ករណីចាក់ដីរំលោភចូលច្រាំងប្រឡាយរំដោះទឹកចេញពីបឹងជន្លេន ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតក្នុងស្រុកមុខកំពូល (វគ្គ ១)

ខេត្តកណ្តាល៖ មានករណីចាក់ដីរំលោភបំពានចូលមាត់ច្រាំងប្រឡាយរំដោះទឹកចេញពីបឹងជន្លេន ដែលជាដីចំណីប្រឡាយរបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់ទីតាំងដែលកំពុងចាក់ដីចូលប្រឡាយខាងលើនេះ គឺជាម្ចាស់ «ឡឥដ្ឋ ពន្លឺអង្គរ» ដែលជាបុគ្គលមានខ្នងបង្អែកទើបអាចធ្វើបែបនេះបាន។ ទីតាំងនេះស្ថិតនៅក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ ករណីនេះបានធ្វើឱ្យមហាជនសួរថា តើមន្ត្រីប្រចាំតំបន់កំពុងតែបណ្តែតបណ្តោយឱ្យមានសកម្មភាពនេះឬយ៉ាងណា?
ផ្សាយចេញថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៦
យោងតាមកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មាន ASEAN DAILY លោក អ៊ុំ ឈុនស្រេង មេឃុំឫស្សីជ្រោយ បានទទួលស្គាល់ថា លោកពិតជាបានដឹងពីសកម្មភាពចាក់ដីចូលប្រឡាយរំដោះទឹកបឹងជន្លេននោះមែន ប៉ុន្តែលោកបញ្ជាក់ថា លោកគ្មានសិទ្ធិអំណាចក្នុងការហាមឃាត់ ឬមិនឱ្យគេចាក់នោះទេ។ ក្នុងនោះដែរ លោកមេឃុំបានបន្តថា សូមឱ្យអ្នកសារព័ត៌មានទៅធ្វើបទសម្ភាសន៍ជាមួយខាងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីស្រុកមុខកំពូល ឬលោក យី យ៉េន អភិបាលស្រុកមុខកំពូល ទើបអាចដឹងរឿងច្បាស់។
ជុំវិញករណីនេះ អង្គភាពសារព័ត៌មាន ASEAN DAILY យើងក៏បានធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ លោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល ដែលលោកបានឆ្លើយតបវិញថា លោកនឹងចាត់ឱ្យក្រុមការងារចុះទៅត្រួតពិនិត្យទីតាំងខាងលើជាបន្ទាន់ ព្រោះកន្លងមក លោកមិនទាន់ទទួលបានព័ត៌មានអំពីករណីនេះនៅឡើយទេ។
ជាការកត់សម្គាល់ សកម្មភាពរបស់ម្ចាស់ឡឥដ្ឋ ពន្លឺអង្គរ ដែលបានយកកាកសំណល់ឡឥដ្ឋ និងអាច្ម៍ដីមកចាក់បំពេញដីចំណីច្រាំងប្រឡាយរំដោះទឹកយ៉ាងគឃ្លើនបែបនេះ គឺកំពុងតែរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។ តើការចាក់ដីបិទច្រាំងប្រឡាយបិទលំហូរទឹកខាងលើនេះ មានលិខិតអនុញ្ញាតត្រឹមត្រូវ ឬមួយក៏ជាការធ្វើឡើងដោយអំពើចិត្ត? មហាជន និងប្រជាពលរដ្ឋសូមសំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធមេត្តាចុះត្រួតពិនិត្យជាបន្ទាន់។
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ សូមរាយការណ៍ជូន លោក យី យ៉េន អភិបាលស្រុកមុខកំពូល មេត្តាចុះពិនិត្យទីតាំងខាងលើដោយក្តីអនុគ្រោះ ព្រោះសកម្មភាពចាក់ដីចូលមាត់ច្រាំងប្រឡាយរំដោះទឹកចេញពីបឹងជន្លេននេះ បានរំលោភបំពានទាំងស្រុងលើដីសម្បត្តិរដ្ឋ។ យោងតាមរូបភាពដែលក្រុមការងារយើងខ្ញុំចុះថតផ្ទាល់ ដីចំណីប្រឡាយត្រូវបានរងការខូចខាតជាខ្លាំង ដែលទាមទារឱ្យមានការអន្តរាគមន៍ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
តើសំណង់រឹង និងសកម្មភាពរំលោភបំពានខាងលើនេះ មានអំណាចខ្លាំងជាងការអនុវត្តច្បាប់ ឬយ៉ាងណា?
បើពិនិត្យលើទិដ្ឋភាពច្បាប់ សកម្មភាពនេះអាចកំពុងល្មើសនឹង៖
១. ច្បាប់ស្តីពីសំណង់៖
មាត្រា ២៦៖ ការសាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
មាត្រា ៣៨៖ ការសាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។ ២. អនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់៖
មាត្រា ៨ និងមាត្រា ៣៧៖ ហាមដាច់ខាតការសាងសង់ ឬបើកការដ្ឋានដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។ ៣. អនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ៖
មាត្រា ៨៖ ហាមឃាត់ការសាងសង់រំលោភលើដីចំណីអូរ ប្រឡាយ និងប្រភពទឹកសាធារណៈ។
អាស្រ័យហេតុនេះ អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ សូមស្នើសុំ លោក កាន ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល មេត្តាជួយបើកបង្ហាញ ឬបំភ្លឺថា តើម្ចាស់កម្មសិទ្ធិអចលនទ្រព្យដែលកំពុងបុកគ្រឹះសាងសង់សំណង់រឹង និងធ្វើរបងរំលោភចូលដីចំណីរដ្ឋខាងលើនេះ មានប្លង់ស្របច្បាប់ដែរឬទេ? ហើយដីនោះមានទំហំទទឹង និងបណ្តោយប៉ុន្មានម៉ែត្រឱ្យប្រាកដ?
ទន្ទឹមនឹងនេះ យើងខ្ញុំសង្ឃឹមថា លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល នឹងជួយស្រាយបំភ្លឺផងដែរថា តើទីតាំងខាងលើមានការសុំច្បាប់អនុញ្ញាតសាងសង់សំណង់រឹងដែរឬទេ?
ជាចុងក្រោយ អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ សូមគោរពស្នើសុំ និងរាយការណ៍ជូន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងមានវិធានការច្បាប់ចំពោះករណីខាងលើនេះដោយក្តីអនុគ្រោះ ដើម្បីការពារសម្បត្តិសាធារណៈរបស់រដ្ឋ។
អង្គភាពសារព័ត៌មាន ASEAN DAILY ដំណើរការឡើងក្នុងនាមជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម រិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ សូមអរគុណ!
