អស់ជំនឿ! ពលរដ្ឋដាក់សំណួរចាក់ដោតចំៗដល់ លោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញ រឿងមន្ត្រីចុះមក «អើតលើម» រួចដកដៃវិញ ទុកឱ្យអាជីវកររំលោភផ្លូវដើរដោយមានការសង្ស័យពីភាពមិនប្រក្រតី

(រាជធានីភ្នំពេញ, ថ្ងៃទី 16 ខែ កញ្ញា ឆ្នាំ 2026)៖
បងប្អូនប្រជាពលរដ្ឋដែលបានរស់នៅ និងធ្វើដំណើរតាមបណ្តោយផ្លូវលេខ 900 ត្រង់ចំណុចព្រំប្រទល់រវាងសង្កាត់ទួលសង្កែទី 1 ខណ្ឌឫស្សីកែវ និងសង្កាត់ស្រះចក ខណ្ឌដូនពេញ (ចំណុចភូមិទី 19 សង្កាត់ស្រះចក ខណ្ឌដូនពេញ) បានបង្ហាញការខកចិត្តយ៉ាងខ្លាំង និងដាក់សំណួរយ៉ាងចាក់ដោតបំផុតទៅកាន់អាជ្ញាធរមានសមត្ថកិច្ច។
យោងតាមប្រភព និងរូបភាពជាក់ស្តែងដែលប្រជាពលរដ្ឋបានផ្ញើមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ក្រុមអាជីវករបានបន្តយកទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងផ្លូវថ្មើរជើង ធ្វើជាទីតាំងតាំងរទេះ តូបលក់ដូរ (លក់បន្លែ សាច់ និងទំនិញផ្សេងៗ) ព្រមទាំងបំពាក់សំយ៉ាប និងដាក់ឆ័ត្រគ្មានសណ្តាប់ធ្នាប់ បិទបាំងផ្លូវយ៉ាងអនាធិបតេយ្យ។
អ្វីដែលកាន់តែយ៉ាប់យ៉ឺន និងធ្វើឱ្យប្រជាពលរដ្ឋកាន់តែងឿងឆ្ងល់នោះ គឺតាមរយៈប្រភពបានទម្លាយឱ្យដឹងថា ពេលខ្លះគេឃើញ អាជ្ញាធរសង្កាត់ចុះមកដល់ទីតាំងកើតហេតុត្រឹមតែបង្ហាញមុខ «អើតលើម» រួចក៏នាំគ្នាដើរចេញទៅវិញ ដោយគ្មានហ៊ានចាត់វិធានការផ្លូវច្បាប់ ឬរៀបចំសណ្តាប់ធ្នាប់អ្វីឡើយ ដែលធ្វើឱ្យពួកគាត់ដាក់ការសង្ស័យថា តើមានផលប្រយោជន៍ ឬមានរឿងអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង បានជាបណ្តោយឱ្យភាពអនាធិបតេយ្យនេះបន្តកើតមានយ៉ាងរលូនបែបនេះ?
អ្វីដែលកាន់តែធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿ និងចោទសួរកាន់តែខ្លាំងនោះ គឺទោះបីជាក្នុងរយៈពេលមុន អាជ្ញាធរមានសមត្ថកិច្ចធ្លាប់បានចុះអន្តរាគមន៍រៀបចំសណ្តាប់ធ្នាប់នៅទីតាំងនេះរួចម្តងរួចមកហើយក្តី ប៉ុន្តែស្ថានភាពជាក់ស្តែងនៅតែវិលមករកភាពអនាធិបតេយ្យដដែល ដោយក្រុមអាជីវករនៅតែបន្តប្រព្រឹត្តសកម្មភាពល្មើស និងបង្ហាញភាពឃ្លើនមិនរអាចំពោះវិធានការរដ្ឋបាលឡើយ ដែលឆ្លុះបញ្ចាំងឱ្យឃើញថាអាជ្ញាធរហាក់ «ធ្វើមិនចេញ» ក្នុងការដោះស្រាយបញ្ហានេះ។
តាមរយៈបញ្ហាដ៏ឈឺចាប់ និងគ្មានដំណោះស្រាយផ្លូវរដ្ឋបាលនេះ ប្រជាពលរដ្ឋបានផ្ញើសំណួរដ៏ធំ និងចាក់ដោតបំផុតទៅកាន់ លោក ជា ខេម៉ា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ថា៖
«តើលោកអភិបាលខណ្ឌ មានសមត្ថភាព និងឆន្ទៈគ្រប់គ្រាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់នៅទីតាំងនេះដែរឬទេ? ហេតុអ្វីបានជាពេលមន្ត្រីចុះមកឃើញត្រឹមអើតលើមហើយក៏ចេញទៅវិញ ទុកឱ្យអ្នកលក់ដូររំលោភយកផ្លូវសាធារណៈតាមអំពើចិត្ត? ឬមួយក៏មានខ្នងបង្អែក ឬរឿងនៅពីក្រោយ បានជាដោះស្រាយមិនលេចចេញជាលទ្ធផលបែបនេះ?»
អង្គភាពសារព័ត៌មានយើងខ្ញុំ សង្ឃឹមយ៉ាងមុតមាំថា លោកអភិបាលខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ នឹងមេត្តាចាត់វិធានការក្តៅ និងចុះត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ជាថ្មី ដោយតម្លាភាព ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពជូនសាធារណជនទូទៅដែលត្រូវធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើនេះរៀងរាល់ថ្ងៃ៕
