UPDATE វគ្គ ៤] តើមានអ្វីនៅពីក្រោយខ្នង? ក្រោយពីអង្គភាពយើងខ្ញុំបានចេញផ្សាយ ៣វគ្គរួចហើយ ទីតាំងរំលោភផ្លូវសាធារណៈនៅតែបន្តសាងសង់ទាំងថ្ងៃទាំងយប់ ដោយគ្មានអាជ្ញាធរណាចុះហាមឃាត់! ពលរដ្ឋតវ៉ាដល់ខណ្ឌ ៣លើកនៅតែស្ងាត់ជ្រងំ ទទូចសុំ ឯកឧត្តម សាយ សំអាល់ ឯកឧត្តម ឃួង ស្រេង និងលោកស្រី គឹម ញឹប បើកការស៊ើបអង្កេតជាបន្ទាន់!

​រាជធានីភ្នំពេញ៖ ផ្អែកតាមប្រភពវីដេអូសកម្មភាពជាក់ស្តែង និងសេចក្តីរាយការណ៍ផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសំបួរ (តំបន់បុរីចំការដូងចាស់) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិងកំពុងសម្តែងការមិនពេញចិត្ត និងត្អូញត្អែរយ៉ាងខ្លាំងចំពោះសកម្មភាពនៃការដ្ឋានសំណង់អគារដ៏ធំមួយកន្លែង ដែលបានធ្វើការបោះរបងស័ង្កសីហ៊ុំព័ទ្ធ រំលោភបំពានមកលើដីផ្លូវសាធារណៈ ធ្វើឱ្យផ្លូវធ្វើដំណើរត្រូវរួមតូចចង្អៀតខ្លាំង និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅប្រចាំថ្ងៃ។
​អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ សូមរំលឹក និងបញ្ជាក់ជូនថា ក្រោយពីអង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ បានធ្វើការស៊ើបអង្កេត និងចុះផ្សាយជាបន្តបន្ទាប់ចំនួន ៣វគ្គ រួចមកហើយជុំវិញករណីនេះ គេនៅតែសង្កេតឃើញថា មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នជំនាញពាក់ព័ន្ធនៅប្រចាំទីតាំងបុរីចំការដូងចាស់ខាងលើនេះ នៅតែបន្តរក្សាភាពស្ងៀមស្ងាត់យ៉ាងចម្លែក ដោយមិនទាន់ឃើញមានវត្តមានមន្ត្រីណាមួយ ចុះមកធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ឬចេញដីកាហាមឃាត់សកម្មភាពសាងសង់នៅឡើយទេ។ អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋ និងសាធារណជនហួសចិត្ត និងក្តៅក្រហាយយ៉ាងខ្លាំងនោះ គឺទីតាំងការដ្ឋានសាងសង់រំលោភលើដីផ្លូវរដ្ឋមួយនេះ នៅតែបន្តដំណើរការយ៉ាងរលូន ទាំងថ្ងៃទាំងយប់ ដោយគ្មានការរំខាន ឬកោតក្រែងច្បាប់បន្តិចណាឡើយ។
​តាមប្រភពពីប្រជាពលរដ្ឋបានផ្ដល់មកអង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំបន្ថែមថា ប្រជាពលរដ្ឋរស់នៅក្នុងបុរីចំការដូង បានចុះទៅតវ៉ារារាំង និងដាក់ពាក្យបណ្ដឹងតវ៉ាតាមនីតិវិធីទៅកាន់សាលាខណ្ឌដង្កោចំនួន ៣លើករួចមកហើយ ប៉ុន្តែរហូតមកទល់ពេលនេះ សកម្មភាពសាងសង់នៅតែបន្តធ្វើទាំងថ្ងៃទាំងយប់ដដែល ដោយគ្មានការទប់ស្កាត់ ឬអន្តរាគមន៍ពីអាជ្ញាធរឡើយ។
​តើមានអ្វីនៅពីក្រោយខ្នង ទើបបានជាអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធនៅតែរក្សាភាពស្ងៀមស្ងាត់ បណ្តោយឱ្យសំណង់សាងសង់បន្តបែបនេះ?
​តាមរយៈការចុះពិនិត្យរូបភាព និងព័ត៌មានដែលប្រជាពលរដ្ឋបានថតផ្ដល់មកកាន់អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ បានបង្ហាញនូវចំណុចខុសប្រក្រតី និងទង្វើរំលោភបំពានច្បាប់យ៉ាងច្បាស់ក្រឡែតដូចខាងក្រោម៖
​ការសាងសង់រំលោភដីផ្លូវរដ្ឋ៖ តាមប្រភពច្បាស់ការពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានអះអាងថា ទីតាំងសំណង់បុរីខាងលើនេះ បានដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធលក្ខណៈបុរីដើម្បីលក់ ប៉ុន្តែសកម្មភាពសាងសង់នោះ បែរជាលយរំលោភចូលមកក្នុងចំណីដីផ្លូវរបស់រដ្ឋតែម្តង ដែលជាការរំលោភបំពានលើផលប្រយោជន៍រួមរបស់សាធារណជនយ៉ាងធ្ងន់ធ្ងរ។
​បង្កផលប៉ះពាល់ និងគ្រោះថ្នាក់៖ ការដ្ឋានសំណង់នេះ បានបោះរបងស័ង្កសីពណ៌ក្រហមលយមកលើទ្រូងផ្លូវ បង្កការលំបាក និងការកកស្ទះដល់ការធ្វើចរាចរណ៍ទៅមករបស់ពលរដ្ឋ និងសិស្សានុសិស្សដែលត្រូវធ្វើដំណើរឆ្លងកាត់ទៅសាលារៀន ព្រមទាំងមានសកម្មភាពកាត់បេតុងថ្នល់ និងចាក់គរដីខ្សាច់ គ្រួស នៅលើផ្លូវសាធារណៈថែមទៀតផង។
​ការឆ្លើយតបដោះសារពីភាគីម្ចាស់បុរី៖
​ដើម្បីរក្សាឱ្យបាននូវតុល្យភាពព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត ក្រុមការងារអង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ បានព្យាយាមទំនាក់ទំនងទៅកាន់ភាគីម្ចាស់បុរីខាងលើ ដែលមានឈ្មោះថា លោក ហ៊ា ទី ដើម្បីសុំការបំភ្លឺជុំវិញបណ្តឹងរិះគន់នេះ។ ជាការឆ្លើយតប ភាគីម្ចាស់បុរីរូបនេះបានថ្លែងដោះសារប្រាប់ក្រុមការងារយើងថា «មួយថ្ងៃៗឃើញសុទ្ធតែអ្នកសារព័ត៌មានមកសួរ និងសម្ភាសន៍គាត់ រកស៊ីមិនចង់កើតទេ តើចង់បានព័ត៌មានអ្វីពីគាត់? បើគាត់ធ្វើគ្មានច្បាប់ការអនុញ្ញាតទេ មិនដែលគាត់ធ្វើបាននោះទេ»។ លើសពីនេះ ភាគីខាងបុរីក៏បានទទូចអះអាងបន្ថែមដែរថា ពួកគាត់មិនបានទៅសាងសង់ធ្វើអ្វី (រំលោភផ្លូវ) នោះឡើយ។
​ទោះបីជាមានការអះអាងផ្ទាល់មាត់បែបនេះក្តី ក្នុងស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ និងសាធារណជន ក្រុមការងារយើងខ្ញុំបានព្យាយាមទំនាក់ទំនងស្នើសុំពិនិត្យមើលឯកសារគតិយុត្ត ឬលិខិតអនុញ្ញាតសាងសង់ផ្លូវការ ដើម្បីផ្ទៀងផ្ទាត់ការពិត ប៉ុន្តែរហូតមកទល់ពេលនេះ ភាគីម្ចាស់បុរីនៅមិនទាន់បានបង្ហាញ ឬផ្តល់ឯកសារពាក់ព័ន្ធណាមួយមកឱ្យអង្គភាពសារព័ត៌មានយើង ដើម្បីជម្រះមន្ទិលសង្ស័យនៅឡើយទេ។
​ការអំពាវនាវ ស្នើសុំឱ្យបើកការស៊ើបអង្កេតជាបន្ទាន់ពីសំណាក់ប្រជាពលរដ្ឋ៖
​ផ្អែកលើផលប៉ះពាល់ និងការរំលោភបំពានដីសាធារណៈជាក់ស្តែង បងប្អូនប្រជាពលរដ្ឋរស់នៅភូមិសំបួរ (ចំការដូងចាស់) បានគោរពស្នើសុំកិច្ចអន្តរាគមន៍ និងអំពាវនាវយ៉ាងទទូចបំផុតទៅដល់៖
​ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

​ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
​លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ
​ព្រមទាំងអាជ្ញាធរដែនដីប្រចាំតំបន់ និងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់
​ប្រជាពលរដ្ឋសូមអំពាវនាវឱ្យថ្នាក់ដឹកនាំ មេត្តាចាត់មន្ត្រីជំនាញចុះបើកការស៊ើបអង្កេត ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ប្លង់ប្រព័ន្ធដីធ្លីនៅទីតាំងកើតហេតុខាងលើជាបន្ទាន់ និងចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុតក្នុងការរុះរើរបង ឬផ្នែកនៃសំណង់ណាដែលរកឃើញថារំលោភលើដីផ្លូវរដ្ឋ ដើម្បីបើកផ្លូវសាធារណៈជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ។ ប្រជាពលរដ្ឋ និងសាធារណជន កំពុងរង់ចាំមើលចំណាត់ការ និងការបកស្រាយតាមផ្លូវច្បាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចដោយក្តីសង្ឃឹម។
​ជំហរ និងក្រមសីលធម៌របស់អង្គភាពសារព័ត៌មាន៖
​ស្ថាប័នសារព័ត៌មាន ASEAN DAILY យើងខ្ញុំ សូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការចុះផ្សាយព័ត៌មាននេះ គឺធ្វើឡើងក្នុងតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម និងទុក្ខកង្វល់ពិតប្រាកដរបស់ប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងវិជ្ជាជីវៈសុទ្ធសាធ គ្មានចេតនាញុះញង់ បំផុសបំផុល ឬបង្កចលាចលណាមួយឡើយ។ អង្គភាពយើងខ្ញុំ នៅតែបន្តបើកផ្លូវរង់ចាំការបកស្រាយបំភ្លឺពីភាគីម្ចាស់បុរីគ្រប់ម៉ោង គ្រប់ពេលវេលា ប្រសិនបើមានឯកសារច្បាប់ផ្លូវការចង់ផ្ដល់ជូនក្រុមការងារយើងខ្ញុំ ដើម្បីចូលរួមសហការផ្សព្វផ្សាយបន្តឱ្យមានភាពត្រឹមត្រូវ និងតម្លាភាពទាំងសងខាង។
​អង្គភាពសារព័ត៌មាន ASEAN DAILY នឹងបន្តរង់ចាំ និងតាមដានចំណាត់ការអនុវត្តច្បាប់ពីសំណាក់អាជ្ញាធរខណ្ឌដង្កោ និងភាគីពាក់ព័ន្ធជុំវិញករណីនេះដោយយកចិត្តទុកដាក់បំផុត៕

ព័ត៌មានដែលជាប់ទាក់ទង