ប្រជាពលរដ្ឋភូមិនេសាទ ស្នើសុំអន្តរាគមន៍ពីអភិបាលខេត្តកោះកុង និងអភិបាលស្រុកស្រែអំបិល ករណីសំណង់លើដីចំណីផ្លូវ និងដីអូរធម្មជាតិ
[កោះកុង]៖ នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ នេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បានសម្តែងការព្រួយបារម្ភ និងបានគោរពស្នើសុំយ៉ាងទទូចដល់ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ក៏ដូចជា លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយចុះពិនិត្យ និងមានវិធានការចំពោះករណីមានការសាងសង់សំណង់រឹង និងកញ្ចុះតូចៗនៅលើដីចិញ្ចើមផ្លូវសាធារណៈ និងដីចំណីបឹងអូរធម្មជាតិ (អូរទឹកបន្លាយ) ដែលកំពុងតែបង្កការប៉ះពាល់ដល់សោភ័ណភាពតំបន់ទេសចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
តាមប្រភពព័ត៌មាន និងការរាយការណ៍ពីប្រជាពលរដ្ឋនៅមូលដ្ឋានបានបញ្ជាក់ថា នៅចំណុចភូមិនេសាទ មានការសាងសង់សំណង់រឹង ក៏ដូចជាការសង់កញ្ចុះជាបន្តបន្ទាប់នៅតាមបណ្តោយចិញ្ចើមផ្លូវសាធារណៈ ចាប់ពីភាគខាងជើងរហូតដល់ភាគខាងត្បូងផ្លូវ។ អ្វីដែលជាក្តីបារម្ភ និងមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ គឺការសាងសង់ទាំងនេះ ត្រូវបានគេសង្ស័យថា អាចមានការយោគយល់ ឬពាក់ព័ន្ធពីសំណាក់មន្ត្រីមូលដ្ឋានមួយចំនួន ដោយក្នុងនោះ ពលរដ្ឋបានលើកឡើងចំឈ្មោះ លោក ថន រុន (ជំទប់ទី១ ឃុំជ្រោយស្វាយ) និងលោក ឃេង ឃង (មេភូមិនេសាទ) ថាជាអ្នកនៅពីក្រោយខ្នង ឬបើកដៃឲ្យមានការសាងសង់លើដីចំណីផ្លូវ និងដីអូរធម្មជាតិនេះ។
ទោះជាយ៉ាងណាក៏ដោយ ជុំវិញការលើកឡើង និងការសង្ស័យពីសំណាក់ប្រជាពលរដ្ឋខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ មិនទាន់អាចសុំការបំភ្លឺជាផ្លូវការពីលោក ថន រុន ជំទប់ទី១ ឃុំជ្រោយស្វាយ និងលោក ឃេង ឃង មេភូមិនេសាទ បាននៅឡើយទេ គិតត្រឹមវេលានេះ។
យោងតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងក្នុងន័យចូលរួមស្ថាបនាសង្គម ការផ្សព្វផ្សាយនេះគឺដើម្បីជាព័ត៌មាន និងជាសំណូមពរដ៏ទទូចពីប្រជាពលរដ្ឋ ផ្ញើជូនទៅដល់លោកជំទាវអភិបាលខេត្តកោះកុង លោកអភិបាលស្រុកស្រែអំបិល និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មេត្តាចុះទៅពិនិត្យ ស្រាវជ្រាវ ត្រួតពិនិត្យលើទីតាំងជាក់ស្តែង និងមានវិធានការតាមផ្លូវច្បាប់ ដើម្បីធានាថាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដីចំណីផ្លូវ និងដីអូរធម្មជាតិ ត្រូវបានរក្សាការពារយ៉ាងត្រឹមត្រូវ បម្រើផលប្រយោជន៍រួម និងមិនត្រូវបានបុគ្គលណាម្នាក់យកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ឬគ្រួសារឡើយ។
អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងបន្តរង់ចាំទទួលការបកស្រាយ ឬការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរឃុំ និងភូមិ ដែលបានរៀបរាប់ខាងលើរៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើឲ្យព័ត៌មាននេះកាន់តែមានភាពសុក្រឹត យុត្តិធម៌ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត៕
