ប្រជាពលរដ្ឋស្រុកកំពង់ត្រឡាច អំពាវនាវដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ ចំពោះករណីគ្រឿងចក្រឈូសឆាយ និងជីកកាយដីខុសច្បាប់នៅតំបន់មេទឹកតួលៀស

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍មកកាន់អង្គភាពព័ត៌មាន ASEANDAILY ថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មានសកម្មភាពគ្រឿងចក្រជាច្រើនគ្រឿង កំពុងធ្វើសកម្មភាពឈូសឆាយព្រៃ និងជីកកាយដីយ៉ាងអាណាធិប្បតេយ្យ នៅចំណុចតំបន់មេទឹកតួលៀស ស្ថិតក្នុងភូមិអំពិលទឹក ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រហូតមកដល់ពេលនេះ សកម្មភាពខាងលើនៅតែបន្ត ដោយពុំទាន់ឃើញមានការចុះត្រួតពិនិត្យ ឬចាត់វិធានការណាមួយពីសំណាក់អាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញពាក់ព័ន្ធនៅឡើយទេ។

​បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអះអាងថា ម្ចាស់គ្រឿងចក្រដែលកំពុងធ្វើសកម្មភាពនេះ មានឈ្មោះ «ហួត» រស់នៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ប្រភពដដែលបានឱ្យដឹងទៀតថា ជនសង្ស័យតែងតែឆ្លៀតឱកាសប្រើប្រាស់ទីតាំងស្ថិតនៅជាប់ព្រំប្រទល់ខេត្ត ដើម្បីគេចវេះពីការត្រួតពិនិត្យរបស់សមត្ថកិច្ច និងច្បាប់។

​ពាក់ព័ន្ធនឹងករណីនេះ លោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានឆ្លើយតបមកកាន់ ASEANDAILY នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ថា រដ្ឋបាលស្រុកមិនទាន់ទទួលបានព័ត៌មានអំពីករណីនេះ។ ការឆ្លើយតបនេះ បានបង្កជាចម្ងល់យ៉ាងខ្លាំងដល់សាធារណជនថា តើនេះគឺជាការធ្វេសប្រហែសក្នុងការបំពេញភារកិច្ច ឬមានការបើកដៃឱ្យមានសកម្មភាពល្មើសច្បាប់កើតឡើងនៅក្នុងមូលដ្ឋាន?

​ប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា នេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក និងច្បាប់ស្តីពីបរិស្ថាន។ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋសូមគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយអន្តរាគមន៍ និងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។ ប្រជាពលរដ្ឋមានក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមអភិបាលខេត្ត ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នឹងបញ្ជាឱ្យមន្ត្រីជំនាញចុះពិនិត្យ និងចាត់វិធានការក្តៅដោយគ្មានការលើកលែង ដើម្បីការពារធនធានធម្មជាតិ និងព្រៃលិចទឹកដែលជាជម្រកពងកូនរបស់មច្ឆាជាតិឱ្យបានគង់វង្ស។

​សកម្មភាពជីកកាយដីដោយគ្រឿងចក្រក្នុងតំបន់មេទឹក គឺជាបទល្មើសព្រហ្មទណ្ឌដែលត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ប្រជាពលរដ្ឋសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ឱ្យមានវិធានការបង្ក្រាបឱ្យបានស្មើភាពគ្នា ទាំងអ្នកប្រព្រឹត្តផ្ទាល់ និងអ្នកដែលនៅពីក្រោយខ្នង ឬអ្នកដែលបានចូលរួមផ្សំគំនិត ដើម្បីការពារផលប្រយោជន៍សាធារណៈ។

ប្រភព៖ ប្រជាពលរដ្ឋមូលដ្ឋានផ្តល់ជូនអង្គភាព ASEANDAILY

ព័ត៌មានដែលជាប់ទាក់ទង