ខេត្តកណ្តាល៖ គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ករណីសំណង់រឹងដែលចាក់ដី និងបុកគ្រឹះរំលោភចូលមាត់ច្រាំងទន្លេយ៉ាងគឃ្លើន ស្ថិតក្នុងក្រុងសំពៅពូន ខេត្តកណ្តាល បាននិងកំពុងឈានចូលដល់ «វគ្គ ៣» ហើយ ដែលជាដំណាក់កាលបង្កើតជាការរិះគន់ និងអស់សង្ឃឹមយ៉ាងខ្លាំងពីសំណាក់មហាជន ចំពោះយន្តការរដ្ឋបាលថ្នាក់ក្រោមជាតិ បន្ទាប់ពីការរក្សាភាពស្ងៀមស្ងាត់នៅតែបន្តអូសបន្លាយ។

ភស្តុតាងជាក់ស្តែង៖ គ្រឿងចក្របន្តឈូសឆាយ និងចាក់ថ្មយ៉ាងពេញទំហឹង
ផ្អែកតាមរូបភាពជាក់ស្តែងដែលអង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំទទួលបាន សកម្មភាពល្មើសច្បាប់នៅទីតាំងកើតហេតុមិនត្រឹមតែមិនព្រមផ្អាកនោះទេ គឺថែមទាំងបន្តធ្វើឡើងយ៉ាងគគ្រឹកគគ្រេង។
នៅក្នុងរូបថតទាំងនោះ គេឃើញមានវត្តមានគ្រឿងចក្រធុនធ្ងន់ (អេស្កាវ៉ាទ័រ/ត្រាក់ទ័រ) កំពុងតែឈរជើងបំពេញការងារឈូសឆាយយ៉ាងសកម្ម ជាមួយនឹងគំនរថ្ម និងដីដ៏មហិមាដែលត្រូវបានគេចាក់បំពេញរំលោភចូលទៅក្នុងមាត់ច្រាំងទន្លេយ៉ាងអនាធិបតេយ្យ។ ទិដ្ឋភាពទាំងនេះបានសរបញ្ជាក់ឱ្យឃើញថា ភាពស្ងៀមស្ងាត់របស់រដ្ឋបាលក្រុងសំពៅពូន បាននិងកំពុងក្លាយទៅជា «ខែលការពារ» យ៉ាងមានប្រសិទ្ធភាព ដែលធ្វើឱ្យម្ចាស់សំណង់ខុសច្បាប់កាន់តែមានចិត្ត កាន់តែហ៊ាន និងបន្តបុកគ្រឹះទាំងថ្ងៃទាំងយប់ ដោយមិនញញើតច្បាប់បន្តិចណាឡើយ។
សំណួរដេញដោល «វគ្គ ៣»៖ តើច្បាប់ស្រុកទេសមានឥទ្ធិពលត្រឹមណា?
តើការរក្សាភាពស្ងៀមស្ងាត់របស់លោកអភិបាលក្រុង ជាការយល់ព្រមដោយស្ងាត់ស្ងៀមមែនទេ? ភស្តុតាងរូបថតចាក់ស្តែងពីគ្រឿងចក្រ និងគំនរថ្មដ៏ធំធេងទាំងនេះ មហាជនដាក់ការសង្ស័យថា បើគ្មានការបើកដៃ ឬការត្រូវរ៉ូវគ្នានៅពីក្រោយខ្នងទេ គ្មានបុគ្គលណាម្នាក់អាចយកគ្រឿងចក្រទៅឈូសឆាយបំផ្លាញសម្បត្តិរដ្ឋចំពោះមុខអាជ្ញាធរបែបនេះបានឡើយ។
តើការអនុវត្តច្បាប់សំណង់ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល មានតម្លៃត្រឹមតែនៅលើក្រដាសឬ? ហេតុអ្វីបានជាសំណង់ខុសច្បាប់ជាក់ស្តែងបែបនេះ មិនអាចផ្អាកបាន ក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងរឹតបន្តឹងការគ្រប់គ្រងដីធ្លី និងដីចំណីទន្លេយ៉ាងម៉ឺងម៉ាត់?
ការបាត់បង់ទំនុកចិត្តលើរដ្ឋបាលថ្នាក់ក្រោមជាតិ៖
ប្រជាពលរដ្ឋនៅក្នុងក្រុងសំពៅពូន បានសម្តែងការហួសចិត្ត និងលើកឡើងថា បើពលរដ្ឋក្រីក្រគ្រាន់តែសង់រោង ឬជួសជុលផ្ទះបន្តិចបន្តួច គ្មានច្បាប់ គឺមន្ត្រីជំនាញចុះមកហាមឃាត់ដល់ផ្ទះភ្លាម។ ចុះហេតុអ្វីបានជាករណីអ្នកមានលុយបុកគ្រឹះរំលោភទន្លេទាំងមូល បែរជាមន្ត្រីក្រុងមើលមិនឃើញ និងស្ងាត់ដូចចោរលួចសេះបែបនេះ? តើនេះជាស្តង់ដារពីរក្នុងការអនុវត្តច្បាប់មែនទេ?
សម្រែកអំពាវនាវចុងក្រោយ ផ្ញើជូនថ្នាក់ដឹកនាំ «កាត់សាច់ស្អុយ»
ដោយអស់សង្ឃឹម និងលែងមានជំនឿចិត្តលើការដោះស្រាយរបស់រដ្ឋបាលក្រុងសំពៅពូន អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ រួមជាមួយមហាជន សម្រេចចិត្តបង្វែរទិសដៅ បន្តស្វែងរកអន្តរាគមន៍ និងការសម្រេចចិត្តដ៏មានឥទ្ធិពលពីថ្នាក់ដឹកនាំកំពូល៖
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល៖ មហាជនរំពឹងថា ឯកឧត្តមនឹងប្រើប្រាស់ «កណ្តាប់ដៃដែក» និងវិធានការក្តៅ ដូចដែលឯកឧត្តមធ្លាប់បានអនុវត្តជោគជ័យកន្លងមក ដើម្បីចុះមកវះកាត់ និងពិនិត្យមើលភាពមិនប្រក្រតី ឬភាពអសកម្មរបស់មន្ត្រីថ្នាក់ក្រោមជាតិក្នុងករណីនេះ។
ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ មេត្តាជួយចាត់អធិការកិច្ចចុះពិនិត្យការដ្ឋាននេះ ថាតើមានលិខិតអនុញ្ញាតសាងសង់ និងបើកការដ្ឋានដែរឬទេ?
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម៖ មេត្តាជួយពិនិត្យមើលដីចំណីទន្លេបាសាក់ ក្នុងភូមិសាស្ត្រក្រុងសំពៅពូននេះ កុំឱ្យធ្លាក់ក្នុងកណ្តាប់ដៃជនខិលខូច ខណៈដែលក្រសួងកំពុងចំណាយថវិការដ្ឋយ៉ាងច្រើនដើម្បីសាងសង់ច្រាំងទន្លេការពារការបាក់ស្រុត។
ប្រភពពីអង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ សូមបញ្ជាក់ជាថ្មីថា យើងខ្ញុំនឹងនៅតែបន្តតាមដាន និងធ្វើសេចក្តីរាយការណ៍ជុំវិញករណី «វគ្គ ៣» នេះ រហូតដល់មានចំណាត់ការច្បាប់ជាក់លាក់ពីថ្នាក់ដឹកនាំ។ យើងខ្ញុំនៅតែស្វាគមន៍ជានិច្ចចំពោះការចេញមុខបកស្រាយ ឬបំភ្លឺពីសំណាក់ លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន ឬម្ចាស់សំណង់ផ្ទាល់ គ្រប់ម៉ោងធ្វើការ។ សូមអរគុណ!
