សំណូមពរដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធ៖ សូមមេត្តាពិនិត្យលើបច្ចេកទេសសុវត្ថិភាពសំណង់ នៅតាមបណ្តោយផ្លូវ ៥០ ម៉ែត្រ
ភ្នំពេញ៖ ក្នុងនាមជាអង្គភាពព័ត៌មានដែលយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសាធារណៈ អង្គភាព “អាស៊ានដេលី (ASEAN DAILY)” សូមធ្វើការផ្សាយនូវព័ត៌មានជុំវិញការសាងសង់សំណង់មួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៥០ ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។
ដោយសារសំណង់នេះមានលក្ខណៈសាងសង់សម្យ៉ាប ឬផ្នែកខ្លះនៃអាគារកៀកនឹងបង្គោលភ្លើង និងបណ្តាញខ្សែភ្លើងមេ យើងខ្ញុំសូមលើកឡើងពីក្តីបារម្ភយ៉ាងខ្លាំងចំពោះហានិភ័យសុវត្ថិភាព ដែលអាចកើតមានចំពោះបងប្អូនកម្មករជាងដែលកំពុងសាងសង់ សាធារណជនដែលធ្វើដំណើរឆ្លងកាត់ ឬបងប្អូនប្រជាពលរដ្ឋដែលនឹងជួលទីតាំងនេះសម្រាប់ប្រកបអាជីវកម្មនាពេលអនាគត។
ភាពព្រួយបារម្ភនេះ កើតចេញពីបទពិសោធន៍ជាក់ស្តែងដែលធ្លាប់បានកើតឡើងកាលពីថ្ងៃនេះ ដោយមានករណីគ្រោះថ្នាក់នៃការឆក់ចរន្តអគ្គិសនីបណ្តាលឱ្យកម្មករធ្លាក់ពីទីខ្ពស់ ក្នុងហេតុការណ៍សាងសង់សំណង់ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានេះ។ ហេតុដូច្នេះហើយ អង្គភាពយើងខ្ញុំសូមសំណូមពរដោយក្តីគោរពទៅកាន់៖
១. អាជ្ញាធរខណ្ឌដង្កោ៖ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងផ្តល់ការណែនាំផ្នែកបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាការសាងសង់នេះមានសុវត្ថិភាពស្របតាមបទដ្ឋានច្បាប់។
២. ម្ចាស់ទីតាំង៖ យើងខ្ញុំសូមសំណូមពរឱ្យមានការពិនិត្យលើកត្តាសុវត្ថិភាពជាចម្បង ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ។
ក្នុងនាមជាអង្គភាពព័ត៌មាន យើងខ្ញុំសូមបញ្ជាក់ថា នេះមិនមែនជាការចោទប្រកាន់ ឬការញុះញង់ណាមួយឡើយ គឺជារួមចំណែកក្នុងគោលបំណងការពារសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ទន្ទឹមនឹងនេះ អង្គភាពអាស៊ានដេលី នៅតែរក្សាជំហររង់ចាំការបកស្រាយបំភ្លឺពីសំណាក់ម្ចាស់ទីតាំងជានិច្ច គ្រប់ពេលវេលា និងម៉ោងធ្វើការ ដើម្បីផ្តល់ព័ត៌មានដែលមានតុល្យភាពជូនសាធារណជន។
ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦
#សុវត្ថិភាពសាធារណៈ #ខណ្ឌដង្កោ #ផ្លូវ៥០ម៉ែត្រ #អាស៊ានដេលី

