មហាជនសម្តែងការបារម្ភ និងចោទសួរជុំវិញករណីសំណង់ចាក់ដីលុកចូលផ្ទៃទឹកទន្លេ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានវគ្គដំបូងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ជុំវិញករណីសំណង់អគារមួយកន្លែង ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលរងការរិះគន់ថា បានចាក់ដីបុកគ្រឹះលុកចូលទៅក្នុងផ្ទៃទឹកទន្លេ រួចមក ស្រាប់តែមានការផ្ទុះការចាប់អារម្មណ៍ និងទទួលបានមតិរិះគន់ចំៗជាបន្តបន្ទាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។
យោងតាមមតិយោបល់ និងការរិះគន់ចំៗរបស់មហាជនគិតត្រឹមកាលបរិច្ឆេទថ្ងៃទី៣០ នេះ ប្រជាពលរដ្ឋបានសម្តែងការបារម្ភជាខ្លាំងចំពោះផលប៉ះពាល់ដល់ចរន្តទឹក ក៏ដូចជាសោភ័ណភាព និងសុវត្ថិភាពនៃផ្ទៃទឹកទន្លេដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏បានលើកឡើងជាសំណួរ និងទទូចសុំការបំភ្លឺពីអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ ជុំវិញទិដ្ឋភាពច្បាប់នៃការអនុញ្ញាតឱ្យមានការសាងសង់សំណង់ខាងលើនេះផងដែរ។ ពួកគាត់បានលើកឡើងថា ដើម្បីធានាបាននូវតម្លាភាព និងភាពស្មើគ្នាចំពោះមុខច្បាប់ ការរឹតបន្តឹងបទដ្ឋានគតិយុត្តលើការសង់នានាគួរតែត្រូវបានអនុវត្តជាទូទៅដោយគ្មានការរើសអើង។
មហាជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៅតែបន្តរង់ចាំមើលចំណាត់ការ ក៏ដូចជាការបកស្រាយបំភ្លឺជាផ្លូវការពីស្ថាប័នជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីឲ្យដឹងច្បាស់ថាតើសំណង់ខាងលើនេះមានលិខិតអនុញ្ញាតត្រឹមត្រូវ ឬយ៉ាងណា ក្នុងគោលបំណងរក្សាផលប្រយោជន៍រួមរបស់សង្គម និងពង្រឹងការអនុវត្តច្បាប់ភូមិបាលឲ្យបានកាន់តែមានប្រសិទ្ធភាព។
ប្រភពព័ត៌មាន៖ អត្ថបទផ្សាយបន្តនេះ គឺត្រូវបានដកស្រង់ និងយោងតាមប្រភពផ្ទាល់ពីមតិយោបល់ រួមទាំងការរិះគន់រិះគន់ស្ថាបនាជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ (Comments) នៅក្នុងបណ្តាញសង្គម។
សម្គាល់៖ អង្គភាពសារព័ត៌មាន អាស៊ាន ដេលី ២៤ម៉ោង យើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម និងមតិយោបល់របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ រាល់ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងន័យរិះគន់ដើម្បីស្ថាបនា ដោយគ្មានភាពញុះញង់ និងពុំមានចេតនាអាក្រក់ទៅលើបុគ្គល អង្គភាព ឬស្ថាប័នណាមួយឡើយ។
![]()
![]()
![]()
![]()
![]()
