[Update] ករណីចាក់ដីលុបស្ទឹងព្រែកត្នោត៖ ហេតុអ្វីមន្ត្រីជំនាញខេត្តកំពង់ស្ពឺ រក្សាភាពស្ងាត់ស្ងៀម បណ្តោយឱ្យច្បាប់វារភ្នំ ក្រោយរកឃើញការរំលោភបំពានជិត ៥ពាន់ម៉ែត្រការ៉េ?


ខេត្តកំពង់ស្ពឺ ៖ មានករណី ចាក់ដីលុបចំណីស្ទឹងព្រែកត្នោត រំលោភបំពាន ដីចំណីស្ទឹង លើសពីប្លង់កម្មសិទ្ធិ យ៉ាងគឃ្លើន ចំណែកមន្ត្រីប្រចាំតំបន់កំពុងតែដេកលុងលក់ នៅតែបណ្ដែតបណ្ដោយអោយបុគ្គលមានលុយឆ្លៀតឱកាសរំលោភបំពានលើដីសម្បត្តិសារធារណៈរដ្ឋ។
តើការចាក់ដីលុបចំណីស្ទឹងខាងលើ មានលិខិតអនុញាតឬមួយយ៉ាងណា? សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។
ប្រភពប្រជាពលរដ្ឋបានលើកឡើងថា មិនដឹងម្ចាស់ទីតាំងអាងអ្វីឡើយ ដែលហ៊ានចាក់រំលោភដោយមិនលាក់លាមលើសម្បត្តិសាធារណៈរបស់រដ្ឋបែបនេះ។ ប្រជាពលរដ្ឋបាននិយាយតាមត្រង់ថា បើពលរដ្ឋធម្មតាឲ្យតែហ៊ានចាក់ដីបំពានច្បាប់ និងមិនញញើតបែបនេះ ច្បាស់ជាត្រូវបានកោះហៅ ឬចាប់គ្រឿងចាក់យកទៅបាត់ជាមិនខាន តែយ៉ាងណាកន្លងទៅ គេឃើញមន្រ្តីជំនាញ និងអាជ្ញាធរបានចុះហាមឃាត់ដែរ តែបុគ្គលខាងលើនៅតែហ៊ានប្រព្រឹត្តមិនខ្លាចច្បាប់ទៀត។
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ សូមធ្វើសេចក្តីរាយការណ៍ជូន ដល់ លោក មុត ភន អភិបាលនៃគណៈអភិបាល ស្រុកសំរោងទង សូមមេត្តាចុះត្រួតពិនិត្យ ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ម្ចាស់ចាក់ដីលុបចំណីស្ទឹងទាំងបំពាន រំលោភលើដីចំណីស្ទឹងព្រែកត្នោតដែលជាសម្បត្តិរដ្ឋ។
មហាជននិងប្រជាពលរដ្ឋ រង់ចាំមើលវិធានការលើករណីខាងលើ សកម្មភាព នៃការចាក់ដីរំលោភចូលក្នុងស្ទឹង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីបច្ចេកទេស នៃមន្ទីរ សហការជាមួយរដ្ឋបាលស្រុកសំរោងទង អាជ្ញាធរភូមិ ឃុំ បានចុះពិនិត្យដល់ទីតាំងចាក់បំពេញអាចម៍ដី ជាក់ស្តែងរបស់លោកស្រី សុខ វណ្ណា និងបានរកឃើញថា លោកស្រីពិតជាបានចាក់ដីរំលោភចូលក្នុងស្ទឹងព្រែកត្នោត មានទំហំចំនួន ៤៧៤៦ ម៉ែត្រការ៉េ ដោយពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរដែនដី និងស្ថាប័នជំនាញពាក់ព័ន្ធនោះទេ។
ទាក់ទិននឹងចំណុចនេះ មហាជន និងប្រជាពលរដ្ឋកំពុងបង្កើតជាមន្ទិលសង្ស័យ និងដាក់ជាសំណួរជួរៗថា៖ ហេតុអ្វីបានជាលទ្ធផលបច្ចេកទេសរបស់មន្ត្រីជំនាញបានរកឃើញកំហុស និងការរំលោភបំពានដីរដ្ឋយ៉ាងច្បាស់ក្រឡែតជាងមួយខែកន្លងទៅហើយ (តាំងពីថ្ងៃទី០៦ ខែឧសភា) តែរហូតមកទល់ពេលនេះ ចំណាត់ការផ្លូវច្បាប់ែបជាមានភាព «ស្ងាត់ស្ងៀមឈឹង» និងគ្មានការប្រព្រឹត្តកម្មទៅវិញ? តើភាពស្ងាត់ស្ងៀមរបស់អាជ្ញាធរពាក់ព័ន្ធនៅពេលនេះ គឺដោយសារតែមានសម្ពាធពីបុគ្គលមានលុយ ឬមួយក៏ជាការបើកដៃអោយអូសបន្លាយដើម្បីរំលាយរឿងហេតុ?
យោងតាមរូបភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ បានចុះថតយករូបភាព និងសូមធ្វើសេចក្តីរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើការចាក់ដីលុបចំណីស្ទឹងខាងលើ រឹងជាងការអនុវត្តច្បាប់ ឬមួយអនុក្រិត្យខ្លាំងជាង ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីអូរ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំស្នើសុំ លោក រ៉ាប ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺ សូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ និងចាត់វិធានការលើបុគ្គលមានលុយ បុគ្គលឆ្លៀតឱកាសចាក់ដីលុបមាត់ស្ទឹង ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រអោយច្បាស់ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មាន ASEAN DAILY យើងសង្ឃឹមថា លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ នឹងជួយស្រាយបំភ្លឺ ក្នុងករណីខាងលើថា តើមានសុំច្បាប់ដែរឬទេ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូន ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តកំពង់ស្ពឺ និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងមានវិធានការណ៍ច្បាប់ចំពោះភាពស្ងាត់ស្ងៀមខាងលើនេះដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មាន ASEAN DAILY ខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាញុះញង់ទៅលើស្ថាប័នពាក់ព័ន្ធមួយណាឡើយ និងសូមរង់ចាំការឆ្លើយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន។
សេចក្តីជូនដំណឹងពី ASEAN DAILY៖ ការរង់ចាំដោយភាពស្ងាត់ស្ងៀម មិនមែនមានន័យថាវាជាចម្លើយដ៏ល្អនោះឡើយ។ យើងខ្ញុំនៅតែបន្តរង់ចាំការឆ្លើយតប និងសកម្មភាពជាក់ស្តែងពីអាជ្ញាធរ!

ព័ត៌មានដែលជាប់ទាក់ទង