Update) វគ្គ២ ករណីចាក់ដីលុបផ្ទៃបឹងធម្មជាតិជាសម្បត្តិរដ្ឋនៅស្រុកបុរីជលសារ អាជ្ញាធររុញការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក

 

 

ថ្ងៃផ្សាយចេញ៖ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦ (ពីរាជធានីភ្នំពេញ)
ប្រភពព័ត៌មាន៖ អង្គភាពសារព័ត៌មាន អាស៊ានដេលី

ស្វាគមន៍លោកអ្នកនាងមកកាន់សេចក្តីរាយការណ៍ព័ត៌មានទាន់ហេតុការណ៍ ពីអង្គភាពសារព័ត៌មាន អាស៊ានដេលី។

អាប់ដេត (Update) វគ្គ២ ករណីចាក់ដីលុបផ្ទៃបឹងធម្មជាតិ ជម្រាបជូនលោកអ្នកនាងថា ក្រោយពីអង្គភាពសារព័ត៌មាន អាស៊ានដេលី របស់យើងខ្ញុំ បានចុះផ្សាយព័ត៌មានបឋមកាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ និងបានធ្វើសេចក្ដីរាយការណ៍ជូនថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់រួចមក មកទល់ពេលនេះ សកម្មភាពចាក់ដីលុបផ្ទៃបឹង នៅតែបន្តកើតមានជាធម្មតា ដោយមិនទាន់មានវិធានការទប់ស្កាត់ណាមួយឡើយ។

ករណីចាក់ដីរំលោភចូលចំណីបឹងធម្មជាតិ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនេះ មានទីតាំងស្ថិតនៅ ទល់មុខមណ្ឌលសុខភាព ក្នុងឃុំបុរីជលសារ ស្រុកបុរីជលសារ ខេត្តតាកែវ។

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ បានសម្តែងការព្រួយបារម្ភ និងលើកឡើងថា សកម្មភាពចាក់ដីរំលោភយកផ្ទៃបឹងធម្មជាតិនេះ កំពុងធ្វើឱ្យផ្ទៃបឹងរួមតូចទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ បងប្អូនប្រជាពលរដ្ឋបានដាក់ជាសំណួរថា តើការចាក់ដីលុបបឹងធម្មជាតិខាងលើនេះ មានលិខិតអនុញ្ញាតស្របច្បាប់ដែរឬទេ? និងបានសំណូមពរឱ្យមានការអនុវត្តច្បាប់ស្មើភាពគ្នា ចៀសវាងការបណ្តែតបណ្តោយឱ្យបុគ្គលមានធនធាន ធ្វើអ្វីៗតាមអំពើចិត្ត។

ដើម្បីស្វែងរកការពិតជម្រះមន្ទិលជូនសាធារណជន អង្គភាពសារព័ត៌មានយើងខ្ញុំ បានទំនាក់ទំនងសាកសួរមន្ត្រីពាក់ព័ន្ធ ប៉ុន្តែទទួលបានការឆ្លើយតបរុញដាក់គ្នាទៅវិញទៅមកយ៉ាងដូច្នេះថា៖

លោក ស៊ូ ភិរម្យ អភិបាលស្រុកបុរីជលសារ បានបញ្ជាក់ប្រាប់ឱ្យភ្នាក់ងារយើងខ្ញុំ ទៅសាកសួរ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ វិញ។

លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ បានបង្វែរឱ្យទៅសាកសួរខាងការិយាល័យសុរិយោដីស្រុកបុរីជលសារ។

ប្រធានការិយាល័យសុរិយោដីស្រុកបុរីជលសារ បានរុញបន្តឱ្យទៅសួរប្រធានការិយាល័យសេដ្ឋកិច្ចសហគមន៍។

ប្រធានការិយាល័យសេដ្ឋកិច្ចសហគមន៍ ពេលទូរស័ព្ទចូល បានឆ្លើយតបថា លោកនៅឯខេត្តតាកែវ មិនបានដឹងរឿងរ៉ាវខាងលើនេះឡើយ។

ការឆ្លើយតបរបៀបរុញច្រានការទទួលខុសត្រូវ ពីស្ថាប័នមួយទៅស្ថាប័នមួយបែបនេះ ធ្វើឱ្យសាធារណជន និងប្រជាពលរដ្ឋមានការខកចិត្តយ៉ាងខ្លាំង ក្នុងនាមមន្ត្រីជាអ្នកបម្រើប្រជាពលរដ្ឋ និងជាអ្នកមានតួនាទីការពារធនធានធម្មជាតិរបស់រដ្ឋ។

ផ្អែកលើទិដ្ឋភាពច្បាប់ សកម្មភាពចាក់ដីលុបបឹងធម្មជាតិដោយគ្មានការត្រួតពិនិត្យនេះ 2-005;នរំលោភបំពានលើបទប្បញ្ញត្តិរួមមាន៖

ច្បាប់ស្តីពីសំណង់ មាត្រា ២៦ និង មាត្រា ៣៨៖ ហាមដាច់ខាតការសាងសង់ ឬបើកការដ្ឋានដោយពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

អនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់ មាត្រា ៨ និង មាត្រា ៣៧៖ រាល់ការកែប្រែដីធ្លី ឬសាងសង់ត្រូវមានការពិនិត្យ និងផ្តល់លិខិតអនុញ្ញាតជាមុន។

អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ មាត្រា ៨៖ ការហាមឃាត់ការចាក់ដី ឬសាងសង់រំលោភលើដីចំណីប្រភពទឹកធម្មជាតិ ស្ទឹង បឹងបួរ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

ដើម្បីការពារប្រយោជន៍សាធារណៈ និងថែរក្សាផ្ទៃបឹងធម្មជាតិដែលជារបស់រដ្ឋ អង្គភាពសារព័ត៌មានយើងខ្ញុំ រួមជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមគោរពស្នើសុំកិច្ចអន្តរាគមន៍៖

១. គោរពស្នើសុំ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ មេត្តាចាត់មន្ត្រីជំនាញថ្នាក់ខេត្ត ចុះស៊ើបអង្កេត និងត្រួតពិនិត្យទីតាំងខាងលើដោយក្តីអនុគ្រោះ ដើម្បីបំភ្លឺការពិតជូនប្រជាពលរដ្ឋ។

២. គោរពស្នើសុំ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មេត្តាជួយចាត់មន្ត្រីត្រួតពិនិត្យជុំវិញករណីចាក់ដីលុបបឹងធម្មជាតិនេះ ថាតើមានការសុំច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ?

៣. ស្នើសុំ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ មេត្តាជួយស្រាយបំភ្លឺជុំវិញបច្ចេកទេស និងគតិច្បាប់នៃការការពារដីចំណីបឹងធម្មជាតិក្នុងករណីខាងលើនេះ។

ជាចុងក្រោយ អង្គភាពសារព័ត៌មាន អាស៊ានដេលី យើងខ្ញុំបំពេញភារកិច្ចក្នុងនាមជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ដើម្បីរួមចំណែកការពារផលប្រយោជន៍ជាតិ និងសម្បត្តិរដ្ឋតែប៉ុណ្ណោះ ពុំមានចេតនាញុះញង់ ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នណាមួយឡើយ។ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ ឬការបកស្រាយពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងម្ចាស់ដីគ្រប់ពេលម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

សូមអរគុណ និងសូមជម្រាបលា។

ព័ត៌មានដែលជាប់ទាក់ទង