ខណ្ឌដង្កោ៖ ការសាងសង់របងរំលោភលើ « ចំណីផ្លូវ និងចំណីដីផ្លូវសាធារណៈ» បង្កគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅភូមិសំបូរ


[រាជធានីភ្នំពេញ] — ផ្អែកលើភស្តុតាងជាក់ស្តែងដែលក្រុមការងារអង្គភាពសារព័ត៌មាន ASEAN DAILY បានចុះផ្តិតរូបភាពផ្ទាល់ និងធ្វើការសម្ភាសន៍ជាមួយប្រជាពលរដ្ឋនៅភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរកឃើញថា៖ ការសាងសង់សំណង់រឹងធ្វើជារបងរបស់ម្ចាស់បុរីចំការដូងចាស់ កំពុងរំលោភបំពានផ្ទាល់លើចំណីផ្លូវសាធារណៈ និងចំណីដីផ្លូវសាធារណៈយ៉ាងចំហ។
ផលប៉ះពាល់ជាក់ស្តែងដល់ប្រជាពលរដ្ឋ៖
ផ្អែកតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលអង្គភាពយើងបានសម្ភាសន៍ផ្ទាល់៖
* ការសាងសង់នេះបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជារៀងរាល់ថ្ងៃ ដោយសារការបិទបាំងគន្លងផ្លូវ និងកាត់បន្ថយទំហំផ្លូវសាធារណៈ។
* សកម្មភាពសាងសង់នេះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មូលដ្ឋានច្បាប់ពាក់ព័ន្ធ៖
សកម្មភាពសាងសង់រំលោភលើចំណីផ្លូវ និងចំណីដីផ្លូវសាធារណៈ គឺជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដោយផ្អែកលើមាត្រាគតិយុត្តដូចខាងក្រោម៖
* ច្បាប់ស្តីពីការគ្រប់គ្រងផ្លូវថ្នល់៖ មាត្រា ២១ និងមាត្រា ២២ បានចែងអំពីការហាមឃាត់ការធ្វើសកម្មភាពសាងសង់សំណង់ក្នុងតំបន់ចំណីផ្លូវសាធារណៈ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ។
* ច្បាប់ភូមិបាល (ឆ្នាំ ២០០១)៖ មាត្រា ១៥ បានបញ្ជាក់យ៉ាងច្បាស់ថា ដីចំណីផ្លូវ និងដីចំណីប្ដីផ្លូវសាធារណៈ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមិនអាចធ្វើជាកម្មសិទ្ធិឯកជន ឬរំលោភបំពានបានឡើយ។
* ច្បាប់ស្តីពីសំណង់ (ឆ្នាំ ២០១៩)៖ មាត្រា ២៦ និងមាត្រា ៣៨ បានចែងអំពីការដាក់ទណ្ឌកម្មលើការសាងសង់សំណង់ដោយគ្មានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
សំណើសុំការអន្តរាគមន៍បន្ទាន់របស់អង្គភាព ASEAN DAILY៖
ក្នុងនាមជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងតំណាងឱ្យសំឡេងប្រជាពលរដ្ឋ អង្គភាពយើងខ្ញុំសូមគោរពស្នើសុំការអន្តរាគមន៍ពីថ្នាក់ដឹកនាំ៖
* ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ សូមមេត្តាជួយពិនិត្យ និងបើកបង្ហាញអំពីភាពស្របច្បាប់នៃសំណង់ខាងលើ។
* ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៖ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យជាបន្ទាន់ ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋទាំងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការរំលោភបំពានដីសាធារណៈ។
* លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ៖ សូមមេត្តាចុះត្រួតពិនិត្យទីតាំងជាក់ស្តែង និងចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
អង្គភាពសារព័ត៌មាន ASEAN DAILY សូមបញ្ជាក់ថា ការចុះផ្សាយនេះគឺជាការរិះគន់ក្នុងន័យស្ថាបនា ដើម្បីរួមចំណែកថែរក្សាសម្បត្តិរដ្ឋ និងធានាការអនុវត្តច្បាប់ដោយស្មើភាព។ យើងខ្ញុំនឹងបន្តតាមដានករណីនេះយ៉ាងដិតដល់គ្រប់វគ្គបន្តបន្ទាប់ ដើម្បីទាមទាររកតម្លាភាព និងការទទួលខុសត្រូវជូនសង្គមជាតិទាំងមូល។
សូមអរគុណ!

ព័ត៌មានដែលជាប់ទាក់ទង