាល ៖ អង្គភាពសារព័ត៌មានអាស៊ានដេលី (ASEAN DAILY) យើងខ្ញុំ ទើបតែទទួលបានព័ត៌មាន និងរូបភាពជាក់ស្ដែង អំពីករណីចាក់ដី និងបុកគ្រឹះសាងសង់សំណង់រឹង រំលោភបំពានចូលមាត់ច្រាំង និងដីចំណីច្រាំងទន្លេយ៉ាងគឃ្លើន ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលសកម្មភាពនេះមានតែបុគ្គលមានលុយប៉ុណ្ណោះទើបអាចធ្វើទៅបាន។ ទីតាំងកំពុងតែសាងសង់នេះ ស្ថិតនៅក្នុង ក្រុងសំពៅពូន ខេត្តកណ្តាល។
សកម្មភាពសាងសង់ខុសច្បាប់ខាងលើនេះ កំពុងតែដំណើរការទៅមុខ ខណៈដែលមន្ត្រីជំនាញប្រចាំតំបន់ហាក់បីដូចជាកំពុងដេកលង់លក់ រក្សាភាពស្ងៀមស្ងាត់ ឬមួយក៏មានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង ទើបបណ្ដែតបណ្ដាលឱ្យបុគ្គលមានលុយឆ្លៀតឱកាស រំលោភបំពានលើមាត់ច្រាំងទន្លេដែលជាសម្បត្តិសាធារណៈរបស់រដ្ឋបែបនេះ។
តើសំណង់ខាងលើនេះ មានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចដែរឬទេ?
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ សូមធ្វើសេចក្តីរាយការណ៍ជូនដល់ លោក អេង សុវិចិត្រ អភិបាលនៃគណៈអភិបាលក្រុងសំពៅពូន សូមមេត្តាចុះត្រួតពិនិត្យទីតាំងខាងលើដោយក្តីអនុគ្រោះ ព្រោះម្ចាស់សំណង់បានយកថ្មចាក់បំពេញ និងបុកគ្រឹះសាងសង់ទាំងបំពានលើដីចំណីច្រាំងដែលជាសម្បត្តិរដ្ឋ។ យោងតាមរូបភាពដែលអង្គភាពយើងខ្ញុំប្រមូលបាន គឺសូមធ្វើសេចក្តីរាយការណ៍បឋមជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើសំណង់រឹងខាងលើនេះ រឹងជាងការអនុវត្តច្បាប់ ឬមួយក៏មានបុគ្គលណាខ្លាំងជាងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល?
យោងច្បាប់ស្តីពីសំណង់៖
មាត្រា២៦៖ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
មាត្រា៣៨៖ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ៖
មាត្រា៨៖ ការហាមឃាត់រាល់ការសាងសង់សំណង់រំលោភលើដីចំណីប្រភពទឹកសាធារណៈ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់៖
មាត្រា៨៖ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
មាត្រា៣៧៖ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
ជុំវិញសកម្មភាពខុសច្បាប់ខាងលើនេះ អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំស្នើសុំ៖
១. សូមគោរពជូន ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាជ្រាបជាព័ត៌មាន និងជួយពិនិត្យមើលផ្លូវច្បាប់សំណង់ខាងលើ។
២. សូមគោរពជូន ឯកឧត្តម ថោង ចេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មេត្តាជ្រាប និងមានវិធានការទប់ស្កាត់ចំពោះការចាក់ដីរំលោភចូលចំណីទន្លេនេះ។
៣. សូមគោរពរាយការណ៍ជូន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងមានវិធានការច្បាប់ចំពោះករណីខាងលើនេះដោយក្តីអនុគ្រោះ។
៤. ស្នើសុំ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល ជួយស្រាយបំភ្លឺក្នុងករណីខាងលើថាតើមានការសុំច្បាប់សាងសង់ចាក់ដីចូលមាត់ទន្លេនេះដែរឬទេ។
៥. ស្នើសុំ លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាបើកបង្ហាញអត្តសញ្ញាណម្ចាស់កម្មសិទ្ធិអចលនទ្រព្យដែលកំពុងបុកគ្រឹះសាងសង់រំលោភចូលដីរដ្ឋ ស្ថិតក្នុងក្រុងសំពៅពូនខាងលើ ថាតើមានប្លង់ស្របច្បាប់ដែរឬទេ? ហើយទំហំដីនោះមានទទឹង និងបណ្តោយប៉ុន្មានម៉ែត្រឱ្យប្រាកដ?
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងរិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាញុះញង់ ឬបង្ខូចកេរ្តិ៍ឈ្មោះស្ថាប័នពាក់ព័ន្ធណាមួយឡើយ ហើយយើងខ្ញុំសូមរង់ចាំការឆ្លើយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ សូមអរគុណ!
