ទុក្ខវេទនារបស់អ្នកដំណើរ៖ ភាពអនាធិបតេយ្យនៃការលក់ដូរលើចិញ្ចើមផ្លូវជាតិលេខ 4 ក្បែរផ្សារជំពូវ័ន្ត កំពុងបំបិទផ្លូវសាធារណៈ


ភ្នំពេញ៖ បញ្ហាកកស្ទះចរាចរណ៍ដ៏រ៉ាំរ៉ៃនៅតាមបណ្តោយផ្លូវជាតិលេខ 4 ត្រង់ចំណុចផ្សារជំពូវ័ន្ត ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ កំពុងក្លាយជាប្រធានបទក្តៅ និងជាក្តីកង្វល់ដ៏ធំធេងរបស់សាធារណជន។ ភាពអនាធិបតេយ្យនៃការរំលោភយកចិញ្ចើមផ្លូវធ្វើជាទីតាំងលក់ដូរ និងការចតយានយន្តគ្មានសណ្តាប់ធ្នាប់ បានបង្កជាការកកស្ទះរាប់ម៉ោង ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពេលវេលាធ្វើដំណើរ។
​ការលក់ដូររំលោភលើទ្រូងផ្លូវ៖ បញ្ហារ៉ាំរ៉ៃរាប់ខែរាប់ឆ្នាំ
យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋ និងបងៗមន្ត្រីរាជការដែលធ្វើដំណើរតាមផ្លូវជាតិលេខ 4 នេះជារៀងរាល់ថ្ងៃ បានសម្តែងការត្អូញត្អែរ និងរអ៊ូរទាំយ៉ាងខ្លាំងពីស្ថានភាពចរាចរណ៍នៅចំណុចផ្សារជំពូវ័ន្ត ដែលមានភាពស្មុគស្មាញ និងកកស្ទះជារៀងរាល់ថ្ងៃ ជារៀងរាល់ខែ និងជារៀងរាល់ឆ្នាំ។ មូលហេតុចម្បង គឺដោយសារតែមានការដាក់តាំងលក់ដូរទំនិញ ឆត្រ ប៉ារ៉ាំ និងការចតរឺម៉កកង់បី ក៏ដូចជាទោចក្រយានយន្តផ្សេងៗយ៉ាងអនាធិបតេយ្យ រហូតរំលោភមកលើទ្រូងផ្លូវជាតិ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។

​តាមការបញ្ជាក់ពីប្រភពបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលត្រូវធ្វើដំណើរទៅបំពេញការងារនៅតាមក្រសួង-ស្ថាប័ននានា បានឲ្យដឹងថា ពួកគាត់ត្រូវចំណាយពេលកកស្ទះរាប់ម៉ោងត្រង់ចំណុចនេះស្ទើរតែរលត់ម៉ាស៊ីនឡាន-ម៉ូតូ ដែលធ្វើឲ្យយឺតយ៉ាវម៉ោងការងារ និងបង្កការក្តៅក្រហាយជាខ្លាំង។

​សំណួរចាក់ដោត៖ តើអាជ្ញាធរមូលដ្ឋានមានការយោគយល់ ឬទន់ជ្រាយ?
​សកម្មភាពលក់ដូរដ៏អនាធិបតេយ្យដែលកើតឡើងពាសវាលពាសកាលបែបនេះ បានបង្កើតជាមន្ទិលសង្ស័យ និងសំណួរជាច្រើនពីសំណាក់មហាជនថា៖ តើករណីនេះមានការពាក់ព័ន្ធ ឬមានការបើកដៃពីអាជ្ញាធរដែនដីដែរឬទេ? ហេតុអ្វីបានជាបណ្តោយឲ្យសកម្មភាពខុសច្បាប់ និងការរំលោភបំពានដីចំណីផ្លូវសាធារណៈនេះ កើតឡើងយ៉ាងរលូន និងអូសបន្លាយពេលយូរឆ្នាំបែបនេះ ដោយគ្មានការចុះរៀបចំសណ្តាប់ធ្នាប់ឲ្យមានប្រសិទ្ធភាពសោះឡើយ?
​មហាជនបានសម្តែងការងឿងឆ្ងល់ចំពោះចំណាត់ការរបស់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ថាតើលោកបានជ្រាបពីទុក្ខលំបាក និងការរអ៊ូរទាំរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការដែរឬទេ? ហេតុអ្វីបានជាចំណាត់ការផ្លូវច្បាប់ទៅលើការរំលោភចិញ្ចើមផ្លូវសាធារណៈហាក់បីដូចជាមានភាពទន់ជ្រាយ និងគ្មាននិរន្តរភាព បណ្តោយឲ្យអ្នកដំណើររាប់ម៉ឺននាក់រងគ្រោះដោយសារតែក្រុមអាជីវករមួយក្តាប់តូចបែបនេះ?
​ការអំពាវនាវដល់ថ្នាក់ដឹកនាំកំពូលនៃរាជធានីភ្នំពេញ
​ជុំវិញករណីដ៏រ៉ាំរ៉ៃនេះ ផ្អែកលើប្រភពសម្លេងពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ សូមគោរពស្នើសុំយ៉ាងទទូចដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យ មើលការខុសត្រូវ និងមានវិធានការក្តៅ ក្នុងការជំរុញ ឬណែនាំទៅដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះអនុវត្តច្បាប់ និងរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារជំពូវ័ន្ត ផ្លូវជាតិលេខ 4 នេះជាដាច់ខាត។
​សាធារណជនមិនអាចបន្តស៊ូទ្រាំនឹងការខាតបង់ពេលវេលា ប្រាក់កាស និងការគំរាមកំហែងដល់សុវត្ថិភាពចរាចរណ៍ ដោយសារតែភាពអសកម្មក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់របស់អាជ្ញាធរមូលដ្ឋានតទៅទៀតបានឡើយ។ អង្គភាពព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយ និងការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ជុំវិញចំណាត់ការដោះស្រាយបញ្ហានេះ ដើម្បីជម្រាបជូនសាធារណជនឲ្យបានជ្រាបជាបន្តបន្ទាប់។

ព័ត៌មានដែលជាប់ទាក់ទង